​អំពាវនាវ​ឱ្យ​អាណាព្យាបាល​អប់រំ​និង​តាមដាន​កូនចៅ​កុំឱ្យ​ធ្លាក់​ក្នុងការ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​

318
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​អំពាវនាវ​និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​មាតាបិតា​សិស្ស​ទាំងអស់​ត្រូវ​អប់រំ​និង​តាមដាន​កូនចៅ​ជាប្រចាំ​កុំឱ្យ​ពួកគេ​ធ្លាក់ខ្លួន​ទៅប្រើ​ប្រាស់​ចែកចាយ​គ្រឿងញៀន​។​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ​គឺ​ពួកគេ​(​សិស្ស​)​ជា​អ្នក​កាន់​កូនសោ​ជោគវាសនា​ដោយ​ខ្លួនឯង​នាពេល​អនាគត​។​

​ការអំពាវនាវ​និង​សំណូមពរ​លើកឡើង​បែបនេះ​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​នៅក្នុង​ឳ​កាស​ដែល​លោក​បាន​អញ្ជើញ​អមដំណើរ​លោក ហ៊ុន ណេង សមាជិក​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ក្នុង​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា ២០១៩ =២០២០​និង​ទិវា​រំលឹក​គុណគ្រូ​នៅក្នុង​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្ទឹងត្រង់​នៅ​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថា​សូម​ឲ្យ​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​មេត្តា​បញ្ជូន​កូនចៅ​ដែល​គ្រប់​អាយុដ​ល់វ័យ​សិក្សា គឺ​អាយុ​គ្រប់ ៦ ឆ្នាំ​នោះ​ឲ្យ​ចូលរៀន​បាន​គ្រប់ៗ គ្នា​នៅ​ថ្នាក់​ទី​១ និង​រយ​:​ពេល​៧០​ខែ​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​។​រួមទាំង​យកចិត្តទុកដាក់​ជំរុញ​និង​ដាស់តឿន​ពួកគេ​(​កូនចៅ​)​ឲ្យ​ខិតខំ​រៀនសូត្រ ទាំង​ក្នុង​សាលា និង​ក្រៅ​សាលា​ឲ្យ​បាន​គ្រប់ពេលវេលា​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា​ត្រូវ​អប់រំ​កូនចៅ​លើ​ផ្នែក​សីលធម៌​រស់នៅ​ប្រចាំថ្ងៃ​ដើម្បី​ឲ្យ​ក្លាយជា​ក្មេង​ល្អ​សុភាពរាបសារ​ស្លូតបូត​ពោលគឺ​ត្រូវ​អប់រំ​ពួកគេ​បែបណា​កុំ​ឲ្យ​ធ្លាក់ខ្លួន​ទៅប្រើ​ប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ព្រមទាំង​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ​ទៀត​។​ជាមួយ​នោះ​ត្រូវ​អប់រំ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​បើក​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​និង​ជិះ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​គ្រប់ពេលវេលា នៃ​ការធ្វើដំណើរ​។​
​លោក​បាន​បន្ថែមថា​សូម​មាតាបិតា​អាណាព្យាបាល​សិស្ស​សប្បុរសជន​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មេត្តា​ចូលរួម​ជួយ​អភិវឌ្ឍន៍ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​តាមរយ​:​ការជួយ​ជួសជុល កសាង​អគារសិក្សា បណ្ណាល័យ​បង្គន់​អនាម័យ​ត​បណ្តាញ​ទឹកស្អាត​ទឹកស្អាត​សាងសង់​ទីលានកីឡា​នានា​…​និង​ជួយ​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ​រួម ប្រយោជន៍​ទុក​សម្រាប់​កូនចៅ​បាន​ចូល​សិក្សា​យូរអង្វែង​។​

​លោក​បាន​បន្តថា​ក្មួយៗ​ជា​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចងចាំ​គឺ​ក្មួយៗ​នេះហើយ​ជា​អ្នក​កាន់​កូនសោ​សម្រាប់​បើក​ជោគវាសនា​ដោយ​ខ្លួនឯង​នាពេល​អនាគត​គឺមាន​តែ​ការអប់រំ​និង​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ដែល​អាច​បើកផ្លូវ​ឲ្យ​យើង​ទទួលបាន​អនាគត​រុងរឿង​។​ពិសេស​ចំណេះវិជ្ជា​និង​សីលធម៌​ជា​ទ្យ​ព្យ​សម្បត្តិ​ដែល​មិនចេះ​រីងស្ងួត បង្កើត​កិត្តិយស សេចក្តីថ្លៃថ្នូរ​ដល់​ខ្លួនឯង និង​គ្រួសារ គឺ​ក្លាយជា​«​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​»​។​

គួរ​បញ្ជាក់ថា​ខេត្តកំពង់ចាម​មាន​សា​លាម​ត្តេ​យ្យ​សិក្សា​ចំនួន​២៧៣​កន្លែង​មាន​សិស្ស​ជា​កុមារ​សរុប​ចំនួន​២២.៩៩៨​នាក់​សិស្ស​ជា​កុមារី​ចំនួន​១១.៣៦០​នាក់​,​បឋមសិក្សា​សរុប​ចំនួន​៤០៤​កន្លែង​ក្នុងនោះ​សាលាបឋមសិក្សា​កម្រង​ចំនួន ៦៤ កន្លែង ដែលមាន​គ្រូ​សរុប​ចំនួន ៤.៤០៩​នាក់​អ្នកគ្រូ​ចំនួន​២.៤៤៩​នាក់ និង​សិស្ស​សរុប​ចំនួន ១៣៩.៨៧៧ នាក់ សិស្សស្រី​ចំនួន ៦៦.៧៨៦ នាក់​។

​មាន​សាលា​សរុប​ចំនួន​១២៣​កន្លែង​មាន​សាលា​ជា​អនុវិទ្យាល័យ​សិក្សា​ចំនួន​៨០​កន្លែង​និង​សាលា​ជា​វិទ្យាល័យ​សិក្សា​ចំនួន ៤៣ កន្លែង​ដែលមាន​គ្រូ​សរុប​ចំនួន ៣.៥០៥ នាក់ អ្នកគ្រូ​ចំនួន ១.៦៣៤​នាក់ និង​មាន​សិស្ស​ចំនួន ៥៨.០៩៨ នាក់ សិស្សស្រី​ចំនួន ៣២.២១៣​នាក់​៕S/​