​ផាន់ គ្រាន់ និង ផេ​ត កា នរណា​ជា​អ្នកខ្លាំង ?

437
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា នេះ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជា​សីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ផេ​ត កា (Phat Ka) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

​ផាន់ គ្រាន់ ជា​អ្នកខ្លាំង ទៅតាម​រដូវ គឺ​បើ​មិនសូវមាន​ការប្រកួត គេ​ខ្ជិល​ហាត់ តែបើ​មានការ​ប្រកួត គេ​ប្រឹង​ហាត់ តែបើ​ការប្រកួត​ញឹកញាប់​ពេក គេ​ថា​ឈឺខ្លួន មិនទាន់​អាច​ហាត់​បាន នៅឡើយ​ទេ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ វ៉ៃ​ល្អ កណ្ដាប់ដៃ​ធ្ងន់ ក្នុងស្ថានភាព​ចង្អៀត កែង​របស់គេ វ៉ៃ​ចេញ​មាន​ប្រសិទ្ធភាព ណាស់​។​

ផាន់ គ្រាន់ និង ផេ​ត កា

​ផាត កា ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ញឹកញាប់​ដែរ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ​។ គេ​វ៉ៃ​ចេញ​មួយៗ តែ​ភាគច្រើន មាន​ប្រសិទ្ធភាព កណ្ដាប់ដៃ ទាត់ និង​ជង្គង់​របស់គេ​ល្អ ហើយ​កែង​របស់គេ ក៏​មិនអាច​មើលស្រាល បានដែរ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៥​ដង និង​ចាញ់​១០​ដង ។ ចំពោះ​ផាន់ គ្រាន់ វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៣៤​ដង ឈ្នះ​១១០​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ ៣ ដង ។ ជំនួប​មួយ​នេះ មិនដឹងថា តើន​រណា​ឈ្នះ​នោះទេ តែ​គេ​ជឿថា ផាន់ គ្រាន់ នឹង​ជួប​សំណាងល្អ​មិន​ខាន ។​

​ឆូ​ន បួន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ម៉ន វ​ណ្ណី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែជា​ជើង​ខ្លាំង​ស្រករ​ថ្មី​ដូចគ្នា និង​មាន​ចិត្តធំ​ដូចគ្នា ។ ពួកគេ​វ៉ៃ​ចូលចិត្ត​ប្ដូរ ជាពិសេស បើ​គេ​ត្រូវ​គូប្រកួត​វ៉ៃ​ចំ​នោះ គេ​នឹង​ប្ដូរ​តាម​វ៉ៃ​វិញ ជាមិនខាន ដោយ​មិន​ខ្វល់​ពី​រឿង មួយ​ចាន​ទឹក មួយ​ចាន​គោក​ឡើយ ។ ជំនួប​នេះ អ្នកចាញ់ និង​អ្នកឈ្នះ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា មិនខានឡើយ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​សយ សុខ ក្លិប​ពន្លឺ​វិបុល​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ឈុំ ស្រស់ មកពី​ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនសូវ​ជា​អស្ចារ្យ​ប៉ុន្មាន​ទេ តែ​គេ​វ៉ៃ​គ្នា គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ។ នរណា ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

​កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អេ​លី​ត វិចិត្រ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ កុយ ចាន់តូ ជា​អ្នក​ប្រដាល់​ជើងចាស់ មហា​សែន​អន់ ចំពោះ អេ​លី​ត វិចិត្រ ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ កុយ ចាន់តូ មិនអាច​មើលស្រាល បានឡើយ ។ ការប្រកួត​នេះ ប្រសិនបើ កុយ ចាន់តូ ឈ្នះ​មិនជា​អ្វី​ទេ តែ​ប្រសិនបើ​ចាញ់​វិញ​នោះ អាច​និយាយបានថា មន្ត្រី​ខាង​ផ្គូរ​ផ្គង​នឹង​លំបាក រក​គូប្រកួត​សម្រាប់ ចាន់តូ ហើយ​។​

​សារឿន ទិ​ត្យ ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​បាត់​មុខ យូរហើយ​នេះ បាន​លេចមុខ​មកវិញ ដោយ​ជួប​ប្រកួត​ជាមួយ សុខ កាន ក្លិប​ឃ្លាំ​មឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v