ប៉ុក​បា នឹង​អវត្តមាន​ដល់​ខែធ្នូ ខណៈ​យូ​ណាយ​ធី​ត​កំពុង​ជួប​បញ្ហា​កីឡាករ​របួស​

419
ចែករម្លែក

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) អាច​នឹង​អវត្តមាន​យ៉ាងហោចណាស់​១​ខែ​ទៀត ដោយសារ មាន​បញ្ហា​របួស​កជើង នេះ​បើតាម​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​។​

​របួស​នេះ​កើតមាន អំឡុងពេល​យូ​ណាយ​ធី​ត​ប្រកួត​ជាមួយ​ក្រុម Southampton កាលពី​ខែសីហា ហើយ​បន្ទាប់មក​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន នៅពេល ប៉ុក​បា វិល​ត្រឡប់មក​ប្រកួត​ជាមួយ​ក្រុម Rochdale និង​ក្រុម Arsenal កាលពី​ខែ​មុន​។

​ថ្មីៗ​នេះ ប៉ុក​បា បាន​វិលត្រឡប់​ពី​ការ​សម្រាក​ព្យាបាល​របួស​ជើង​ស្តាំ​នៅ​ទីក្រុង​ឌុយ​បៃ ដែល​នៅ រុំបង់​ការពារ​នៅឡើយ ហើយ​ក្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​បញ្ចាក់​ក្រោយពេល​យូ​ណាយ​ធី​ត​យកឈ្នះ​ក្រុម Norwich កាលពី​ថ្ងៃអាទិត្យ​ថា កីឡាករ បារាំង​រូបនេះ​នៅ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​មុននឹង​វិលត្រឡប់​មក​ចូល​ទីលាន​ប្រកួត​វិញ​។

​លោក សូ​ល្យែ​រ បាន​និយាយថា ” ខ្ញុំ​មិន​គិតថា យើង​នឹង​បានឃើញ ប៉ុក​បា លេង​នៅមុន​ខែធ្នូ នោះទេ​។ ប៉ុក​បា នឹង​អវត្តមាន​មួយរយៈ​។ គាត់​ត្រូវការ​ពេលវេលា ការស្តា​ទម្រង់​លេង​ពេញលេញ ដូច្នេះ​ខ្ញុំ​មិន​ជឿថា គាត់​នឹង​វិលត្រឡប់​មកវិញ​នៅពេលនេះ​ទេ​”​។

​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៨​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ពួកគេ​ធ្វើ​បានល្អ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Liverpool និង​បន្ត​យកឈ្នះ Partizan Belgrade នៅ​ក្របខណ្ឌ Europa League ផងដែរ​។

​លោក អូ​ឡេ អរគុណ​ចំពោះ​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) ដែល រកបាន​គ្រាប់​បាល់ អំឡុង​ប្រកួត​ជាមួយ​ក្រុម Partizan និង​ក្រុម Norwich ។ ម៉ា​សល លេង​ជា​ដៃគូ​ជាមួយ​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ដើម្បី​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ឲ្យ​យូ​ណាយ​ធី​ត​។

​លោក អូ​ឡេ បាន​និយាយថា ” វា​គឺជា​រឿង​អស្ចារ្យ ដែល​ឃើញ​កីឡាករ​ទាំងពីរ​លេង​ជា​ដៃគូ​។ យើង​នឹក​ដល់ អែន​ថូ​នី ម៉ា​សល កាលពី​ពីរ​ខែ​មុន ហើយ​វា​ល្អប្រសើរ​ណាស់​ដែល​កីឡាករ​រូបនេះ វិលត្រឡប់​មកវិញ​”​។​

​លោក អូ​ឡេ ក៏​កោតសរសើរ​ចំពោះ​ខ្សែប្រយុទ្ធ រ៉ា​ហ្វ​ដ ផងដែរ ដែល​បាន​ស្តា​ទម្រង់​លេង​ឡើង វិញ​និង​បន្ត​រកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ