​មិនឱ្យ​នៅក្រៅ​ឃុំ​ទេ​អតីត​ស្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ដែល​ឆបោក​គេ​រាប់សែន​ដុល្លារ​

312
ចែករម្លែក

ដោយៈ​ភ្នំ​ខៀវ​/​ប៉ៃលិនៈ​សវនាការ​ជំនុំ​ជម្រះ​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​លើ​សំណុំរឿង​អតីត​ស្ត្រី​មន្ត្រី​សុរិយោដី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃលិន​ដែល​ឆ​បោកប្រាក់គេ​ក្នុង​ខ្ទង់​រាប់សែន​ដុល្លារ​តុលាការ​សម្រេច​មិនឱ្យ​នៅក្រៅ​ឃុំ​ឡើយ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​ថា​ កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​នេះ ​អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​សាកសួរ​លើ​សំណុំរឿង​ស្ត្រី​ឈ្មោះ រឿន​ចរិយា​ អាយុ​៣២​ឆ្នាំ​ ដែល​បាន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​អស់​រាប់សែន​ដុល្លារ​កាលពី​ថ្មីៗ​នេះ​ត្រូវ​បានសម្រេច​មិនឱ្យ​មានការ​ដោះលែង​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រៅ​ឃុំ​ឡើយ ។​

ការសម្រេច​នេះ​ធ្វើឱ្យ​សាច់ញាតិ​និង​មេធាវី​ការពារ​ក្តី​ឱ្យ​ស្ត្រី​បោកប្រាស់​និង​ធ្លាប់​វ៉ៃ​គេ​វ៉ៃ​ឯង​ក្នុង​ពន្ធនាគារ​ឯ​ខេត្ត​ប៉ៃលិន​កន្លងមក​ខកចិត្ត​។​ប៉ុន្តែ​ភាគី​ម្ចាស់​លុយ​ឬ​ម្ចាស់បំណុល​ដែលមាន​តំណាង​៥​នាក់​ឯណោះ​វិញ​បាន​ពេញ​ចិត្តនឹង​ការសម្រេច​នេះ ហើយ​ថា​សូមឱ្យ​តុលាការ​គ្រប់​ថ្នាក់​រក្សា​ភាពយុត្តិធម៌​បែបនេះ​បន្តទៀត​។​គឺ​ត្រូវ​កាត់ទោស​ដាក់ពន្ធនាគា​រ​ឱ្យ​សម​នឹង​អំពើ​ប្រព្រឹត្ត​និង​បង្ខំ​ឱ្យ​សង​សំណង​ដល់​ជនរងគ្រោះ​ផង ។​

​សូម​រំលឹកថា ​ស្ត្រី​ឈ្មោះ​រឿន​ចរិយា​ អតីតមន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​ប​នីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃលិន​រូបនេះ​មិន​ត្រឹមតែ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​រឿង​បោកប្រាស់​លុយ​គេ​រាប់សែន​ដុល្លារ​ជាមួយ​តំណាង​ដើមបណ្តឹង​៥​នាក់​ប៉ុណ្ណោះ​ទេ​។​ថែមទាំង​មាន​បទល្មើស​ថ្មី​ដោយបាន​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ទណ្ឌិត​ដូចគ្នា​ឱ្យ​របួស​ចំនួន​៣​នាក់​នៅក្នុង​ពន្ធនាគារ​ថែមទៀត ។

​យោង​សមត្ថកិច្ច​ឱ្យដឹងថា ​ស្ត្រី​ឈ្មោះ​រឿន​ចរិយា​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩ ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគា​រ ខេត្ត​ប៉ៃលិន​។​បន្ទាប់មក​សំណុំ​រឿងនេះ​ត្រូវ​ផ្ទេរ​ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ​។​ស្ត្រី​រូបនេះ​ក៏ត្រូវ​បញ្ជូន​ឱ្យទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគា​រខេត្តកំពង់ស្ពឺ​ដែរ​។​តាម​ដំណឹង​យោង​ការស្នើសុំ​និង​សម្របសម្រួល​ពី​ក្រុមគ្រួសារ​ជា​ថ្នូរថា​បានស្នើ​ផ្ទេរ​សំណុំរឿង​ស្ត្រី​ជើង​ខ្លាំង​រូបនេះ មក​នៅ​ខេត្តបាត់ដំបង​វិញ ៕S/Ha

រូប​ថ​តៈ​ឈ្មោះ​រឿន​ចរិយា​អាយុ​៣២​ឆ្នាំ​អតីត​ស្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ដែល​ឆបោក​គេ​រាបសែន​ដុល្លា​សរ​អា សាលាឧទ្ធរណ៍​មិនអោយ​នៅក្រៅ​ឃុំ​ទេ​(​រូបៈ ភ្នំ​ខៀវ​)​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ