លោក ហ៊ុន ម៉ា​ណែ​ត​: វិស័យ​ឯកជន​ខ្មែរ​ខ្លាំង​គឺជា​កត្តា​មួយ​ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​

595
ចែករម្លែក

ដោយ: មុនីរ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រទេស​យើង​រីកចម្រើន ក្រុមហ៊ុន​ត្រូវតែ​រីកចម្រើន សក្តានុពល​របស់​យើង​គឺ​ត្រូវ​រីកចម្រើន​។ ខ្មែរ​ខ្លាំង​មិន​អាស្រ័យទៅលើ​ក្រុមហ៊ុន​បរទេស​ខ្លាំង​នោះទេ គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​ខ្មែរ​ខ្លាំង​។ វិស័យ​ឯកជន​ខ្មែរ​ខ្លាំង​គឺជា​កត្តា​មួយ​ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​ខ្មែរ​ពិត ព្រោះថា​ក្រុមហ៊ុន​ខ្មែរ​មិន​លើក​ក្រុមហ៊ុន​ទៅណា​ទេ ព្រោះ​ជា​ប្រទេស​របស់​យើង ផ្ទុយ​ពី​ការវិនិយោគ​របស់​បរ​ទេស​គេ​អាច​លើក​ទៅ​ប្រទេស​ផ្សេង ប៉ុន្តែ​កម្ពុជា​ទោះបី​មានលទ្ធភាព​ពង្រីក​ទៅ​ប្រទេស​ផ្សេង​ក៏​មិន​ចោល​មូលដ្ឋាន​ប្រទេស​កំណើត​ដែរ ព្រោះ​គ្រប់​វិស័យ ខ្មែរ​ត្រូវតែ​រឹងមាំ​ម្ចាស់ការ​លើ​ខ្លួនឯង​។​

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​រាត្រីសមោសរ​ជួបជុំម្ចាស់​អាជីវកម្ម CEO Master Award2019 នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ ។

​លោក​បន្តថា ប្រទេសជាតិ​យើង​រីកចម្រើន​បាន​ដោយសារ​ប្រទេស​យើង​មាន​ប្រជាជន​ខ្លាំង មាន​ប្រជាជន​ដែលមាន​ចំណេះដឹង សមត្ថភាព និង​ការទទួលខុសត្រូវ​ខ្ពស់ និង​ការថែរក្សា​សុខសន្តិភាព ស្ថេរភាព និង​ការលើកស្ទួយ​សេដ្ឋកិច្ច ក្នុងនោះ​វិស័យ​ឯកជន​មាន​សារៈសំខាន់​សំខាន់ ជាមួយនិង​វិស័យ​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​ក្របខណ្ឌ​ទីផ្សារសេរី ដែល​រាជរដ្ឋាភិបាល​មាន​តួនាទី​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ខ្លាំង តាមរយៈ​ការពង្រឹង​ផ្នែក​ច្បាប់ និង​ការដោះស្រាយ​វិវាទ​ផ្សេងៗ លើកទឹកចិត្ត​និង​មាន​ប្រព័ន្ធ​ការងារ​ដើម្បី​ឲ្យ​វិស័យ​ឯកជន​រីកចម្រើន​។

​លោក​ហ៊ុន ម៉ា​ណែ​ត បន្តថា ការវាស់ស្ទង់​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​និ​មួយៗ​គឺ​មិន​ខុសពី​ប្រទេសជាតិ​នោះទេ គឺ​យើង​មើល​ចំណុច​ពីរ ទី​១​គឺ​កំណើន​ដែល​ផ្ដោតលើ​តួលេខ និង​លទ្ធផល​។ ទី​២​គឺ​កម្រិត​នៃ​ការអភិវឌ្ឍ​ដែល​ផ្តោតលើ​កត្តា​ពីរ​សំខាន់​គឺ​ ​កត្តា​មនុស្ស​(People) និង​កត្តា​របៀបរបប​ការងារ (Process) ដែលជា​កត្តា​សំខាន់​ក្នុង​ការធានា​និរន្តរភាព​ចីរភាព នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន របស់​វិស័យ​ឯកជន និង​របស់​ប្រទេសជាតិ​។ ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ដែលមាន​សុខភាព សមត្ថភាព ចំណេះដឹង និង​ការទទួលខុសត្រូវ និង​ប្រធាន​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​សីល​វិធី​ក្នុង​ការដឹកនាំ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ និង​រួមគ្នា​ដើម្បី​ឲ្យ​វិស័យ​ឯកជន​ជោគជ័យ វិស័យ​ឯកជន​ជោគជ័យ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ជោគជ័យ​។ នេះ​គឺជា​មូលដ្ឋាន​សំខាន់ និង​ជាការ​ចូលរួមចំណែករ​បស់ CEO Master Club និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ទាំងអស់​។​

​លោក​បញ្ជាក់ថា ជាការ​ពិត ប្រទេស​អភិវឌ្ឍ​នៅលើ​សកលលោក​ដែលមាន​ការរីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​គឺ​ប្រទេស​ទាំងនោះ​សម្បូរ​ទៅដោយ​សហគ្រិន​មាន​សមត្ថភាព​ពូកែ​អាចដឹកនាំ​គ្រប់គ្រង ចាត់ចែង​អាជីវកម្ម​របស់​ពួកគេ​ជា​លក្ខណៈ​ស្តង់ដារ​ជាតិ និង​អាច​ស្រូបយក​ប្រាក់ចំណេញ​ពី​គ្រប់ទិសទី​នៅក្នុង​ពិភពលោក​ចូលក្នុង​ប្រទេស​របស់​ពួកគេ​ដែល​ធ្វើអោយ​សេដ្ឋកិច្ចជាតិ​មាន​ភាពរឹងមាំ​។ ត្រង់ចំណុច​នេះ​ខ្ញុំ​ ​កត់សម្គាល់​ចំពោះ​តួនាទី​របស់​សហគ្រិន​ក្នុងការ​ចូលរួមចំណែក​ការកសាង​ស្ថាបនា​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​ភាពរឹងមាំ​រីកចម្រើន នឹង​ខ្ញុំ​សូម​ឯកភាព​ទស្សនៈ​របស់លោក អោម​សេង​បូរ៉ា ក្នុង​អត្ថន័យ​ថា​សហគ្រិន​ជា​បុគ្គល​ស្នេហា​ជាតិ​ដែលមាន​បេសកកម្ម​ឧត្តុង្គឧត្តម​ក្នុង​ការកសាង និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​តាមរយ​:​ការចូលរួម​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​តាម​សេចក្តីត្រូវការ​របស់​ស​ង្គ​មការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ការចូលរួម​កសាង​ធនធានមនុស្ស និង​ការចូលរួម​បង្កើន​ចំណូល​ថវិកាជាតិ​។​

រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ពិតប្រាកដ​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​។ វឌ្ឍនភាព​របស់​វិស័យ​ឯកជន​គឺជា​វឌ្ឍនភាព​រួម​រប​ស់​ប្រទេសជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កង្វល់​ធំៗ​លើ​វិស័យ​ឯកជន​ក៏ដូចជា​ជំរុញ សក្តានុពល ចីរភាព​នៃ​កំណើន និង​ភាពរឹងមាំ​នៃ​ដំណើរការ​ពេល​វែង​ខាងមុខ​របស់​កម្ពុជា​។​

​សូម​លើកទឹកចិត្ត​ឲ្យ​សហគ្រិន​កម្ពុជា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​ដឹកនាំ គ្រប់គ្រង ចាត់ចែង អាជីវកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ប្រសើរ​ថែមទៀត ជាពិសេស​ត្រូវ​ទាញយក​ប្រយោជន៍​ជាតិ​អតិបរិមា​ពី​សក្តានុពល​ដែល​កម្ពុជា​កំពុងមាន គឺ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងទៅនេះ ហើយ​សេដ្ឋកិច្ចកម្ពុជា​រឹងមាំ​បែបនេះ​ឆ្នាំ​ខាងមុខ​ទៀត ទោះបី​មាន​ហានិភ័យ​តិចតួច​នៃ​ការថយចុះ​កំណើនសេដ្ឋកិច្ច​សកលលោក​ក៏ដោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម