អាសាដ​ព្រមាន​ធ្វើសង្គ្រាម ប្រសិនបើ​មធ្យោបាយ​នយោបាយ​ខកខាន​មិនអាច​ឱ្យ​តួ​ក​គី​ដក​ចេញពី​ស៊ី​រី​ខាងជើង​

797
ចែករម្លែក

​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​តុលា​បាន​ព្រមាន​ថា សង្គ្រាម​នឹង​ជា​ជម្រើស​តែមួយគត់ ប្រសិនបើ​មធ្យោបាយ​នយោបាយ​ខកខាន​មិនអាច​ឱ្យ​តួ​ក​គី​ដក​ចេញពី​ស៊ី​រី​ខាងជើង​។​

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​ស៊ី​រី លោក​អាសាដ​បាន​និយាយថា កិច្ចព្រមព្រៀង​ថ្មី​រវាង​តួ​ក​គី​និង​រុស្ស៊ី​ស្តីពី​ការបង្កើត​តំបន់​សុវត្ថិភាព​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​គឺមាន​លក្ខណៈ​អំណោយផល​ក្នុង​ការដក​កងជីវពល​ឃឺ​ដ​ចេញពី​តំបន់​ព្រំដែន​ក្នុងការ​សម្របសម្រួល​ជាមួយ​កងទ័ព​ស៊ី​រី​។​

​លោក​អាសាដ​និយាយថា “​នេះ​មិនបាន​លុបបំបាត់​ភាពអវិជ្ជមាន​នៃ​ការកាន់កាប់​របស់​តួ​ក​គី​ទេ​” ដោយ​បន្ថែមថា​ប្រសិនបើ​មធ្យោបាយ​នយោបាយ​ទាំងអស់​មិនអាច​ជំរុញ​កងកម្លាំង​តួ​ក​គី​ឱ្យ​ចាកចេញ​បានទេ នោះ​នឹង​មិនមាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​សង្គ្រាម​នោះឡើយ​។​

​តួ​ក​គី​បាន​បើក​ការ​លុកលុយ​ផ្នែក​យោធា​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពីដើម​ខែតុលា​ក្នុង​គោលបំណង​បណ្តេញ​យុទ្ធជន​ឃឺ​ដ​ចេញពី​តំបន់​ព្រំដែន បន្ទាប់ពី​ការដក​ទ័ព​របស់​អាម៉េរិក​។ តួ​ក​គី​និង​រុស្ស៊ី​ដែលជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​ស៊ី​រី​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដើម្បី​អនុញ្ញាតឱ្យ​ពួក​យុទ្ធជន​ឃឺ​ដ​ដកចេញ​ប្រមាណ ៣០ គីឡូម៉ែត្រ​ពី​ព្រំដែន និង ធ្វើការ​ល្បាត​រួមគ្នា​រវាង​តួ​ក​គី​និង​រុស្ស៊ី​នៅក្នុង​តំបន់​។​

​លោក​អាសាដ​បាន​ទទូចថា កិច្ចព្រមព្រៀង​នេះ​គឺ “​បណ្តោះអាសន្ន​” ប៉ុណ្ណោះ ដោយ​មិនបាន​បញ្ជាក់​លម្អិត​ទេ​។​

​មេដឹកនាំ​ស៊ី​រី​រូបនេះ​បាន​និយាយថា ការចូល​របស់​កងទ័ព​ស៊ី​រី​ទៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ឃឺ​ដ​គឺ​មិន​ត្រឹមតែ​សម្រាប់​ទប់ទល់​ការវាយប្រហារ​របស់​តួ​ក​គី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​នឹង​ស្តារឡើងវិញ​នូវ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​នៅ​ទីនោះ​ផងដែរ​។​

​លោក​បាន​បន្ថែមថា ការវិលត្រឡប់​របស់​រដ្ឋាភិបាល​ស៊ី​រី​ទៅកាន់​តំបន់​ដែល​ធ្លាប់​កាន់កាប់​ដោយ​ជនជាតិ​ឃឺ​ដ​ទាំងអស់ នឹង​ធ្វើជា​បណ្តើរៗ ហើយ​អាច​ចំណាយពេល​ច្រើន​។​

​លោក​អាសាដ​និយាយថា “​គោលនយោបាយ​របស់​យើង​គួរតែមាន​លក្ខណៈ​សម​ហេតុផល​និង​ពិចារណា​អំពី​ការពិត​បន្តិច​ម្តងៗ ប៉ុន្តែ​គោលដៅ​ចុងក្រោយ​គឺ​ធ្វើឱ្យ​ប្រាកដថា​នឹងមាន​ការវិលត្រឡប់​វិញ​នៃ​ការគ្រប់គ្រង​របស់​រដ្ឋ​ស៊ី​រី​” លើ​តំបន់​ទាំងអស់​ដែល​កាន់កាប់​ដោយ​ជនជាតិ​ឃឺ​ដ​។​

​ទាក់ទិន​នឹង​វត្តមាន​របស់​កងទ័ព​អាម៉េរិក​នៅ​ស៊ី​រី លោក​អាសាដ​បាន​និយាយថា នៅពេលដែល​កងទ័ព​ស៊ី​រី​រួបរួមគ្នា​ប្រឆាំងនឹង​ការកាន់កាប់ នោះ​កងទ័ព​អាម៉េរិក​នឹង​ដកខ្លួន​ចេញ​ដោយ​ខ្លួនឯង ពីព្រោះ​ពួកគេ​នឹង​គ្មាន​ឱកាស​បន្ត​នៅ​ប្រទេស​ស៊ី​រី​នោះឡើយ​។​

​អំពី​គណៈកម្មាធិការ​ធម្មនុញ្ញ​ស៊ី​រី​ដែល​កំពុងបើក​សម័យប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​អាសាដ​និយាយថា រដ្ឋាភិបាល​ស៊ី​រីនឹង​អនុម័ត​រាល់​លទ្ធផល​នៃ​គណៈកម្មាធិការ​នេះ ដរាបណា​វា​សមមូល​នឹង​ផលប្រយោជន៍​ជាតិ​របស់​ស៊ី​រី “​ទោះបីជា​វា​ជា​រដ្ឋធម្មនុញ្ញ​ថ្មី​ក៏ដោយ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ

ទីតាំងផ្សាយពាណិជ្ជកម្ម