កន្លែង​ចត​រថយន្ត​មួយ​នៅ​ក្រុង​ហុងកុង​លក់​ក្នុងតម្លៃ​១​លាន​ដុល្លារ​

663
ចែករម្លែក

​ប្រសិនបើ​នរណា​ម្នាក់​ត្រូវការ​ភស្តុតាង​បន្ថែម​អំពី​តម្លៃ​អចលនទ្រព្យ​ខ្ពស់​នៅ​ក្រុង​ហុងកុង​នោះ ពួកគេ​បាន​រកឃើញ​វា​នៅ​សប្តាហ៍​នេះ​ជាមួយនឹង​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា​​កន្លែង​ចត​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​លក់​ក្នុងតម្លៃ​៧,៦​លាន​ដុល្លារ​ហុងកុង (​ជិត​១​លាន​ដុល្លារ​អាមេរិក​) ។​

​តម្លៃ​នៃ​ការលក់​កន្លែង​ចត​រថយន្ត​នេះ​គឺ​ថ្លៃ​បំផុត​នៅ​ទីក្រុង​នេះ​និង​ប្រហែលជា​ថ្លៃ​ជាង​នៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​ពិភពលោក​។​

​អ្នកលក់​គឺ លោកចននី ជឿ​ង ស៊ុន យី​( Johnny Cheung Shun Yee )​ជា​ពាណិជ្ជករ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើន​បំផុត​។​លោក​រក​ប្រាក់ចំណូល​បាន​ប្រហែល​៩០០ លាន​ដុល្លារ​ហុងកុង​កាលពី​ឆ្នាំ​មុន​ក្នុង​រយៈពេល​ប្រហែល​៩ ខែ​តាមរយៈ​ទិញ​លក់​អាគារ​ការិយាល័យ​។​

​កន្លែង​ចំណតរថយន្ត​នេះ ស្ថិត​នៅ​កន្លែង​នៃ​អគារ​ការិយាល័យ នៅ​ចំ​កណ្តាល​ទីក្រុង​នេះ​ដែល​អាគារ​ការិយាល័យ​ខ្ពស់ៗ គឺ​ថ្លៃ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។​

​មិន​ថា​អាគារ​ឬ​កន្លែង​ចត​យានយន្ត​ទេ នៅ​ហុងកុង​អចលនទ្រព្យ​ទាំងនេះ​សុទ្ធ​តែ​ថ្លៃ​បំផុត​ក្នុង​លោក​ដោយ​ថ្លៃ​មួយ​កន្លែង​អាច​យក​ទៅ​ទិញ​នៅ​ទីក្រុង​នៃ​ប្រទេស​ផ្សេង​បាន​​បួនដប់ ទោះជា​យ៉ាងណា​ចំពោះ​ពួក​មហាសេដ្ឋី​ជំនួញ​ហុងកុង ថ្លៃ​ប៉ុណ្ណឹងៗ​មិន​សំខាន់​ទេ បើ​ធៀប​នឹង​ផ្ទះ​ដែល​ពួកគេ​ស្នាក់នៅ​។​

​ថ្លៃ​កប់​ពពក​នេះ​ក៏​ឆ្លុះបញ្ចាំង​អំពី​គម្លាត​ទ្រព្យ​រវាង​កំពូល​អ្នកមាន​និង​ប្រជាជន​ហុងកុង​សាមញ្ញ ដែល​រស់​នៅក្នុង​អាគារ​ឬ​ក្នុង​បន្ទប់​ប្រជ្រៀត​គ្នា​ដោយសារតែ​មិន​អាច​រក​លុយ​ទិញ​​ផ្ទះ​នៅ​បាន​។​

​បញ្ហា​រស់នៅ និង​វិសមភាព​ចំណូល​ក៏​ត្រូវបាន​គេ​គិត​ថា​ជា​មូលហេតុ​មួយ​រុញ​អោយ​មាន​ការតវ៉ា​ប្រឆាំង​វាយបំផ្លាញ​និង​ប្រឆាំង​រដ្ឋាភិបាល​ពី​សំណាក់​អ្នក​ក្រុង​ហុងកុង​រាប់សែន​នាក់​​ដែល​គិត​មក​ទ​លើ​ពេល​នេះ​មាន​អាយុកាល​៥​ខែ​មក​ហើយ​៕​ប្រែ​សម្រួល​៖​សុខា​/វាសនា

អគារ​ពាណិជ្ជកម្ម​និង​សំណង់​ខ្ពស់កប់ពពក​នៅ​ក្រុង​ហុងកុង​មើល​គួរ​អោយ​គយគន់​និង​សរសើរ​តែ អ្នក​ហុងកុង​ជាច្រើន​មិន​សប្បាយចិត្ត​នឹង​វិសមភាព​ទ្រព្យធន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ