បារ​ចម្លែក ទាល់តែ​មក​ម្នាក់ឯង​ទើប​អាច​ចូល​បាន ហើយ​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​តែ ១៧ នាក់​ប៉ុណ្ណោះ​

737
ចែករម្លែក

​បារ​ក្នុង​ទីក្រុង​តូ​ក្យូ​មួយ​នេះ​មាន​គោលការណ៍​អនុញ្ញាត​ចូល​ដ៏​ចម្លែក ពោលគឺ អ្នក​នឹងត្រូវ​អនុញ្ញាត​ឱ្យចូល ប្រសិនបើ​អ្នក​មក​តែម្នាក់ឯង​។​

​ប៉ុន្តែ​គោលការណ៍​នេះ​ហាក់ដូចជា​មិន​ធ្វើឱ្យ​បរិយាកាស​អាប់អួរ​ទេ ជាមួយ​អ្នកយកព័ត៌មាន​ព័ត៌មាន​ក្នុងស្រុក​ម្នាក់​ដែល​បាន​មកលេង​ទីនេះ​ថ្មីៗ​នេះ​បាន​រកឃើញថា វា​ជា​កន្លែង​ល្អ​អស្ចារ្យ​សម្រាប់​បង្កើត​មិត្តភក្តិ​ថ្មី​។​

​បារ Hitori មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ស៊ីន​ជូ​គូ​នៃ​ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន ដែល​ល្បី​ខាង​ជីវិត​ពេល​រាត្រី​ដ៏​រស់​រវើក​។​

​អ្នក​ដែល​ចង់​ផឹកស្រា​នៅ​បារ​នេះ​ត្រូវបាន​ស្វាគមន៍​នៅ​មាត់ទ្វារ ជាមួយ​សញ្ញា​មួយ​សរសេរ​ប្រាប់​ពួកគេ​ថា បារ​នេះ “​អនុញ្ញាត​ឱ្យចូល​សម្រាប់​មនុស្ស​ដែល​មក​តែម្នាក់ឯង​ប៉ុណ្ណោះ​”​។​

​គំនិត​គឺថា​ការ​មក​តែម្នាក់ឯង​អាចធ្វើឱ្យ​អតិថិជន​មាន​ទំនោរ​ក្នុងការ​សន្ទនា​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ​។​

​ភេសជ្ជៈ​ទាំងអស់​នៅក្នុង​បារ​មានតម្លៃ​ចាប់ពី ១០០០ យ៉េន (៩ ដុល្លារ​) ហើយ​បារ​បើក​រាល់​យប់​ចាប់ពី​ម៉ោង ៧ យប់​។ បារ​នេះ​មាន​កន្លែង​អង្គុយ​សម្រាប់​អតិថិជន​តែ ១៧ នាក់​ប៉ុណ្ណោះ​ក្នុងពេល​តែមួយ​។​

​អ្នកយកព័ត៌មាន​ឈ្មោះ ម៉ា​រី​កូ ដែល​ធ្វើ​ការឱ្យ​វេ​ប​សាយ Sora News 24 បានធ្វើ​ដំណើរ​ទៅកាន់​បារ​នាពេល​ថ្មីៗ​នេះ ហើយ​គិតថា វា​នឹង “​អាប់អួរ​និង​ស្ងាត់​ខ្លាំង​”​។ ប៉ុន្តែ​នៅពេល​នាង​ចូលដល់​ក្នុង នាង​និយាយថា អ្នក​ចាក់​ស្រា​អញ្ជើញ​នាង​អង្គុយ​នៅ​កៅអី​មួយ ហើយ​មិនយូរប៉ុន្មាន​នាង​បាន​និយាយ​ទៅរក​អតិថិជន​ផ្សេងទៀត​អំពី​ការយល់ឃើញ​របស់​ពួកគេ​អំពី​បារ​នេះ​។

​អតិថិជន​ភាគច្រើន​នៅ​រាត្រី​នោះបាន​ប្រាប់​នាង​ថា ពួកគេ​ចូលចិត្ត​បារ​នេះ​ព្រោះ​ការរៀបចំ​បាន​ជំរុញ​ពួកគេ​ឱ្យ​ជជែក​ជាមួយ​អ្នកផ្សេង​។ ពាក្យ​មួយ​មាត់​ខ្លី​ចុងក្រោយ​របស់​អ្នកកាសែត​ម៉ា​រី​កូ គឺ វា​ជា​កន្លែង “​រាក់ទាក់​និង​សប្បាយ​ណាស់​”៕ ដោយ៖ កញ្ញាដាលីស