ឡៅ ចន្ទ្រា ជួប​ជើង​ខ្លាំងថៃ ហ្វា ស៊ួ​រ៉ា​ក់ យប់​ថ្ងៃអាទិត្យ​

810
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន​ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ី អាគ្នេយ៍ យប់​ថ្ងៃទី​២៧ តុលា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឡៅ ចន្ទ្រា ក្លិប​ទ័ព​ឆ័​ត្រ ​យោង​៩១១ បាន​ណាត់​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា ស៊ួ​រ៉ា​ក់ (Fa Suorak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។​

ឡៅ ចន្ទ្រា និង ហ្វា ស៊ួ​រ៉ា​ក់​

​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មិនតិច​នាក់​ទេ ដែល​បរាជ័យ ដោយសារ​អ្នក​ប្រដាល់​ថៃ រូបនេះ ។ អ្នក​ប្រដាល់​ថៃ រូបនេះ ត្រូវ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ ខ្សែក្រវាត់​មួយ នៅ​ស្រុក​ខ្មែរ តែដោយសារ​គេ​រវល់​នោះ ទើប​គេ​អវត្តមាន ពី​ព្រឹត្តិការណ៍​នេះ ។ ពេលនេះ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ ឡៅ ចន្ទ្រា ពិតជា​មិន​ងាយ ស្រួល​នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា រូបនេះ កំពុងតែ​ស្ថិតនៅ​លំដាប់​កំពូល ។ ការប្រកួត​របស់គេ ភាគច្រើន លើសលុប បានទទួល​ជ័យជំនះ​។​

​ចន្ទ្រា មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៩​ដង ឈ្នះ​១០៤​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ ការប្រកួត​ភាគច្រើន ចន្ទ្រា ផ្ដួល​គូប្រកួត បាន​មុន​ទឹក​ទី​៥ ។ ចំពោះ ហ្វា ស៊ួ​រ៉ា​ក់ វិញ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់ ទាត់​ចេញ​រហ័ស ឯ កែង និង​ជង្គង់​របស់គេ មិនអាច​មើលស្រាល​បានឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩១​ដង ឈ្នះ​៧៧​ដង និង​ចាញ់ ១៤ ដង ។ ហ្វា ស៊ួ​រ៉ា​ក់ អាច​តស៊ូ​ជាមួយ ឡៅ ចន្ទ្រា បាន​កម្រិតណា ?​។​

​ឌុ​ម កែវ​ដា និង កង ណា​ផា​

​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ កង ណា​ផា (Kang Napha) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។

ស្ថានភាព​លើស​ង្វៀន របស់ កែវ​ដា លិចអណ្ដែតៗ ព្រោះ​សព្វថ្ងៃនេះ ការប្រកួត​របស់គេ មិនសូវ​ជួប​សំណាងល្អ ភាគច្រើន​។ គេ​ហាក់ដូចជា​ហ្វឹកហាត់ មិនបាន​គ្រប់់គ្រាន់ ព្រោះ​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៣ កម្លាំង​របស់គេ ធ្លាក់ចុះ​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១១២​ដង ឈ្នះ​៩២​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​

​ចំពោះ កង ណា​ផា មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ​។ ការ​វ៉ៃ​ចេញ​របស់គេ រហ័ស និង​ការពារ​បានល្អ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៨​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​អ្នក​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ហុង សុវណ្ណ ចាន់​សុធី ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ឌី​ន ថៃ​ណា ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ ធន អៀង​ឡេង ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម