ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​កំពុងដំណើរការ

779
ចែករម្លែក
ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​កំពុងដំណើរការ(រូបថតក្រុមការងារ)

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មិនយូរប៉ុន្មាន​ទៀត​ទេ​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​ទីក្រុង​ទំនើប​មាន​សោភណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ក្នុងពេលដែល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ក្រុងព្រះសីហនុ​ដែល​បាន​សិក្សា និង​រៀបចំឡើង​ដោយ​ក្រុមការងារ​បច្ចេកទេស​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​រដ្ឋបាល​សាលា ខេត្ត​ព្រះសីហនុ​ត្រូវបាន​អនុម័ត​និង​បាននិងកំពុង​អនុវត្ត​គម្រោង​ជា​បណ្តើរៗ​ព្រមៗ​គ្នា​។​


​យោងតាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ផ្លូវ​សរុប ៣៤ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ប្រវែង​សរុប​ជាង ៨៤​គីឡូម៉ែត្រ នឹង​ត្រូវបាន​ស្ថាបនា​ជាថ្មី​ឡើងវិញ​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​អាម៉េរិក ស្របតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សំដៅ ប្រែក្លាយ​ក្រុងព្រះសីហនុ​ជាទី​ក្រុង​ទំនើប និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​ប៉ូល​របស់​កម្ពុជា​។​
​មន្ត្រី​ក្រុមការងារ​បញ្ជាក់ថា​បច្ចុប្បន្ន​ផ្លូវ​ចំនួន ២៤ ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ចាប់ផ្ដើម​ស្ថាបនា​ជា​បណ្ដើរៗ​ហើយ​ក្នុងនោះ​រួមមានៈ មួយ​.​កងវិស្វកម្ម សម្តេច​តេ​ជោ ហ៊ុន សែន សៀមរាប ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ ប្រវែង ៩.៣៦៥​ម៉ែត្រ ចំនួន​មួយ ខ្សែ​។ ពីរ​.​កងវិស្វកម្ម លេខ ១៧៨ ស្ពាន​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ ប្រវែង ៥.៣៦៥​ម៉ែត្រ ចំនួន មួយ​ខ្សែ​។​បី​/ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនា ប្រវែង​សរុប ២៣.៣៦០​ម៉ែត្រ ចំនួន​ប្រាំ​ខ្សែ​។ បួន​. ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ស្ថាបនា​មហាវិថី​រាម​លេខ ៤៥ និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ ៧០៥ ប្រវែង​សរុប ១១.៦០៣​ម៉ែត្រ ចំនួន ពីរ​ខ្សែ ។​ប្រាំ​. ក្រុមហ៊ុន សារ​ជីវ​កម្ម ពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែង​សរុប ១២.៥៧២​ម៉ែត្រ​ចំនួន ប្រាំបួន​ខ្សែ ។ ប្រាំមួយ​. ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ លេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម៉ែត្រ ចំនួន​មួយ​ខ្សែ និង ប្រាំពីរ​.​ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែង​សរុប ៥.៥៦២​ម៉ែត្រ ចំនួន​ប្រាំ ខ្សែ​។

សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)


​មន្ត្រី​ក្រុមការងារ​បញ្ជាក់ថា​នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ «​មហាវិថី​ជំទាវ​ម៉ៅ​» នាពេល​ថ្មីៗ​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា​« បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ នឹង​ភ្ញាក់ផ្អើល​ជាមួយ​សមិទ្ធផល​ថ្មី ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​កើតមាន​នៅពេល​ខាងមុខ​នេះ​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​តាម​ផែនការ គឺ​មិនមែន​ត្រឹម​អាជ្ញាធរខេត្ត​ទេ គឺ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ឲ្យ​អស់​ល​ទ្ឋ​ភាព ដើម្បី​ប្រែក្លាយ​ទីក្រុង​មួយ​នេះ​ឲ្យ​ទៅជា​ទីក្រុង​បៃតង​និង​ជាទី​ក្រុង​ទេសចរណ៍​ដ៏​ទំនើប សម្រាប់​បងប្អូន​កម្ពុជា មក​កម្សាន្ត​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​»​។
លោក​បន្តថា​តាម​ផែនការ​គ្រោងទុក «​មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ផ្លូវបំបែក​រាម​មកកាន់​ក្រុងព្រះសីហនុ ដោយ​ចំណាយ​រយៈពេល​ក្រោម ៣០​នាទី​។ សូម​ប្រជាពលរដ្ឋ​ចូលរួម ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការកសាង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​ជាពិសេស​គឺ​ដើម្បី​ស្វាគ​ម៍​ភ្ញៀវ​ជាតិ​អន្ដរជាតិ អ្នកវិនិយោគ និង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ខេត្ត ក៏ដូចជា​របស់​បងប្អូន បាន​ដោយ​រីកចម្រើន និង​មាន​ស្ថិរភាព​ជានិច្ច​៕សរន

សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)
សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)
សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)
សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)
សកម្មភាព​ការស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​(​រូបថត​ក្រុមការងារ​)
លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​(រូបកណ្តាល)ចុះពិនិត្យការដ្ឋានកាលពីពេលថ្មីៗនេះ
លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​(រូបកណ្តាល)ចុះពិនិត្យការដ្ឋានកាលពីពេលថ្មីៗនេះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ