ក្រុមហ៊ុនជប៉ុនមួយមកមើលគុណភាពគ្រាប់ស្វាយចន្ទីខ្មែរ ចង់ដាក់​រោងចក្រកែច្នៃនាំចេញ

532
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី24ខែតុលានេះបានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សា​ពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា។

លោក Murayama Tsetuo បានប្រាប់លោករដ្ឋមន្ត្រីអំពីប្រវត្តិរបស់ក្រុមហ៊ុន​ដែលមានមុខជំនួញធំៗជាច្រើនទាំងក្នុងប្រទេសជប៉ុន និងនៅលើ​ពិភពលោកទាក់ទងអចលនទ្រព្យ និងវិស័យកសិកម្មផងដែរ។ កន្លងមកនេះ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនបានធ្វើការសិក្សា​ស្រាវជ្រាវ​អំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សា​គឺបាន​ធ្វើតេស្តសាកល្បងរសជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជា ដោយ​ប្រជាជនជប៉ុនបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិឆ្ងាញ់ជាងគ្រាប់​ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្រិ្វក។

ប៉ុន្តែ ជារួម គុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិត ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទ:ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមាន​ទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនាម័យគ្រាប់ស្វាយ​ចន្ទីកម្ពុជាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត។

ហេតុនេះ លោកនាយកក្រុមហ៊ុនបានធ្វើការស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសលោករដ្ឋមន្រ្តីមេត្តាជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាង​ណា​​ឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា​នាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏ចាប់អារម្មណ៍ផងដែរលើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នុងចម្ការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។

ជាការឆ្លើសតប លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា​ឲ្យមានការរីកចម្រើនតាមរយ: គម្រោងអភិវឌ្ឍលន៍ើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ជាងនេះទៅទៀត ហេដ្ឋារចនា​សម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនត្រូវបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ដែលជាសរសៃ​ឈាមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នដល់ជាង ៧% ហើយសមិទ្ធផលនេះមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងពីវិស័យឯកជនជប៉ុនបានឡើយ។

ក្រោយបានស្តាប់របាយការណ៍រួច លោករដ្ឋមន្រ្តីបានទទួលស្គាល់លទ្ធផលនៃការ សិក្សា ជាពិសេសគំនិតផ្តួចផ្តើមលើការវិនិយោគរោងចក្រកែច្នៃគ្រាប់​ស្វាយចន្ទីកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។

លោកបានចាត់ទុកថា គម្រោងនេះគឺស្របនឹងគោលនយោបាយរបស់ក្រសួង​ដែលបាននិងកំពុងខិតខំជំរុញផលិតភាពផលិតកម្មឲ្យមានលក្ខណ:ល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយ:វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មដោយអនុវត្តតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម” ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់​ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម។

លោកបានបន្តទៀតថា តាមរយ:បទពិសោធន៍ដែលក្រុមហ៊ុនមាន សង្ឃឹមថា​គម្រោងនេះនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធ​នឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យការវិនិយោគនេះសម្រេចទទួល​បាន​ជោគជ័យតាមការគ្រោង ទុក។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនគួរតែរៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រង​សហគមន៍ផលិត ហើយគួរអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករកម្ពុជា ក្រុមហ៊ុន និងជាពិសេស​សេដ្ឋកិច្ចជាតិ៕B/Ha