​ឈ្មោះ ភោគ អ៊ុំ ហៅ ហ៊ាង សមាជិក​គណៈ​សិល្បៈ​ឃោសនាការ​ភ្នំពេញ​

​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ D000៥២

656
ចែករម្លែក

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ខ្ញុំ​ឈ្មោះ ភោគ អ៊ុំ ហៅ ហ៊ាង ភេទ​ប្រុស អាយុ​២៨ (​ក្នុង​ឆ្នាំ​១៩៧៧) ។ ខ្ញុំ​មាន​ទីកន្លែង​កំណើត​នៅ ភូមិ​ត្រកួន សង្កាត់​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ភោគ ហ៊ឹម និង​ម្ដាយ​ឈ្មោះ មឿង ស៊ាន​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់​ក្នុងនោះ​ស្រី​៦​នាក់​។ ពេល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ ខ្ញុំ​បាន​ទៅ​រស់នៅ​វត្ត​ក្រឡា​។​

រូបខាងស្តាំកុយធួន និងកងសិល្បៈខ្មែរក្រហម

​រយៈពេល​បី​ឆ្នាំ​ក្រោយមក​ខ្ញុំ​ក៏​ត្រឡប់មកផ្ទះ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ហើយ​ជួយ​រកប្រាក់​គាត់​ដោយ​ធ្វើជា​កម្មករ​ដឹក​ខ្សាច់​និង​ថ្ម​។ នៅក្នុង​ឆ្នាំ​១៩៧០ ពេល​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំ​បាន​ឈប់​ធ្វើការ​។ ក្រោយមក​ខ្ញុំ​បាន​ចូល​បដិវត្តន៍​តាមរយៈ​ឈ្មោះ យាន គឺ​ប្រជាជន​។ ឈ្មោះ ម៉ន គឺ​សមាជិក​និពន្ធ​អត្ថបទ​វិទ្យុ ក​.៣៣ បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​នៅ​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ ហើយ​ថែមទាំង​បាន​ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ឈ្មោះ កែវ (​ក្រោយមក​ធ្វើការ​នៅ​ក្រសួងការបរទេស​)​។​

​នៅ​ខែកក្កដា ឆ្នាំ​១៩៧០ អង្គការ​បាន​ដក​ឈ្មោះ ម៉ន ពី​យោធា​មក​ធ្វើជា​គណៈ​ស្រុក ចម្ការលើ​ដែល​មន្ទីរ​ស្រុក​មាន​ទីតាំងនៅ​ស្ពឺ​។ បន្ទាប់មក ម៉ន បាន​យក​ខ្ញុំ​ទៅជា​មួយ​ដោយ​ឲ្យ​ខ្ញុំ​ធ្វើជា​នីរសារ​យក​សំបុត្រ​ជូនទៅ​ឈ្មោះ​មួយចំនួន ដូចជា ៖ ឈិន គឺជា​យោធា​ភូមិភាគ​ឧ​ត្ត​រ ស្ថិតនៅ​សង្កាត់​បុសខ្នុរ​, មិត្ត​នារី ផាន់​ណា នៅ​សង្កាត់​ស្វាយទាប​, មិត្ត​នារី ហ៊ុំ សមាជិក​ស្រុក​ចម្ការលើ និង ឌឿ​ន សមាជិក​ភូមិភាគ​ឧ​ត្ត​រ​។ ខ្ញុំ​មិនបាន​ដឹង​ពី​គោលបំណង​សំបុត្រ និង​ការទាក់ទង​របស់ ម៉ន យ៉ាងណា​នោះទេ​។ ម៉ន បាន​បញ្ចូល​ខ្ញុំ​ជា​សម្ព័ន្ធ​យុ​វកក (​យុវជន​បក្ស​កុម្មុយនីស្ត​កម្ពុជា​) ដែលមាន​គាត់​គឺជា​អ្នកតំណាង​បក្ស និង​ឈ្មោះ សួង នៅ​កងវរសេនាធំ​ភូមិភាគ​ឧ​ត្ត​រ អ្នក​ឧទ្ទេសនាម​។ បន្ត​មកទៀត​ឈ្មោះ ឃួន បាន​ចាត់តាំង​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ ឲ្យ​ទៅ​បង្កើតជា​សិល្បៈ​តំបន់​៣២ នៅ​កំពង់ធំ​ទៀត​។ មុននឹង​ចេញដំណើរ​ទៅ កែវ បាន​ជួប ខ្ញុំ និង​ឈ្មោះ ផៃ គឺជា​សមាជិក​និពន្ធ​សិល្បៈ ក​-៣៣ ដើម្បី​ឧទ្ទេសនាម​ឲ្យ​ខ្ញុំ​ស្គាល់គ្នា​ជា​ខ្សែ​ប្រឆាំងនឹង​បដិវត្តន៍​។ កែវ បាន​ឧទ្ទេសនាម​ឲ្យ​ទាក់ទង​ជាមួយ​ឈ្មោះ ខោ​ន គឺជា​សមាជិក​សិល្បៈ​នៅ​ស្រុក​ស្ទោង ទៀត​។

​ខ្ញុំ និង​ឈ្មោះ ផៃ ព្រមទាំង​ក្រុម​សិល្បៈ​ចេញពី​មន្ទីរ​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ ទៅដល់​សង្កាត់​ប្រឡាយ ស្រុក​ស្ទោង​។ ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុម​សិល្បៈ​ផ្សេងទៀត រួមមាន ៖ មកពី​ស្រុក​ស្ទោង​, ស្រុក​សណ្ដាន់​, ស្រុក​កំពង់ស្វាយ និង​ស្រុក​សន្ទុក ក្នុង​គោលបំណង​បង្កើតជា​ក្រុម​សិល្បៈ តំបន់​៣២ ក្នុង​ខេត្តកំពង់ធំ​។ ក្រោយពី​បានរស់នៅ​ទី​នោះបាន​មួយរយៈ ខ្ញុំ​, ផៃ និង ខោ​ន បាន​ជួប​ពិភាក្សាគ្នា​ពី​ការកសាង​កម្លាំង ហើយ​បាន​ឯកភាពគ្នា​លើ​ការជ្រើសរើស​អូសទាញ និង​ឈានដល់​អប់រំ​បាន​ឈ្មោះ មួយចំនួន ១) នួន គឺជា​យុទ្ធជន​នៅ​ស្រុក​សណ្ដាន់​២) ឡេង គឺជា​យុទ្ធជន​នៅ​កង​សិល្បៈ​តំបន់​៣២ ៣) ឆាង គឺជា​យុទ្ធជន​នៅ​កង​សិល្បៈ​តំបន់​៣២ ៤) មឿ​ន គឺជា​យុទ្ធជន​នៅ​កង​សិល្បៈ​នៅ​ស្រុក​កំពង់ស្វាយ​) ៥) មិត្ត​នារី លាត គឺជា​កង​សិល្បៈ​នៅ​ស្រុក​ស្ទោង ៦) មិត្ត​នារី ហឿង មហាជន​នៅ​កង​សិល្បៈ តំបន់​៣២ ៧) ហាក់ មហាជន​នៅ​កង​សិល្បៈ​តំបន់​៣២ និង ៨) មិត្ត​នារី មី មហាជន​នៅ​កង​សិល្បៈ​តំបន់​៣២​។ ខ្ញុំ​, ផៃ និង ខោ​ន ចាប់ផ្ដើម​អូសទាញ​ប្រមូល​កម្លាំង​មក​រស់នៅ​ជិតស្និទ្ធ​ជាមួយគ្នា ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​កក់ក្ដៅ និង​មាន​ជំនឿ​លើ​ក្រុម​ខ្ញុំ​។ នៅក្នុង​ខ្លឹមសារ​អប់រំ ខ្ញុំ​, ផៃ និង ខោ​ន បានលើកឡើង​ពី​ការ​បំផុស​ឲ្យ​មានទំនាស់​ជាមួយ​បដិវត្តន៍​ពី​វណ្ណៈភាព និង​ការរស់នៅ​។
​ក្រោយពី​អប់រំ​ហើយ​អ្នក​ទាំង​៨​នាក់​មានចិត្ត​សប្បាយ​រីក​ក្នុងការ​ប្រឆាំង​ជាមួយ​បដិវត្តន៍​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧២ ក្រោយពី​បាន​អប់រំ​អ្នក​ទាំង​៨​នាក់ ខាងលើ ផៃ បាន​ប្រជុំ​លើក​ផែនការ ដែល​អ្នកចូលរួម​ប្រជុំ​រួមមាន ៖ ខ្ញុំ​, ខោ​ន​, នួន​, មី​, ហឿន និង ហាក់​។ ចំណែក​ការធ្វើសកម្មភាព​គឺ​ធ្វើ​នៅពេល​ចេញទៅ​សម្ដែង​សិល្បៈ នៅ​ស្រុក​សន្ទុក​, ស្រុក​ស្ទោង​, ស្រុក​សណ្ដាន់ និង​ស្រុក​កំពង់ស្វាយ ក្នុង​ខេត្តកំពង់ធំ​។ ពេលនោះ​ក៏​កើតមាន​ទំនាស់ កើតជា​បក្ខពួក​នៅក្នុង​ក្រុម​សិល្បៈ និង​ធ្វើ​សកម្ម​ភាពមិន​ត្រឹមត្រូវ​តាម​មាគ៌ា​នយោបាយ​របស់​អង្គការ​ឡើយ​។ ពេល​ប្រជុំ​ម្ដងៗ អ្នក​នៅក្នុង​កង​វាយប្រហា​រ​គ្នា និង​តវ៉ា​ឆ្លងឆ្លើយ​គ្នា​ទៅវិញទៅមក​។ សកម្មភាព​ទាំងនេះ​ល្បី​ដល់​ប្រជាជន​ជាច្រើន​ដែល​នាំ​ឲ្យ​ខូច​ដល់​នយោបាយ និង​អត្តភាព​សិល្បៈ​របស់​អង្គការ​។​

​ក្រោយពី​បំផុស​នឹង​បង្កទំនាស់​នៅក្នុង​កង​សិល្បៈ​តំបន់​៣២​រួចមក ក៏​ចូលដល់​សង្កាត់​សម្បូរ ស្រុក​កំពង់ស្វាយ​។ ក្រោយមក ឌឿ​ន ប្រធាន​តំបន់​៣២ បាន​បញ្ចូល​ខ្ញុំ​ជា​បក្ខជន​។ តាម​ការស្នើ​របស់​សមូ​លហ​ភាព ឌឿ​ន បាន​ដក​ខ្សែ​ប្រឆាំង​បដិវត្តន៍ រួមមាន​ឈ្មោះ ផៃ​, ខោ​ន​,​នួន​, ឡេង​, ឆាង​,​មឿ​ន និង មិត្ត​នារី​៤​នាក់​ទៀត មានឈ្មោះ លាត​, មី​, ហឿង និង​ឈ្មោះ ហាក់ ចេញពី​សិល្បៈ​តំបន់​៣២​។ ក្រោយពី​ដក​ឈ្មោះ​ខាងលើ​បាន​មួយរយៈ ឌឿ​ន បាន​ហៅ​ខ្ញុំ​ទៅ​ជួប​គាត់​នៅ​មន្ទីរ​។ ពេលនោះ ឃួន ប្រធាន​ភូម​ភាគ​ឧ​ត្ត​រ បាន​ប្រាប់ ឌឿ​ន អំពីខ្ញុំ​ដែល​បាន​ចូល សេ​.​អ៊ី​.​អា នៅ​ភូមិភាគ​ឧ​ត្ត​រ​។ ពេល​ដឹងថា​ខ្ញុំ​ជា​ខ្សែ​របស់គាត់​ហើយ ខ្ញុំ​ក៏ត្រូវ​បានរៀបចំ​ឲ្យ​ទៅ​នៅ​មន្ទីរ​សេដ្ឋកិច្ច​តំបន់​៣២ នៅ​សង្កាត់​បុសខ្នុរ គឺ​ដឹកជញ្ជូន​សេដ្ឋកិច្ច​ពី​តំបន់​៣២ ទៅ​យោធា​ភូមិភាគ​ឧ​ត្ត​រ នៅ​ខេត្តកំពង់ចាម​។ ក្រោយមក ឌឿ​ន បាន​បញ្ជូន ឈ្មោះ សុង គឺជា​យុទ្ធជន​ឲ្យ​មក​នៅ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​បាន​អូសទាញ​ឈ្មោះ សុង តាម​ផែនការ​របស់​អង្គការ ធ្វើ​ឲ្យ សុង មាន​ជំនឿ​ទុកចិត្ត​លើ​ខ្ញុំ​។ ខ្ញុំ​បាន​ដឹកនាំ សុង ធ្វើ​សកម្មភាព​ប្រឆាំង​បដិវត្តន៍​ដោយ បំផ្លាញ​សេដ្ឋកិច្ច ដូចជា សាច់ក្រក សាច់​ផាត់ សាច់​ងៀត ត្រីងៀត ប្រហុក និង ផ្អក ដែល​ខូច​ស្អុយ​ហូប​មិនកើត ដឹកជញ្ជូន​យកទៅ​ឲ្យ​មន្ទីរពេទ្យ យោធា​ពិការ ដើម្បី​ឲ្យ​បងៗ​ពិការ​មើលឃើញថា​អង្គការ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន​។

​ក្រៅពីនេះ​ខ្ញុំ​បានធ្វើ​ឲ្យ​ខូច​អំបិល​រលាយ​អស់​ចំ​នួ​យ​១០​បាវ ដោយ​ឲ្យ​ត្រូវ​ទឹកភ្លៀង​។ ក្រោយមក ឌឿ​ន បាន​ដក​ខ្ញុំ​ឲ្យ​ទៅ​នៅ​សិល្បៈ​។ កាលនោះ​សិល្បៈ​តំបន់​៣២ មាន​ទីតាំងនៅ​ក្នុងព្រៃ ក្នុង​សង្កាត់​ក្បាលដំរី ស្រុក​សណ្ដាន់ តំបន់​៣២ ដោយ​ធ្វើ​ការដ្ឋាន និង​កាប់​ព្រៃ​នៅ​ទៅនោះ​។ នៅ​ចុងឆ្នាំ​១៩៧២​ខ្ញុំ​ទៅដល់​ការដ្ឋាន​ហើយ​បាន​ជួប​ជាមួយ ខោ​ន ដែល​មក​ក្ដាប់​ការដ្ឋាន​តំបន់​៣២​ដែរ​។ ខ្ញុំ​បាន​ជួប​ជាមួយ ខោ​ន និង​បាន​ពិភាក្សា​អំពី​ផែនការ​បំផុសប្រជាជន​ឲ្យ​ខ្លាច​ជំងឺគ្រុនចាញ់ ឲ្យ​រត់ចោល​ការដ្ឋាន និង​បំផ្លាញ​សម្ភារ​របស់​អង្គការ ដូចជា បំផ្លាញ​ពូថៅ​ចំនួន​៧, ចបកាប់​ចំនួន​៦, កាំបិត​ផ្លែ​វែង​ចំនួន​៧ និង រណា ចំនួន​៣​។ ក្រោយមក​ឈ្មោះ ឌឿ​ន បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​នៅ​សិល្បៈ​របស់ អង្ក​ការ​។ ពេលមកដល់​តាម​ការ​ចាត់តាំង​របស់​ឈ្មោះ ឌឿ​ន ហើយ ឈ្មោះ កែវ បាន​មកជួប​ខ្ញុំ​។ កែវ បាន​និយាយថា ខាង​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​មាន​មិត្ត​នារី​២​នាក់​គឺជា​ខ្សែ​ប្រឆាំង​បដិវត្តន៍​ទៅ​សិល្បៈ​អង្គការ​ដែរ គឺ មិត្ត​នារី រ៉​ត់ និង អ៊ី​ម​។ កែវ បាន​ផ្តាំ​ខ្ញុំ​ថា នៅពេលដែល​ទៅដល់​សិល្បៈ​អង្គការ​គឺ​បាន​ជួប​ឈ្មោះ សៅ ប្រធាន​សិល្បៈ​ឃោសនាការ ហើយ​ឲ្យ​ទាក់ទង​ជាមួយនឹង​គាត់​ប្រឆាំង​បដិវត្តន៍ និង​សកម្មភាព​ប្រឆាំង​នៅ​ទីនោះ​។ ក្រោយពី កែវ បាន​ផ្ដែផ្ដាំ​ខ្ញុំ​និង​នារី ២​នាក់​បាន​ទៅដល់ មន្ទីរ​សិល្បៈ​ឃោសនាការ​។ ខ្ញុំ​នៅ​ទីនោះ​បាន​មួយខែ អង្គការ​បាន​ចាត់តាំង​ខ្ញុំ និង​មិត្ត​នារី រ៉​ត់ និង អ៊ី​ម ទៅ​វិទ្យុ​រណសិរ្ស​វិញ​។ ក្រោយមក​ខ្ញុំ​បាន​ទៅដល់​វិទ្យុ​រណ សិរ្ស នៅ​ង​វៀតណាម​ខាងជើង​។ ទៅ​ទីនោះ​ខ្ញុំ​បាន​ឧទ្ទេសនាម​នារី​ពីរ​នាក់​ទៅ​ឲ្យ​ឈ្មោះ សៅ ធ្វើ​ឲ្យ រីករាយ​យ៉ាង​ខ​ខ្លាំង​ព្រោះ​កសាង​កម្លាំង​កាន់តែច្រើន​។ សៅ បាន​ហៅ​ខ្ញុំ នារី រត់ និង អ៊ី​ម ទៅ​ប្រជុំ​នៅផ្ទះ​គាត់​ជាសម្ងាត់ ដោយ​ធ្វើការ​ឧទ្ទេសនាម និង​លើក​ពី​ផែន​ការធ្វើ​នយោបាយ​ជាមួយ​បរទេស​។ ពេល​ថត​សិល្បៈ​ពេល​ថត​ក្រ​បាន និង​ច្រៀង​ខុស​ច្រើន គឺ​បោះបោក​ឯកសារ​ចម្រៀង​ស្ដី​ឲ្យ​អ្នក​ទាំងនោះ​នៅ​ចំពោះមុខ​បរទេស​។ ម្យ៉ាងទៀត នៅ​កន្លែង​នោះ​អង្គការ បាន​ចិញ្ចឹមសត្វ​គោ​៣​ក្បាល គឺ​ត្រូវ​យកទៅ​ចង​ឲ្យ​ដល់​ដំណាំ​ដែល​បរទេស​ដាំ​តែម្ដង​។ អង្គការ​បាន​ណែនាំ​ជា​ច្រើនដង​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ន​យោ​បាន​របស់​បក្ស ត្រូវ​ប្រកាន់​ជំហរ​ឲ្យ​រឹងប៉ឹង​ជាមួយ​វៀតណាម​។ ប៉ុន្តែ​សកម្មភាព​របស់ ខ្ញុំ​, សៅ​, រ៉​ត់ និង អ៊ី​ម គឺ​ផ្ទុយ​ពី​ការណែនាំ​របស់​អង្គការ គឺ​បំផ្លាញ​នយោបាយ​របស់​ប​ក្ស​នៅក្នុង​ប្រ​ទស​វៀតណាម​។​

​នៅ​ខែមិថុនា ឆ្នាំ​១៩៧៥ ក្រោយពី​បានធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស​ខ្ញុំ​, សៅ​, រ៉​ន និង​ឈ្មោះ អ៊ី​ម ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​នៅ​សិល្បៈ​ឃោសនាការ​ភ្នំពេញ​។ ខ្ញុំ​បាន​ជួប​ឈ្មោះ ឃួន ,​ឈ្មោះ កែវ និង​ឈ្មោះ ម៉ម​។ ក្រោយមក​ឈ្មោះ ឃួន បាន​ប្រមូល​ខ្សែ​របស់គាត់​នៅ​ឃោសនា​ការដែល​ប្រឆាំង​បដិវត្តន៍ មក​ប្រជុំ​នៅផ្ទះ​របស់គាត់ ដែលមាន​ឈ្មោះ​ដូចតទៅ ៖ កែវ​, ម៉ម​, លីម​, ឆែម​, ឆន​, ខ្ញុំ​ជា​សមាជិក​គណៈ​និពន្ធ​សិល្បៈ​, រុន សមាជិក​គណៈ​និពន្ធ​, ឡា​ត់ យុទ្ធជន​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, ជេ​ត យុទ្ធជន​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, បុ​ង យុទ្ធជន​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, ផាត យុទ្ធជន​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, ហ៊ាន យុទ្ធជន​បើកឡាន និង​ជា​កងការពារ​របស់​ឃួន​, ម៉ៃ នារី​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, សី នារី​សិល្បៈ​ភូមិភាគ​ឧ​ត្ត​រ​, រ៉​ន និង អ៊ី​ម​។ ខ្លឹមសារ​នៃ​ការប្រជុំ​ឈ្មោះ ឃួន គឺ​ឧទ្ទេសនាម​ខ្សែ​ឲ្យ​បាន​ស្គាល់គ្នា និង​លើ​ផែនការ​ប្រឆាំង​បដិវត្តន៍​នៅ​ក្រសួង​ឃោសនាការ​។ ចំណែក​ខ្ញុំ​ពេល​នោះបាន​ឃោសនា​ចំពោះ​មហាជន​ឲ្យ​មើលឃើញ​ពី​លក្ខណៈ​របស់ ឃួន និង​ត្រូវមាន​ជំនឿ​កក់ក្ដៅ​លើ ឃួន​។ ក្រៅពីនេះ​ខ្ញុំ​បាន​ទៅទាក់ទង​រក​សម្ភារ​នៅ​កន្លែង ឃួន ជា​ញឹកញាប់​។ ខ្ញុំ​ក៏បាន​នាំ​សំបុត្រ​របស់ ឃួន ទៅ​ឲ្យ​ឈ្មោះ ឆន ទាក់ទង​និង​ការឃោសនា​ដែរ​។

​នៅពេល​ហាត់​សិល្បៈ ខ្ញុំ​ចង់​សម្ដែង​ក៏​នៅ​សម្ដែង ហើយ​ពេល​មិន​ចង់​សម្ដែង​ក៏​ដើរចេញ​តែម្ដង​។ មហាជន​បាន​ទិតៀន​ខ្ញុំ​, កែវ​, ម៉ម​, លីម​, ឆែម​, ឡា​ត់ និង ជេ​ត ដែល​សេរី ផឹកស៊ី​និង​លាក់​ស្រា​នៅតាម​មន្ទីរ​។ ក្រោយមក អង្គការ​បាន​ដក កែវ​, ម៉ម​, រុន ទៅ​ក្រសួងការបរទេស​, ឆែម ទៅ​ក្រសួងពាណិជ្ជកម្ម និង ឡា​ត់ ចេញទៅ​ស្ពឺ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។ ក្រោយពី​អង្គ​ការដក​ឈ្មោះ​ខាងលើ និង​ឲ្យ​ផ្ដាច់ការ​ទាក់ទង​ជាមួយ ឃួន ខ្ញុំ​បាន​ទៅទាក់ទង​ជាប់​ជាមួយ​ឈ្មោះ សៅ វិញ​។ សៅ បាន​ទៅ​នៅ​ក្រសួង​ឃោសនាការ ដែលមាន​តួនាទី​ជា​ប្រធាន​ឃោសនាការ​។ សៅ ជា​ខ្សែ​របស់ ហ៊ូ​នឹម ហៅ ភាស់​។ សៅ បាន​ប្រាប់​ខ្ញុំ​ពី​ខ្សែ​ដែល​ប្រឆាំងនឹង​បដិវត្តន៍ រួមមាន ៖ យិន សមាជិក​គណៈ​សិល្បៈ​, ហាន់ យុទ្ធជន​លេងភ្លេង​នៅ​កង​សិល្បៈ​, ម៉ុ​ន យុទ្ធជន​សិល្បៈ​, ផៃ​, លីម​, ឆន និង អ៊ី​ម​។ ទាំង​ទាំងនេះ​គឺជា​ខ្សែ​នៅ​ក្រសួង​ឃោសនាការ ចំណែក​ខ្សែ​ដែល​ដឹកនាំ​ដោយ ហ៊ូ នឹម ហៅ ភាស់ រួមមាន ៖ សំ ប្រធាន​ឃោសនាការ​, សក់ គណៈ​និពន្ធ​អត្ថបទ​វិទ្យុ​, ម៉ន សមាជិក​គណៈ​និពន្ធ​អត្ថបទ​វិទ្យុ​, ជៀវ សមាជិក​និពន្ធ​អត្ថបទ​វិទ្យុ​, ឯម សមាជិក​និពន្ធ​អត្ថបទ​វិទ្យុ​, ណាក់ សមាជិក​និពន្ធ​អត្ថបទ​វិទ្យុ​,​សា​រឿង បច្ចេកទេស​វិទ្យុ​, សាន បច្ចេកទេស​វិទ្យុ​, រត់ និយាយ​វិទ្យុ​, សី និយាយ​វិទ្យុ​។ ក្រោយមក សៅ បាន​ចាត់តាំង​ខ្ញុំ​ជា​សមាជិក​គណៈ​សិល្បៈ និង​ជា​គណៈ​ចម្ការ​ច្បារអំពៅ​។ ក្រោយមក​ខ្ញុំ​បាន​ជួប​ឈ្មោះ សៅ នៅ​ចម្ការ​ច្បារអំពៅ ហើយ​បាន​លើក​ពី​ផែនការ​ធំ​របស់​អង្គការ សេ​.​អ៊ី​.​អា នៅ​ឆ្នាំ​១៩៧៦ និង​១៩៧៧ គឺ​វាយ និង​កម្ទេច​កម្លាំង​ស្នូល​បដិវត្តន៍​ធំៗ​ដោយមាន ហ៊ូ នឹម ហៅ ភាស់ បាន​ត្រៀម​វិទ្យុ​ឃោសនាការ រង់ចាំ​ការផ្សាយ​ជាស្រេច​។

​នៅ​ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាប់ ហ៊ូ នឹម ហៅ ភាស់ ជា​គណៈ​ក្រសួង​ឃោសនាការ​។ បន្ទាប់ពី​អង្គការ​ចាប់ខ្លួន ហ៊ូ នឹម ហៅ ភាស់ រួច​ម​មក ខ្ញុំ​, សៅ និង លីម បាន​ពិភាក្សាគ្នា និង​គិតគូរ​ពី​ខ្សែ​ដឹកនាំ​ដែល​អង្គ​ការចាប់​ដែល​សុទ្ធតែ​អ្នកដឹកនាំ​ធំៗ ហើយក៏​ព្រួយបារម្ភ​ខ្លាច​អង្គការ​ចាប់ខ្លួន​យើងខ្ញុំ​ទៀត​។ ក្រោយមក​អង្គការ​បាន​ចាប់ សៅ​, លីម​, ឆន និង ហាន់ ហើយ​តម​ក​អង្គការ​ក៏​ចាប់ ខ្ញុំ និង យិន ទៀត​។​

​កំណត់ចំណាំ​៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ​និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម​។ ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយសារភាព​របស់ ភោគ ឈឺ​ន ហៅ ហ៊ាង ពិតប្រាកដ​ឬ យ៉ាងណា​នោះទេ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ