ក្រុមហ៊ុន Nissan បង្ហាញ​រថយន្ត​អគ្គិសនី​អនាគត Ariya នៅ​ទីក្រុង​តូ​ក្យូ​

763
ចែករម្លែក

​ក្រុមហ៊ុន Nissan បានបង្ហាញ​នូវ​ប្រភេទ​រថយន្ត​គ្រួសារ​ថ្មី​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដ៏​ខ្លាំងក្លា​ម៉ាក Ariya ដែល​សន្យាថា​នឹងមាន​កម្រិត​បើកបរ​ដូចជា​រថយន្ត​ស្ព័​រ​។​

​រថយន្ត​នេះ​គ្រោង​នឹង​មកដល់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ២០២១ ក្នុងនាម​ជា​គូប្រជែង​នឹង​រថយន្ត​ឈ្នះ​ជ័យលាភី I-Pace របស់​ក្រុមហ៊ុន Jaguar និង រថយន្ត Model-X របស់​ក្រុមហ៊ុន Tesla ជាមួយនឹង​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត​ខ្ពស់​។​

​ដោយ​រំពឹង​មានតម្លៃ​ប្រហែល ៤០.០០០ ផោន (៥១.៦៦៨ ដុល្លារ​) រថយន្ត Ariya ក៏​បង្ហាញ​ពី​ទិសដៅ​នៃ​ការ​រចនា​ម៉ូត​នាពេល​អនាគត​របស់​ក្រុមហ៊ុន​យក្ស​ជប៉ុន​និង​ម៉ូ​ដែល​អនាគត​ផ្សេងទៀត​ផងដែរ​។​

​ដោយ​មិនចាំបាច់​ប្រើ​ម៉ាស៊ីន​សាំង​ឬ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ធម្មតា​ដែល​ស៊ី​កន្លែង​ផ្ទុក​ច្រើន និង​ជាមួយ​អាគុយ​ដាក់​នៅ​បាត​ឡាន រថយន្ត Ariya ទ្វារ ៥ ដ៏​ធំ​ទូលាយ​នេះ​នឹង​ក្លាយជា​បងធំ​ធៀប​ទៅនឹង​រថយន្ត​អគ្គិសនី Nissan Leaf ដែលមាន​ស្រាប់​ដទៃទៀត ជាមួយនឹង​ផ្ទៃ​ខាងក្នុង​មាន​កន្លែង​អង្គុយ​ធំ​ទូលាយ​។​

​ជាមួយនឹង​ការ​រចនា​ម៉ូត​ដំបូល​ទាប ប្រធាន​រចនា​ម៉ូត​របស់​ក្រុមហ៊ុន Nissan និយាយថា គោលបំណង​គឺ​ដើម្បី​ធ្វើឱ្យ​រថយន្ត​មាន “​ភាព​រលោង​និង​សិច​ស៊ី​”​។​

​បំពាក់​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ភ្លោះ ដែល​អនុញ្ញាតឱ្យ​បើកបរ​កង់​ទាំង​បួន​បាន ក្រុមហ៊ុន Nissan និយាយថា រថយន្ត Ariya សន្យា​នូវ​បទពិសោធន៍​បើកបរ​ដូចជា​រថយន្ត​ស្ព័​រ ជាមួយ​ការរំពឹងទុក​ថា​វា​នឹង​ស្ទុះ​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល​ត្រឹម ៥ វិនាទី ជាមួយនឹង​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង អាច​បើក​បរបាន​ចម្ងាយ ៤៨២ គីឡូម៉ែត្រ​រាល់​ការ​សាក​ភ្លើង​ពេញ​៕ ដោយ៖​កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម