បាញ់​ស្លាប់​៤​នាក់​ក្នុង​ពិធីជប់ លៀង​បុណ្យ​ហា​ឡូ​វីន ​នៅ​កាលីហ្វ័រ​ញ៉ា​

360
ចែករម្លែក

​ក្រុមមន្ត្រី​និង​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ប្រតិបត្តិ​ការជួល​ផ្ទះ​តាមរយៈ​កម្មវិធី Airbnb បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​ថា មនុស្ស ៤ នាក់​បាន​ស្លាប់​និង​យ៉ាងហោចណាស់ ៤ នាក់​បាន​រងរបួស​ នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅឯ​ពិធីជប់លៀង​បុណ្យ​ហា​ឡូ​វីន (Halloween) នៅឯ​ផ្ទះ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​ជួល​ដោយ​ស្ត្រី​ម្នាក់ ដែល​កុហកថា នាង​ចង់​ជួល​កន្លែង​ស្នាក់នៅ​តាមរយៈ Airbnb ដូច្នេះ​សមាជិកគ្រួសារ​កើតរោគ​ហឺត​របស់​នាង​អាច​គេច​ផុតពី​ផ្សែង​ភ្លើងព្រៃ​។

​ប៉ូលិស​បាន​និយាយថា ការបាញ់ប្រហារ​នេះ​ត្រូវបាន​រាយការណ៍​នៅ​ម៉ោង​ប្រហែល ១០ និង ៤៥ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅផ្ទះ​ធំ​មួយ​ដែល​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​និង​ស្ថិត​លើ​ចង្កេះភ្នំ​មួយ​នៅ​ជាយក្រុង​អូ​រី​ន​ដា កន្លែង​ដែល​មនុស្ស​ជាង ១០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​។ មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ប្រតិបត្តិ​ការជួល​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា ផ្ទះ​នេះ​ត្រូវបាន​ជួល​តាមរយៈ Airbnb ដោយ​ស្ត្រី​ម្នាក់​ដែល​បាន​ប្រាប់​ម្ចាស់ផ្ទះ​ថា​សមាជិកគ្រួសារ​រាប់សិប​នាក់​របស់គាត់​ត្រូវការ​ខ្យល់អាកាស​បរិសុទ្ធ​។​

​មនុស្ស ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​និង​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​និយាយថា ការជួល​ផ្ទះមួយ​រាត្រី​នៅ​ឱកាស​បុណ្យ​ហា​ឡូ​វីន​គឺមាន​ការសង្ស័យ​គួរសម​រួចទៅហើយ​មុននឹង​មានការ​ព្រម​ជួល​ផ្ទះ​នេះ ដោយ​ម្ចាស់ផ្ទះ​បាន​រំលឹក​ដល់​អ្នក​ជួល​ថា មិន​អនុញ្ញាត​ឱ្យធ្វើ​ពិធីជប់លៀង​នោះឡើយ​។​

​ស្ត្រី​ជួល​ផ្ទះ ដែល​ឈ្មោះ​និង​ស្រុកកំណើត​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង បាន​ប្រាប់​ម្ចាស់ផ្ទះ​ថា សមាជិកគ្រួសារ​របស់​នាង​មាន​ជំងឺហឺត ហើយ​ត្រូវការ​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​។ ភ្លើងព្រៃ​ដ៏​ធំ​នៅ​តំបន់​សូ​ណូ​ម៉ា ចម្ងាយ​ប្រហែល ៩៧ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​អូ​រី​ន​ដា​នៅ​ដើម​សប្តាហ៍​នេះ​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ជម្លៀស​ចេញ​និង​បំពុល​ខ្យល់​លើ​តំបន់​។​

​លោក​ដេវីត ឃុ​គ មេ​ប៉ូលិស​ក្រុង​អូ​រី​ន​ដា​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា គ្មាន​ការគំរាមកំហែង​ដល់​សាធារណជន​ខណៈពេល​នេះ​។​

​លោក​ឃុ​គ​ និយាយថា “​យើង​មិនមាន​ហេតុផល​ណាមួយ​ជឿថា ពួកគេ (​ខ្មាន់ កាំភ្លើង​) ស្នាក់នៅ​ក្នុង​តំបន់​នោះទេ​។ យើង​មិនមាន​ហេតុផល​ណាមួយ​ជឿថា ពួកគេ​មកពី​ទីក្រុង​អូ​រី​ន​ដា​នោះទេ​”​។​

​លោក​ឃុ​គ​ មិនបាន​និយាយ​អំពី​លទ្ធភាព​នៃ​ចេតនា ឬ ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ពាក់ព័ន្ធ​ក្នុងការ​បាញ់ប្រហារ​នេះ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស/Ha

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណី​បាញ់ប្រហារ​នៅ​ទីក្រុង​អូ​រី​ន​ដា

ទីតាំងផ្សាយពាណិជ្ជកម្ម