អគ្គិភ័យឆាបឆេះលំនៅដ្ឋានមួយខ្នងអស់ទាំងស្រុង នៅឃុំត្រីញ័រ ស្រុកពួក

425
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ លំនៅដ្ឋានមួយខ្នង ដែលមានទំហំ ៧ម៉ែត្រគុណនឹង៦ម៉ែត្រ , មានកម្ពស់០៣ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ក្បឿង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលដែលប្ដីប្រពន្ធទាំងពីរនាក់ បានចេញទៅធ្វើការនៅខេត្តព្រះវិហារ អស់រយៈពេល ០១ខែមកហើយ ដោយទុកឲ្យកូនៗរបស់គាត់ ចំនួន០៣នាក់ នៅចាំផ្ទះ។

ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង១០នាទីព្រឹក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩នេះ ស្ថិតនៅ ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា លំនៅដ្ឋានខាងលើគឺ ជារបស់ឈ្មោះ ឈឿយ ឈី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករនិង ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរកសិករ ដោយប្ដីប្រពន្ធទាំងពីរនាក់មិនបាននៅផ្ទះទេ ដោយ ចេញទៅធ្វើការនៅខេត្តព្រះវិហារ អស់រយៈពេល ០១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់ ចំនួន០៣នាក់ នៅចាំផ្ទះ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងទៀតថា បើតាម ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានយក ធូប១២ សសៃ មកអុចធូបនៅកន្លែងអាសនៈរបស់ម្តាយ ហើយចាក់សោរ រួចនាំប្អូន០២នាក់ទៀតទៅលែងផ្ទះក្បែរ នោះប្រមាណ៥០ម៉ែត្រ ស្រាប់ តែមានផ្សែងហ៊ុយចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកឲ្យគេជួយ តែភ្លើងបានឆេះខ្លាំងបាត់ទៅហើយ។

លោកអធិការស្រុកពួក បានឲ្យដឹងបន្ថែមទៀតថា ករណីអគ្គិភ័យនេះ បណ្តាលឲ្យផ្ទះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម