ចំនួន​មនុស្ស​ស្លាប់​សរុប​ក្នុង​សង្គ្រាម​យេ​ម៉ែន​កើន​ដល់​ខ្ទង់ ១០០.០០០ នាក់ គិត​ចាប់តាំងពី​ឆ្នាំ ២០១៥

401
ចែករម្លែក

​អង្គការ​គម្រោង​ទិន្នន័យ​មួយ ដែល​តាមដាន​អំពើហិង្សា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​តុលា​ថា សង្គ្រាមស៊ីវិល​យេ​ម៉ែន​បានសម្លាប់​មនុស្ស​ជាង ១០០.០០០ នាក់​ចាប់តាំងពី​ឆ្នាំ ២០១៥​។​

​អង្គការ​ទីតាំង​ទំនាស់​ប្រដាប់អាវុធ​និង​គម្រោង​ទិន្នន័យ​ព្រឹត្តិការណ៍​ឬ ACLED បាន​និយាយ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ថា ចំនួន​អ្នកស្លាប់​សរុប​នៅ​យេ​ម៉ែន​គឺ​រួមបញ្ចូល​ទាំង​ជន​ស៊ីវិល​ជាង ១២.០០០ នាក់ ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​សំដៅ​ទៅលើ​ជន​ស៊ីវិល​ដោយផ្ទាល់​។​

​ជម្លោះ​នៅក្នុង​ប្រទេស​ក្រីក្រ​បំផុត​នៅ​អារ៉ាប់​មួយ​នេះ​បានចាប់ផ្តើម​ជាមួយនឹង​ការដណ្តើម​កាន់កាប់​យេ​ម៉ែន​ភាគ​ខាងជើង​និង​ភាគ​កណ្តាល​ក្នុង​ឆ្នាំ ២០១៤ ដោយ​ពួក​ឧទ្ទាម​នានា​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​អ៊ីរ៉ង់ ដោយ​បណ្តេញ​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចេញពី​រដ្ឋធានី​សា​ណា​។ ប៉ុន្មាន​ខែក្រោយ​មក គឺ​ក្នុង​ខែមីនា​ឆ្នាំ ២០១៥ កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បើក​យុទ្ធនាការ​តាម​អាកាស​របស់ខ្លួន​ដើម្បី​រារាំង​ក្រុម​ឧទ្ទាម ហ៊ូ​ធី ពី​ការវាយលុក​ចូលដល់​ភាគខាងត្បូង​ប្រទេស​។​

​ការវាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​វាយប្រហារ​ទៅលើ​សាលារៀន​មន្ទីរពេទ្យ​និង​ពិធីមង្គលការ និង បានសម្លាប់​ជន​ស៊ីវិល​យេ​ម៉ែន​រាប់ពាន់នាក់​។ ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​ប្រើ​ដ្រូ​ន​និង​មី​ស៊ី​ល​វាយប្រហារ​ទៅលើ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​និង​បាន​ផ្តោត​គោលដៅ​ទៅលើ​នាវា​នៅ​សមុទ្រ​ក្រហម​។​

​ជន​ស៊ីវិល​បាន​រងគ្រោះ​ខ្លាំង​បំផុត​នៅក្នុង​ជម្លោះ​នេះ ដែល​បាន​បង្កើត​នូវ​អ្វីដែល​អង្គការសហប្រជាជាតិ​និយាយថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

​អង្គការ ACLED បាន​និយាយថា មនុស្ស​ប្រមាណ ២០.០០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ឆ្នាំនេះ ដោយ​ធ្វើឱ្យ​ឆ្នាំ ២០១៩ ក្លាយជា​ឆ្នាំ​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ទី ២ បន្ទាប់ពី​ឆ្នាំ ២០១៨ ដែលមាន​មនុស្ស​ស្លាប់ ៣០.៨០០ នាក់​។​

​អង្គការក្រៅរដ្ឋាភិបាល​នេះ​បាន​និយាយថា ខែមេសា​គឺជា​ខែ​ដ៏​ប្រល័យ​បំផុត​គិត​មកទល់​ឥឡូវនេះ​ក្នុង​ឆ្នាំ ២០១៩ ដោយ​មនុស្ស​ជាង ២.៥០០ នាក់​ត្រូវបាន​សម្លាប់ ធៀប​នឹង​អ្នកស្លាប់ ១.៧០០ នាក់​ក្នុង​ខែកញ្ញា​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ជាង​១០​ម៉ឺន​នាក់​ស្លាប់​ក្នុង​សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែន​គិត​ចាប់ពី​ឆ្នាំ​២០១៥