មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់​នៅ​បង់​ក្លា​ដែស ដោយសារ​តែ​ផ្ទុះ​ការតវ៉ា​ដោយ​សារព័ត៌មាន​ញុះញង់​ក្លែងក្លាយ​

374
ចែករម្លែក

​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស លោកស្រី សេក ហា​ស៊ីណា កាលពី​ថ្ងៃអាទិត្យ​ទី​២០​តុលា​បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​បន្ទាប់ពី​មនុស្ស​យ៉ាងតិច​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​​នៅពេល​ដែល​ប៉ូលិស​បាន​បាញ់​ទៅលើ​ក្រុម​ជន​អ៊ីស្លាម​បង់​ក្លា​ដែស​រាប់​ពាន់​នាក់​ដែល​តវ៉ា​ចំពោះ​សារ​តាម​ហ្វេ​សប៊ុក​ដែល​បាន​បរិហារកេរ្តិ៍ មេដឹកនាំ​សាសនា​ព្យាកា​រី ម៉ូ​ហា​ម៉េត​។​

​ការរិះគន់​ខ្លាំង​ចំពោះ​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ការប្រមាថ​មើលងាយ​សាសនា​នេះ បាន​កើតឡើង​ស្រប​ពេល​កំពុង​មាន​បញ្ហា​សន្តិសុខ​​នៅ​ប្រទេស​បង់​ក្លា​ដែស​ដែល​មាន​ប្រជាជន​អ៊ីស្លាម​ប្រហែល ៩០ ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​១៦៨ លាន​នាក់​របស់​ប្រទេស​នេះ​។​

​ក្រុម​ជន​អ៊ីស្លាម​ប្រមាណ​ជា ២០.០០០ នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​ទី​សក្ការបូជា​មួយ​នៅ​ទីក្រុង​ប័រហានូ​ត​ឌីន ដើម្បី​អំពាវនាវ​ឱ្យមាន​ការប្រហារជីវិត​យុវជន​ហិណ្ឌូ​ម្នាក់​ដែល​​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យមាន​ភាព​តានតឹង​ខាង​សាសនា​តាមរយៈ​ការ​បង្ហោះ​សារ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​

​ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​បាញ់​ដើម្បី​ការពារ​ខ្លួន​បន្ទាប់ពី​មនុស្ស​មួយចំនួន​បាន​គប់​ដុំ​ថ្ម​ចេញពី​ហ្វូង​អ្នក​តវ៉ា​ទៅ​លើ​ក្រុម​មន្ត្រីប៉ូលិស​។​

​អធិការ​ប៉ូលិស បាន​ប្រាប់​សារព័ត៌មាន AFP ថា ” យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​៤​នាក់ បាន​ស្លាប់​និង​មនុស្ស​ចំនួន​៥០ នាក់​បាន​រងរបួស​”​។​ប៉ូលិស​និង​កង​ឆ្មាំ​ព្រំដែន​ត្រូវ​​បាន​បញ្ជូន​ទៅ​កោះ​នោះ​តាម​ឧទ្ធម្ភាគចក្រ​ហើយ​ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​នៅ​ទីនោះ​។​

​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​រំពឹង​នឹង​កើនឡើង ដោយសារ​អ្នក​របួស​៧​នាក់​ក្នុងចំណោម​អ្នករបួស​ទាំងនេះ​កំពុង​រង​របួស​ធ្ងន់ធ្ង​រ​។​

​លោកស្រី សេក ហា​ស៊ីណា បាន​និយាយ​ថា​គណនី​ហ្វេ​សប៊ុក​របស់​បុរស ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាព​តានតឹង​ខាង​សាសនា​នោះ ត្រូវបាន​ហែក​យក​​ទៅ​គ្រប់គ្រង​ដោយ​ជន​អ៊ីស្លាម​ម្នាក់​ហើយ​បាន​ប្រើ​គណនី​ហ្វេ​សប៊ុក​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពាក្យ​កុហក​ទាំងនោះ ។​

​លោកស្រី​បាន​ស្នើ​ឱ្យ​ប្រជាជន​មាន​ការអត់ធ្មត់ ហើយ​ជំរុញ​ក្រុម​អាជ្ញាធរ​តាម​រក​ចាប់​អ្នក​ប្រព្រឹត្ត​នេះ​និង​ចាត់វិធានការ​តាមច្បាប់​៕​ដោយ​៖​សុខា​/sn

ក្រុមបាតុករ​ច្រើន​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវ​បាន​បាញ់​មក​លើ​ដោយ​ប៉ូលិស ដែល​បណ្តាលឱ្យ​ស្លាប់​៤​នាក់​និង​រាប់សិប​នាក់​រងរបួស​