តារា​សម្តែង​កូរ៉េ នាង​ស៊ូ​ហ្ស៊ី រង​ការរិះគន់ ក្រោយពី​បង្ហោះ​កាត​ប៉ូ​ស្ទើ​នៃ​ខ្សែភាពយន្ត​មួយ ដែល​សម្តែង​ដោយ​កំពូល​តារា​ល្បី កុង យូ

524
ចែករម្លែក

សាច់រឿង​ក្នុង​ខ្សែភាពយន្ត​របស់លោក​កុង យូ​គឺ​លើកឡើង​អំពី​បញ្ហា​រសើប​បំផុត​មួយ​នៅក្នុង​សង្គម​កូរ៉េខាងត្បូង​។

​តារាចម្រៀង​ប្រែជា​តារា​សម្តែង នាង ស៊ូ​ហ្ស៊ី (​ឈ្មោះ​ពិត ប៊ែ ស៊ូ​ជី​) បាន​បង្ហោះ​កាត​ប៉ូ​ស្ទើ​ពី​ខ្សែភាពយន្ត​រឿង “Kim Ji Young, Born 1982” ដែល​គ្រោង​នឹង​បញ្ចាំង​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​សើចចម្អក​ចំពោះ​ការ​បង្ហោះ​នេះ​។

​ខ្សែភាពយន្ត ដែល​ចូលរួម​សម្តែង​ជា​តួឯក​ដោយ​តារា​ប្រុស​ស៊ីថ្លៃ​បំផុត​របស់​កូរ៉េខាងត្បូង លោក កុង យូ និង​ដំណាល​អំពី​សាច់រឿង​របស់​នាង គីម ជី​យ៉ង់ ស្ត្រី​អាយុ​ខ្ទង់ ៣០ ឆ្នាំ​ប្លាយ ដែល​ជួបប្រទះ​នូវ​ការរើសអើង​ភេទ​នៅក្នុង​សង្គម​កូរ៉េខាងត្បូង ក្នុងនាម​នាង​ជា​ម្តាយ កូនស្រី និង ប្រពន្ធ​។ សាច់រឿង​នេះ​គឺ​ផ្អែក​តាម​សៀវភៅ​លក់ដាច់​បំផុត​ក្នុង​ឆ្នាំ ២០១៦ ដែល​លក់បាន​ជាង​១​លាន​ក្បាល​។

​បញ្ហា​នៃ​ការរើសអើង​ភេទ និង ការរើសអើង​យ៉េន​ឌ័​រ គឺជា​បញ្ហា​រសើប​បំផុត​សម្រាប់​សង្គម​ឱ្យ​តម្លៃ​ប្រុស​ជាធំ​ក្នុង​កូរ៉េខាងត្បូង​។

​ស៊ូ​ហ្ស៊ី អតីត​សមាជិក​ក្រុម​ចម្រៀង Miss A បាន​បង្ហោះ​រូបថត​នៃ​ខ្សែភាពយន្ត​នេះ​នៅលើ Instagram របស់​នាង ជាមួយ​ការសរសេរ​អត្ថាធិប្បាយ​ថា “​នេះ​គឺជា​សាច់រឿង​ទូទៅ​របស់​យើង​” ដែលនាំឱ្យ​មាន​ព្យុះ​មតិ​។

​ភ្លាមៗ​បន្ទាប់ពី​ការ​បង្ហោះ​របស់​នាង​ចាប់ផ្តើម​ល្បី​ពេញ​អន​ឡាញ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​រិះគន់​នាង​ស៊ូ​ហ្ស៊ី ដោយ​និយាយថា វា​មិន​អាចជា​សាច់រឿង​របស់​នាង​បានទេ ពីព្រោះ​នាង​ជា​មនុស្ស​ជំនាន់​ក្រោយ ដោយ​ចង្អុល​ថា​ការសរសេរ​របស់​នាង​គឺ​នាំ​ឱ្យគេ​យល់​ខុស ពីព្រោះ​នាង​ជា​តារា​សម្តែង​ខុសពី​មនុស្ស​ស្រី​សាមញ្ញ​ទូទៅ​។ ប៉ុន្តែ​អ្នកលេង​បណ្តាញ​សង្គម​ផ្សេងទៀត​ចេញមុខ​ការពារ​នាង ដោយ​និយាយថា ពួកគេ​មាន​មោទនភាព​ចំពោះ​នាង​៕ ដោយ៖កញ្ញាដាលីស

នាង​ស៊ូ​ហ្ស៊ី រង​ការរិះគន់​បន្ទាប់ពី​បង្ហោះ​រូបថត​នៃ​រឿង “Kim Ji Young, Born 1982”