ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​នាំគ្នា​ភៀសខ្លួន​ចេញពី​តំបន់​ឧទ្ទាម​ស៊ី​រី បន្ទាប់ពី​មានការ​ទម្លាក់​គ្រាប់បែក​ពេញ​មួយខែ​

1287
ចែករម្លែក

​ជន​ស៊ីវិល​រាប់សិប​ពាន់​នាក់​បាននាំគ្នា​សម្រុក​ចេញពី​ភាគ​ខាងកើត​តំបន់ ហ្គោ​តា (Gouta) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ មីនា បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​អស់​រយៈពេល​មួយខែ​ពេញ បាន​នាំឱ្យ​របប​ស៊ី​រី​កាន់តែ​ខិតជិត​ទៅរក​ការក្តោបក្តាប់​ឡើងវិញ​លើ​ទីតាំង​រឹងមាំ​របស់​ពួក​ឧទ្ទាម នៅ​ខាងក្រៅ​ក្រុង​ដា​ម៉ាស់​មួយ​នេះ​។​

​ដោយ​ជំទាស់​រាល់​ការរំពឹងទុក​នានា និង​ការអំពាវនាវ​ឱ្យ​ចុះ​ចេញពី​តំណែង ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ ឥឡូវនេះ​កំពុងតែ​ពង្រឹង​អំណាច​របស់គាត់​ពេញដៃ ខណៈដែល​ជម្លោះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​៨​។​

​កងទ័ព​របស់លោក​អាសាដ​បាន​រុលទៅមុខ​យ៉ាង​ក្លៀវក្លា​នៅក្នុង​ការវាយប្រហារ​ដ៏​សាហាវ​ទៅលើ​តំបន់​ហ្គោ​តា ដែល​ពីមុន​ធ្លាប់ជា​ជំរំ​ធំ​របស់​បក្សប្រឆាំង​នៅ​ជាយ​រដ្ឋធានី​នេះ​។​

​អ្នកឃ្លាំមើល​សង្គ្រាម​ម្នាក់​បាន​និយាយថា កងកម្លាំង​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្រប់គ្រង​តំបន់​ហ្គោ​តា​បាន ៧០ ភាគរយ ដោយ​បែងចែក​ទឹកដី​នេះ​ទៅជា ៣ ចម្រៀក​តូចៗ​។​

​បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​និង​ជើងគោក​ដ៏​ខ្លាំងក្លា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​នោះ កងកម្លាំង​រដ្ឋាភិបាល​ឥឡូវ​បាន​កាន់កាប់​ទីក្រុង​ហាំ​មួ​រី​យ៉េ (Hammuriyeh) នៅ​ផ្នែក​ដាច់ស្រយាល​ភាគខាងត្បូង​នៃ​តំបន់​ហ្គោ​តា​។​

​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​និយាយថា​ពួក​ឧទ្ទាម​ក្រោយមក​បាន​បើក​ការវាយប្រហារ​តប​វិញ​ហើយ​បាន​ដណ្តើមយក​មកវិញ​នូវ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ ដោយ​សម្លាប់​ទាហាន​រដ្ឋាភិបាល ១៤ នាក់​។​

​ទោះយ៉ាងណា របប​នេះ​បាន​វាយ​ដណ្ដើម​ទីក្រុង​អាល់​រី​ហាន ក្នុងការ​វាយប្រហារ​មួយ​ដឹកនាំ​ដោយ​មន្ត្រី​និង​ទីប្រឹក្សា​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ