ប្រធានាធិបតី​ហុង​គ្រី​និង​លោកស្រី​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រាសាទ​ខេត្តសៀមរាប​លើកដំបូង​

452
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី​និង​លោកស្រី​បាន​អញ្ជើញ​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​នានា​ក្នុង​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​។​នេះ​ជាការ​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​JánosÁder​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី​និង​លោកស្រី​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​ពី​ទីក្រុង​ភ្នំពេញ​មកកាន់​ទឹកដី​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​។​ក្នុង​គោលបំណង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​អរិយធម៌​នៃ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​ក្នុងការ​ស្នាក់អាស្រ័យរ​បស់​លោក​ប្រធានាធិបតី​ក្នុង​ទឹកដី​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​នោះ​លោក​និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​សំខាន់​នានា​មួយចំនួន​។​

​ដូចជា​ប្រាសាទភិមានអាកាស​,​ប្រាសាទព្រះខ័ន​,​ប្រាសាទបាយ័ន​និង​ប្រាសាទអង្គរវត្ត​ហើយ​លោក​ក៏បាន​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​អង្គរ​ផងដែរ​។​ក្នុងពេល​ទស្សនកិច្ច​នោះ​លោក​ប្រធានាធិបតី​និង​ប្រតិភូ​បាន​សំដែង​ការកោតសរសើរ​និង​ស្ងប់​ស្ងែ​ង​ចំពោះ​កេរ​មរតក​ដូនតា​ដែល​បាន​បន្សល់ទុក​ថា​ពិតជា​កេរ​មរតក​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ទូទៅ​លើ​ពិភពលោក​។​

​បើតាម​ការគ្រោងទុក​លោក​ប្រធានាធិបតី​ហុង​គ្រី​និង​លោកស្រី​ព្រមទាំង​គណៈប្រតិភូ​នឹងធ្វើ​មាតុភូមិ​វិវត្តន៍​ពី​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​នេះ​ទៅកាន់​ប្រទេស​ហុង​គ្រី​តែម្តង​។សូមបញ្ជាក់ថា​លោក​ប្រធានាធិបតី​ហុង​គ្រី​ឈ្មោះ​JánosÁder​និង​លោកស្រី​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

​រូបភាព​៖ ប្រធានាធិបតី​ហុង​គ្រី និង​លោកស្រីធ្វើ​ទស្សនកិច្ច​ក្នុង​ប្រាសាទ​ខេត្តសៀមរាប​លើកដំបូង​៕ បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម