បញ្ជូន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន​៦​នាក់ ចូល​ប្លន់​ផ្ទះ​លក់​ប្រេង នៅ​ខណ្ឌ​ព្រែក​ព្នៅ មក​តុលាការ​

1392
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុមចោរ ៦​នាក់ ដែល​បានធ្វើ​សកម្មភាព ប្លន់​ប្រដាប់អាវុធ មាន​កាំភ្លើង AK ចំនួន​២​ដើម​នៅផ្ទះ​លក់​ប្រេង​នៅ ភូមិ​ត្រពាំង​ពោធិ៍ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ក្រុមចោរ ៦​នាក់​នេះ បាន​ត្រូវ​លោក​គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ម៉ោង ៨៖៣០​យប់ នៅ​ចំណុច ភូមិ​ត្រពាំង​ពោធិ៍ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បានកើត​ឡើង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បង្ក្រាបបាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​យប់​ដែល​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ អន្តរាគមន៍​ទាន់ពេលវេលា និង​ឃាត់ខ្លួន បាន​បក្ខពួក​ចោរប្លន់​ម្នាក់​នៅនឹងកន្លែង ដោយ​ជនសង្ស័យ​ម្នាក់​នោះ បាញ់ប្រហារ​មកលើ​សម​ត្ថ​កិច្ច​តែ​មិន​ផ្ទុះ ក៏ត្រូវ​សមត្ថកិច្ច​បាញ់​តបត​វិញ បណ្តាល​ឲ្យ​បាក់​ភ្លៅ​។​

​ការបង្ក្រាប​ក្រុមចោរប្លន់​នេះ​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​បាន បានធ្វើការ​ស្រាវជ្រាវ​យ៉ាង យកចិត្តទុកដាក់ រហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សេសសល់​៥​នាក់​ទៀត​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​២​នាក់ បង្ក្រាបបាន​ដោយមាន​ការសហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​។​សរុប​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​មាន​គ្នា​ទាំងអស់​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​គ្រប់​ចំនួន និង​ដកហូត​អាវុធ AK បាន​ទាំង​២​ដើម ហើយ​ក្នុងនោះ គឺមាន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់គុក ពីបទ​ប្លន់​ប្រដាប់អាវុធ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បានបង្ហាញ​ឈ្មោះ​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​បានរួម​មាន​៖១៖ ឈ្មោះ នុត ខេន ហៅ ស៊ុន ខេន អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ តាម​ចម្លើយសារភាព ធ្លាប់​ជាប់ពន្ធនាគារ នៅ​ខេត្តកណ្ដាល ក្នុង​ឆ្នាំ​២០០៧ រយៈពេល​០៧​ឆ្នាំ ពីបទ ប្លន់ (​ប្រដាប់អាវុធ AK) ដែល​ជនរងគ្រោះ​ជា ថៅកែ​ផ្សារ​ព្រែក​អញ្ចាញ ខេត្តកណ្ដាល បាត់បង់​សម្ភារៈ​លុយ និង​មាស​។ បក្ខពួក​ក្នុង​អំពើ​ប្លន់​នាពេលនោះ មាន​០៤​នាក់ ទី​១៖ ឈ្មោះ អួន ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​កាត់​ឡាវ , ទី​២៖ ឈ្មោះ ឌី ហៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ , ទី​៣៖ ឈ្មោះ គេ​ម ប្រុស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​៤៖ ឈ្មោះ នុត ខេន ។ ក្នុង​សកម្មភាព​ប្លន់​នោះ បាន​ប្រើប្រាស់​អាវុធ AK ចំនួន​០២​ដើម ហើយ​បាន​បាញ់​គម្រាម ជាច្រើន​គ្រាប់ ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ អ្នកណាម្នាក់​មាន​របួស​ឡើយ ហើយ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ តែ​ឈ្មោះ ដា , ឌី , និង​ប្រុស បាន​ចេញពី​គុក​មុន​។ លុះ​ឈ្មោះ នុត ខេន ចេញពី​គុក ធ្លាប់បាន​តាមរក​បក្ខ​ពួក​ទាំង​០៣​នាក់​ខាងលើ ដើម្បី​ទាមទារ​ចំណែក ដែល​ធ្លាប់​ប្លន់​បានដែរ តែ​រក​ពុំ​ឃើញ​។ ២៖ ឈ្មោះ ងិន អ៊ា​គ ហៅ សុខ អាយុ​៤៣​ឆ្នាំ​ស្រុកកំណើត ភូមិ​បឹង​រ៉ែ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ តាម​ចម្លើយសារភាព ធ្លាប់​ជាប់គុក​ក្នុង​ឆ្នាំ​២០០០ រយៈពេល ៨​ឆ្នាំកន្លះ ពីបទ​ប្លន់​ម៉ូតូ (​បាញ់​ជនរងគ្រោះ​ត្រូវរបួស​ធ្ងន់​), នៅ​ចំណុច​ក្លោងទ្វា​វត្ត តា​ព្រហ្ម​ខាងលិច ឃុំ​ចន្ទ្រា ក្រុង​បាវិត ខេត្តស្វាយរៀង​, ជាប់​នៅ​ពន្ធនាគា ខេត្តស្វាយរៀង ចេញ​វិញ​ឆ្នាំ​២០០៨​។ ៣៖ ឈ្មោះ ឈុត សុធី ហៅ ខ្មៅ​ចាស់ អាយុ​៥៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្រុកកំណើត ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។ ៤៖ ឈ្មោះ ទៀប សារ៉ាត់ ហៅ​ពេទ្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ពេទ្យ ស្រុកកំណើត ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន ខេត្តស្វាយរៀង​។ ៥៖ ឈ្មោះ ឈិន ណា​ង ហៅ​ខ្មៅ​ក្មេង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងសំណង់ ស្រុកកំណើត ភូមិ​គោគរ​វាង ស្រុក​មេសាង ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​គោគរ​ការ ខណ្ឌ​ព្រែក​ព្នៅ​។​
៦៖ ឈ្មោះ អ៊ុក ប៊ុ​ន្នី ហៅ ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ចំណង​ទៀក ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ក្រុមចោរប្លន់​ទាំងនេះ​ព្រម​សារភាពថា ក្រោយពេល ឈ្មោះ នុត ខេន ចេញពី​គុក បាន​តាមរក​បក្ខពួក​ចាស់​របស់ខ្លួន​ពុំ​ជួប រូបគេ​ក៏​ដើរ​ប្រមែប្រមូល​រក​បក្ខពួក​ថ្មី ដើម្បី​បន្ត​មុខរបរ​ចាស់ ព្រោះ​មុនពេល​ជាប់គុក​ឈ្មោះ ខេន បាន​កប់​ទុក​កាំភ្លើង AK ចំនួន​២​ដើម​។ រហូតមកដល់​ដើមឆ្នាំ​២០១៨ ឈ្មោះ នុត ខេន និង​ឈ្មោះ អ៊ុក ប៊ុ​ន្នី ជា​អ្នកផ្ទះ​ជាប់​គ្នា បាន​ស្គាល់​ជាមួយ​ឈ្មោះ ឈុត សុធី ហៅ ខ្មៅ​ចាស់ និង​ឈ្មោះ ឈិន ណា​ង ហៅ ខ្មៅ​ក្មេង ក៏​ចាប់​ផ្តើមនិយាយ​គ្នា​ពី​រឿង​ដើរ​ប្លន់ តែ​ដោយ​ខ្វះ​កម្លាំង ឈ្មោះ ឈុត សុធី (​ខ្មៅ​ចាស់​) បាន​នឹកឃើញ​ដល់​ឈ្មោះ ងិន អ៊ា​គ ហៅ សុខ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​រូបគេ​រស់នៅ​ទីនោះ​ក្នុង​ឆ្នាំ​២០១៦ ធ្លាប់​ស្គាល់​និង​ដឹងថា ឈ្មោះ ងិន អ៊ា​គ (​សុខ​) ធ្លាប់​ជាប់គុក​ពីបទ​ប្លន់​ម្តង​ហើយ ទើប​ទូរស័ព្ទ​ហៅ​ឲ្យ​មក​ភ្នំពេញ ដើម្បី​រកលុយ រីឯ​ឈ្មោះ នុត ខេន បាន​ហៅ​ឈ្មោះ ទៀប សារ៉ាត់ ដែល​ធ្លាប់​ស្គាល់គ្នា នៅឯ​ភូមិ​ក្នុង​ខេត្តស្វាយរៀង ឲ្យ​ឡើងមក​ភ្នំពេញ​ដែរ​។ ដំបូង​ឡើយ​ពួកគេ បាន​ដើរ​មើល​ភូមិសាស្ត្រ និង​រៀប​ផែនការ​ប្លន់​នៅ​ខេត្តកំពត តាកែវ ព្រៃវែង និង ស្វាយរៀង ដោយ​ឈ្មោះ ខេន បាន​យក​កាំភ្លើង​ទៅ​លាក់ទុក​នៅ​វាលស្រែ ចំណុច ប៉ា​ង្ក​សី ឃុំ​ទួល​អំពិល ខេត្តកំពង់ស្ពឺ ដើម្បី​ប្លន់​នៅ​ភូមិសាស្ត្រ​កំពត និង​តាកែវ​ជាមុន ទើប​បន្តទៅ​ខេត្តព្រៃវែង និង​ស្វាយរៀង​។​

​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ ឈិន ណា​ង (​ខ្មៅ​ក្មេង​) ទៅ​បង់​ត្រី​នៅក្រោយ​ផ្ទះ​លក់​ប្រេង​មួយ នៅ​ចំណុច ភូមិ​ត្រពាំង​ពោធិ៍ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ប្រទះឃើញ​ម្ចាស់ផ្ទះ​មាន​ពាក់​គ្រឿងអលង្ការ​ធំៗ ក៏​ហៅ​គ្នីគ្នា​មក​មើល ហើយ​សម្រេចចិត្ត​រៀប​ផែនការ ចូល​ប្លន់​ក្នុង​ដើមខែ​មីនា ដើម្បី​យកលុយ​ធ្វើ​សោហ៊ុយ បន្តទៅ​ដើរ​ប្លន់​តាម​ខេត្ត តែ​ដោយ​បានដឹង​ព័ត៌មាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះទៅ​សម្ពោធ​សមិទ្ធិផល​នានា ក្នុង​វត្ត​ឈូក​វ៉ា នា​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៨ ក៏​ធ្វើ​ឲ្យ​គម្រោងការ​ពួកគេ​ត្រូវ​អាកខាន​ម្តង ព្រោះ​មាន​សមត្ថកិច្ច​រឹតបន្តឹង​សន្តិសុខ​សុវត្ថិភាព​តឹងរឹង ហើយ​ពួកគេ​ក៏​ទៅ​មើល​ភូមិសាស្ត្រ នៅឯ​ខេត្តកំពត និង​តាកែវ​វិញ​។​

​ក្រោយពេល​កម្មវិធី​រប​ស់ស​ម្តេច​ត្រូវបាន​បញ្ចប់ ពួកគេ​ក៏​ត្រឡប់​មកពី​ខេត្តកំពត​វិញ ក្នុង​ថ្ងៃទី​៧ ខែមីនា និង​បាន​ចូល​យក​កាំភ្លើង ដែល​កប់​លាក់ទុក​នៅ​វាលស្រែ នៅ​ប៉ា​ង្ក​សី ខេត្តកំពង់ស្ពឺ ដើម្បី​មក​ប្លន់​ផ្ទះ​លក់​ប្រេង​ម្តងទៀត តែ​ពេលមកដល់​ផ្ទះ​លក់​ប្រេង​យប់​ពេក ម្ចាស់ផ្ទះ​ចាក់សោរ ពិបាក​ចូល​ប្លន់ ក៏​សម្រេចចិត្ត​ដេកចាំ​ក្រោយ​ផ្ទះមួយ​យប់ រហូតដល់​ព្រលប់​ថ្ងៃទី​០៨ ម៉ោង​ប្រហែង​ជាង​៨ ក៏​សម្រុកចូល​ប្លន់​តែម្តង តែ​មិន​នឹកស្មានថា កម្លាំង​កង​រាជ​អាវុធ​អាវុធហត្ថ​ទៅ​ទាន់ ធ្វើ​ឲ្យ​គម្រោងការ​ពួកគេ​បរាជ័យ និង​ត្រូវបាន​សមត្ថកិច្ច បាញ់​បាក់​ភ្លៅ របួស​ដួល​នៅនឹងកន្លែង​ម្នាក់​ឈ្មោះ នុត ខេន ហើយ​៥​នាក់​ផ្សេង​ក៏​ចែកផ្លូវ​គ្នា​រត់គេច​និង​រក​កន្លែង លាក់ខ្លួន​រៀងៗ​ខ្លួន​។​ទីបំផុត ពួក​គេច​មិន​ផុត ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រសោប​ទាំង​៦​នាក់​តែម្តង​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម