ពិធីប្រណាំងទូកផងនិងបុណ្យអង្គកឋិនទានផង នៅវត្តបារាយ​មហា​នទីរតនារាម ហៅវត្តស្វាយរមៀត

316
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើអង្គកឋិនទានសាមគ្គីមួយ ដើមី្បធ្វើការដង្ហែនាំ យកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិត នៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត កាលពីរសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩ និងមានការប្រណាំងទូកផងដែរដោយមានការនិមន្តចូលរួមពីព្រះធម្មសេរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ អាភាករោ ព្រះមេគណខេត្តរួមទាំងព្រះគ្រូចៅអធិការវត្តក្នុងខេត្ត និង ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ពិធីប្រណាំងមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ មានទូកចូលរួម១២ គូរ ដោយទូកនីមួយៗចំណុះមនុស្ស៦នាក់ និង មានអុំចានដែក៥គូផងដែរ ។ អង្គកឋិនទានសាមគ្គីដែលបានដង្ហែយកវេរប្រគេនចំពោះព្រះសង្ឃក្នុងឱកាសនោះ មិនត្រឹម មានលក្ខណៈសមស្របតាមរដូវកាលទានប៉ុណ្ណោះទេព្រមទាំងបានស្របពេលវេលាដែលព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្ត រដ្ឋអំណាចមូលដ្ឋាន ពុទ្ធបរិស័ទចំណុះវត្តស្វាយរមៀតទាំងមូល មានសេចក្តីជ្រះថ្លាមូលមតិជាឯកច្ឆ័ន ក្នុងគោលបំណងប្រមូលបច្ច័យ​យកមកធ្វើការ កសាងសមទ្ធិផលក្នុងវត្ត ឲ្យសមស្របទៅតាមពុទ្ធបញ្ញាត នៃព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

បន្ទាប់ពីការបញ្ចប់នៃការវេរប្រគេនអង្គកឋិនទានរួចមក ក៏មានការប្រណាំងទូក ដែលរៀបចំឡើងដោយគណៈកម្មការវត្ត ដែលមានក្រុមកីឡាករ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុងមូលដ្ឋាន បានធ្វើការប្រណាំង ដើមី្បអបអរសាទរ បុណ្យ អង្គកឋិនទាន ដែលបានដង្ហែរចូលមកកាន់វត្តស្វាយរមៀត ក្នុងការបង្កលក្ខណៈសប្បាយរីករាយនៅក្នុងទីវត្តផង ក៏ដូចជាការទាក់ទាញដល់ភ្ញៀវទេសចរ បានចូលមកទស្សនាកម្សាន្ត នឹង ធ្វើការសិក្សាស្វែងយល់អំពីប្រវត្តិ នៃពិធី បុណ្យអុំទូកនៅកម្ពុជាយើងផងដែរ ។

ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុឌ្ឍី ព្រះគ្រូចៅអធិការវត្តហៅវត្តស្វាយរមៀត បានមានសង្ឃដីការថា ការប្រណាំងទូកនៅក្នុងទីវត្តនាពេលនេះ ប្រារព្វធ្វើទៅតាមប្រពៃណីខ្មែរ ហើយប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តខេត្តសៀមរាប សំខាន់តាមទីវត្តអារាមកាន់តែច្រើនឡើងៗ ។

ព្រះអង្គបានបន្តទៀតថា ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលនៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ ។

ព្រះតេជគុណ នឿម វុឌ្ឍី បានបន្តដែរថា នេះជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរស ខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។

ព្រះតេជគុណបានបន្តទៀតថា នេះក៏ជាតម្លៃនៃទស្សនវិជ្ជា របស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិត ក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និង ទំលៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយប្រកប ដោយសភាពរស់រវើក ទន់ភ្លន់ និង មានលក្ខណៈសកលភាពឲ្យទៅជា អត្តសញ្ញាណជាព្រលឹងជាតិក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និងការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ។ ស្ថិតលើហេតុផលទាំងអស់នេះសក្ខីភាពបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាល មានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញតាំងពីដើមរៀងមក៕B/