ចំណេះដឹង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បញ្ជ្រាប​ទៅដល់​គោលដៅ​ខេត្តពោធិ៍សាត់​

303
ចែករម្លែក

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ ក៏ដូចជា​បទពិសោធន៍​សម្បូរបែប​ទាក់ទង​នឹង​ការវិនិយោគ​របស់ខ្លួន ដល់​សាធារណៈជន នៅក្នុង ខេត្ត​មួយ​នេះ ដែលជា​គោលដៅ​ទី​៥ នៃ​សិក្ខាសាលា តាម​បណ្ដា​ខេត្ត ឆ្នាំ​២០១៩​។​

ឯកឧត្ដម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បើក​សិក្ខាសាលា​នៅ ខេត្តពោធិ៍សាត់

​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ មាន​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?» ហើយ​ត្រូវបាន​សហការ​រៀបចំ ដោយ​គណៈកម្មការ មូល​ប​ត្រ​កម្ពុជា រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​ក្រុមហ៊ុន​សម​ភាគី​កណ្តាល ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​។​​លោក សាយ សុជាតិ អភិបាលរង​ខេត្តពោធិ៍សាត់ បានផ្ដល់​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​បើក​កម្មវិធី សិក្ខាសាលា​នៅ​ខេត្តពោធិ៍សាត់​នេះ​។ លោក​បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់លោក និង​បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។

​តាមរយៈ​សិក្ខាសាលា​នេះ លោក​សាយ សុជាតិ សង្ឃឹមថា សិក្ខាកាម នឹង​ទទួលបាន​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។ ​លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បានផ្ដល់​កិត្តិយស​ប្រកាស​បើក កម្មវិធី​សិក្ខាសាលា តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩​នៅ​ខេត្តពោធិ៍សាត់​នេះហើយ​បានបញ្ជាក់​ពី​ទិសដៅ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដោយសារតែ​វិស័យនេះ​អាចរួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​។ ​លោក​បាន​មានប្រសាសន៍ ថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់ សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សាការបង្កើត​ ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជាការ វិនិយោគ ការបង្កើត​ជម្រើស​ថ្មី នៃ​ការវិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការ បង្កើន​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ជាដើម​។​»

ឯកឧត្ដម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បើក​សិក្ខាសាលា​នៅ ខេត្តពោធិ៍សាត់

​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់ និង​ទទួលបាន​ចំណេះដឹង អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ការទប់ស្កាត់​និង​ការ កាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ​និង​យុទ្ធសាស្ត្រ​ល្អៗ​ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការ វិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក សំណាង​ក៏បាន​បង្ហាញ ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​បន្ត​រួម​អភិវឌ្ឍន៍​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​ល្អប្រសើរ ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ​។

ឯកឧត្ដម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បើក​សិក្ខាសាលា​នៅ ខេត្តពោធិ៍សាត់

​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​បាន​ចូលរួម​សិក្ខា សាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកំពង់ឆ្នាំង​រួចមកហើយ ហើយ​ក្រុមហ៊ុន នឹង​បន្តដំណើរ និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិយោគ ដល់​សាធារណៈជន នៅ​គ្រប់​ខេត្ត ក្រុង ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖ បូ​រិ​ន