Thai Airways មិន​បិទ​ឬ​លុបចោល​ការហោះហើរ​ទៅកាន់​ទីតាំង​អាស៊ី​៤ រួម​ទាំង​កម្ពុជា​

600
ចែករម្លែក

​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ចំណាស់​របស់​ថៃ​គឺ​Thai Airways International Plc (THAI) លោក​ស៊ូម៉េត ដាំ​រ៉ុង​ឆៃ​ថា​ម កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា បាន​ច្រានចោល​ព័ត៌មាន​​ដែលថា ក្រុមហ៊ុន​ដែល​កំពុង​ខាត​ងើបមុខ​លែង​រួច​នេះ អាច​ត្រូវ​បង្ខំ​បិទ​ចោល​។​

​លោក​ថា ក្រុមហ៊ុន​អាកាសចរណ៍​Thai Airways International Plc មិន​ប្រឈម​ការបិទ ហើយ​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​អំពី​ស្ថានការណ៍​របស់​ក្រុមហ៊ុន ជា​ការបកស្រាយ​ខុស​។​

​លោក​បាន​ឆ្លើយតប​នឹង​របាយការណ៍​សារព័ត៌​អំពី​ហានិភ័យ​នៃ​បិទ​ក្រុមហ៊ុន​ក្នុងអំឡុង​លោក​និយាយ​ទៅកាន់​បុគ្គលិក​ជាន់ខ្ពស់ៗ​របស់​THAI​។​លោក​ថា​ការនិយាយ​នោះ​គ្រាន់​​តែ​ជា​ការជំរុញ​ទឹកចិត្ត​អោយ​បុគ្គលិក​ខំធ្វើការ ដើម្បី​ធានា​ជោគជ័យ​ចំពោះ​ផែនការ​ស្តារ​ក្រុមហ៊ុន​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។​

​ក្នុង​វគ្គ​បណ្តុះ​បណ្តា​បុគ្គលិក​មួយ​កាលពី​ថ្ងៃ​អង្គារ​លោក​ស៊ូម៉េត ដាំ​រ៉ុង​ឆៃ​ថា​ម​បាន​និយាយថា បុគ្គលិក​ត្រូវតែ​សហការ​ជាមួយ​ការងារ​ស្តារ​ក្រុមហ៊ុន​ឡើងវិញ​ពីព្រោះ​ក្រុមហ៊ុន​ស្ថិតក្នុង​​វិបត្តិ​និង​អាច​បិទទ្វារ​។​«​ថ្ងៃនេះ​ខ្ញុំ​ចង់​អោយ​បុគ្គលិក​រួម​គ្នា​ជម្នះ​ឧបសគ្គ បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​ត្រូវ​បិទ​។​នៅ​មាន​ពេល​ត្រូវ​ដោះស្រាយ តែ​មិន​សល់​ច្រើន​ទេ​»​។​

​លោក​ថា THAI​បាន​បាត់បង់​ភាពជា​អ្នកដឹកនាំ​ទីផ្សារ​អាកាសចរណ៍​ថៃ​ដោយ​សារ​មាន​អ្នកប្រកួតប្រជែង​ច្រើន​ពោល​ក្រុមហ៊ុន​THAI​ប្រកួតប្រជែង​មិន​ឈ្នះ​ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​យក​តំលៃ​ថោកៗ​។​

​កាលពី​ថ្ងៃ​២២​តុលា លោក​ស៊ូម៉េត ដាំ​រ៉ុង​ឆៃ​ថា​ម​ក៏បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​THAI​នឹង​បញ្ឈប់​ការហោះហើរ​ទៅកាន់​គោលដៅ​អាស៊ី​ចំនួន​៤ គឺ​ឡាវ កម្ពុជា ​វៀតណាម​និង​មី​យ៉ាន់​ម៉ា​។​លោក​ថា នៅ​ពេល​ក្រុមហ៊ុន​កំពុង​ត្រៀម​យុទ្ធសាស្ត្រ​របស់​ខ្លួន ការវិភាគ​ទូទៅ​ត្រូវតែ​ធ្វើ​ឡើង​ពាក់ព័ន្ធ​ផ្លូវ​ហោះ​ទាំងអស់​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ទីផ្សារ ​តែ​បច្ចុប្បន្ន ក្រុមហ៊ុន​មិនបាន​ធ្វើ​ការផ្លាស់ប្តូ​រណា​មួយ​ពាក់ព័ន្ធ​ផ្លូវ​ហោះ និង​ក៏​មិន​មាន​ផែនការ​បញ្ឈប់​ជើងហោះហើរ​ណាមួយ​ដែរ​។​

​សូមបញ្ជាក់​ថា នៅ​ឆមាស​ដើមឆ្នាំ​នេះ ក្រុមហ៊ុន​THAI​បាន​ខាតបង់​៦,៤៤​ពាន់​លាន​បាត​(២១២,៨​លាន​ដុល្លារ​) ដោយ​ធ្វើអោយ​ការខាតបង់​សរុប​របស់​ក្រុមហ៊ុន​ឡើងដល់​២៨០​ពាន់​លាន​បាត​(៩២៤៧​លាន​ដុល្លារ​)​។​

​ក្រុមហ៊ុន​ជួល​បុគ្គលិក​កម្មករ​សរុប​ជាង​២០.០០០​នាក់​៕​ដោយ​៖​វាសនា​