រថយន្បុកម៉ូតូស្លាប់ស្ត្រីម្នាក់ រងរបួសធ្ងន់បុរសម្នាក់ រថយន្តរត់បាត់

388
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ :រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបរក្នុងល្បឿន លឿន និងជ្រុលទៅព្រលះម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុនិងបុរសម្នាក់រងរបួសធ្ងន់បាក់ជើងបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខមណ្ឌលសុខភាពក្បាលកោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា​នៅមុនពេល​កើតហេតុ​គេបានឃើញបុរស ស្ត្រី២នាក់សង្ស័យជាប្តី ប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូបជាតិលេខ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវ​រថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅ​បុកបញ្ឆិតម៉ូតូចំហៀងខាងឆ្វេង បណ្ដាលឲ្យប្លោងនារីម្នាក់ជិត២០ម៉ែត្រ បោកនឹង ថ្នល់ស្លាប់ភ្លាមៗ និងរងរបួសធ្ងន់បុរសម្នាក់បាក់ជើងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និង បានធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការនគរបាល​ខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ យកទៅតម្កល់ទុកនៅ​វត្តទឹកថ្លា ដើម្បីស្វែករកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ