អ្នកជំងឺ​ត្រូវ​ស្តាប់​ដំបូន្មាន​គ្រូពេទ្យ​និង​ធ្វើ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​

409
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហម​ខេត្តកំពត​បាន​ក្រើនរំលឹក​ដល់​គ្រប់​អ្នកជំងឺ​ទាំងអស់​ត្រូវ​ស្តាប់​រាល់​ដំបូន្មាន​របស់​ក្រុមគ្រូពេទ្យ​ហើយ​បង្កើន​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​បានល្អ​ប្រពៃ​។​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​លោកស្រី​លាង​ហៃ​ជាវ​តា​យ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ជាធម្មតា​មនុស្ស​គ្រប់រូប​មិនមាន​នរណាម្នាក់​អាច​គេច​ផុតពី​ជំងឺ​បៀតបៀន​បានទេ​។​គ្រាន់តែ​ជំងឺ​ទាំងនោះ​កើតឡើង​ពី​ប្រភព​ផ្សេងៗ និង​តាម​ទង្វើ​ជា​ប្រយោល ឬ​ដោយផ្ទាល់​របស់​អ្នកទទួល​។

​សម្រាប់​បងប្អូន​ដែលមាន​វត្តមាន​នៅទីនេះ​ពិតមែន​ថា​ភាគច្រើន​ជា​អ្នក​កំពុង​រួមរស់​ជាមួយ​មេរោគ​អេដស៍​ប៉ុន្តែ​សុខភាព​មាំ​មូ​ន​ជាធម្មតា​។​ទិដ្ឋភាព​បែបនេះ​បញ្ជាក់​ឱ្យឃើញថា​បងប្អូន​ថែទាំ​ខ្លួន​បានល្អ​ទោះជា​ចូលដល់​វ័យ​ចំណាស់​រៀងៗ​ខ្លួន​ទៅហើយ​ក្តី​។​លោកស្រី​អនុប្រធាន​បាន​ក្រើនរំលឹក​ផងដែរ​ថា​ដើម្បីឱ្យ​កម្លាំងកាយ​និង​សុខភាព​កាន់តែ​ល្អ​ប្រពៃ​សូម​បងប្អូន​បន្ត​ស្តាប់​រាល់​ដំបូន្មាន​របស់​ក្រុមគ្រូពេទ្យ​ទាំង​ការប្រើប្រាស់​ឱសថ​ទាំង​ការហូបចុក​ក៏ដូចជា​របៀបរបប​នៃ​ការរស់នៅ​ជាដើម​។​

​ម្យ៉ាងទៀត​បើ​បញ្ហា​មិន​ប្រក្រតី​ឬ​ភាពខ្វះខាត​សម្រាប់​ករណី​ចាំបាច់​ណាមួយ​កើតឡើង​សូម​ប្រញាប់ប្រញាល់​មក​សួរនាំ​ក្រុមគ្រូពេទ្យ​ឬក៏​ទំនាក់​ទំ​ង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​មាន​ដំណោះស្រាយ​សមស្រប​។​លោកស្រី​លាង​ហៃ​ជាវ​តា​យ​បាន​បញ្ជាក់ថា​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ពិសេស​កាកបាទក្រហមកម្ពុជា​គឺ​មិន​បណ្តោយឱ្យ​បងប្អូន​ណា​ម្នាក់​រស់នៅក្នុង​ភាព​ឯកា​ឡើយ​។​

​និយាយ​រួមការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ត្រូវតែមាន​ភាពកក់ក្តៅ​ជានិច្ច​។​ភ្ជាប់​ជាមួយ​ពិធី​នេះដែរ​លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​ក៏បាន​បន្ត​ជួប​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​យ៉ាង​ស្និទ្ធស្នាល​បំផុត​។​ដោយ​បំណង​ឱ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​និង​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​រស់នៅក្នុង​ភាព​សុខដុម​។​

លោកស្រី​បាន​ផ្តាំផ្ញើ​ថា​បន្ថែម​ពីលើ​ការខិតខំ​ព្យាបាល​និង​ពាក្យ​ណែនាំ​របស់​ក្រុមគ្រូពេទ្យ​សូម​អាណាព្យាបាល​ឬ​សាច់ញាតិ​បន្ត​យកចិត្តទុកដាក់​ថែទាំ​អ្នកជំងឺ​ព្រមទាំង​បញ្ចៀស​ឱ្យបាន​នូវ​ការបរិភោគ​ម្ហូបចំណី​ខ្វះ​អនាម័យ​ក៏ដូចជា​សម្អាត​បរិស្ថាន​ជុំវិញខ្លួន​ជាប្រចាំ​៕S/​