ការតវ៉ា​នៅ​អ៊ីរ៉ាក់​ឈានដល់​ខែ​ទី​ពីរ ទោះបី​មានការ​សន្យា​ធ្វើកំណែទម្រង់

351
ចែករម្លែក

​កាលពី​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា បព្វជិត​ជាន់ខ្ពស់​របស់​អ៊ីរ៉ាក់​បាន​ព្រមាន​តួអង្គ​បរទេស​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៃ​ប្រទេស​របស់គាត់ ខណៈ​ការតវ៉ា​បាន​ចូលដល់​ខែ​ទី​ពីរ ទោះបី​មានការ​សន្យា​ធ្វើកំណែទម្រង់​និង​អំពើហិង្សា​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាង ២៥០ នាក់​ក្តី​។​

​ការធ្វើ​បាតុកម្ម​បាន​វិ​វត្ត​ចាប់តាំងពី​ថ្ងៃទី ១ ខែតុលា​ពី​ការផ្ទុះ​កំហឹង​អំពី​បញ្ហា​ពុករលួយ​និង​ភាព​អត់​ការងារ​ធ្វើ​រហូតដល់​ការទាមទារ​ឱ្យមាន​ការរុះរើ​រដ្ឋាភិបាល​ទាំងស្រុង ដោយ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​អ្នកនយោបាយ​និង​ឥស្សរជន​សាសនា​។​

​បាតុករ​ថែមទាំង​បាន​ថ្កោលទោស​ឥទ្ធិពល​របស់​ក្រុម​អាវុធហត្ថ​ហា​សេត​អាល់​សា​អា​ប៊ី ដែល​បាន​ចល័ត​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​និង​កន្លែង​ផ្សេងទៀត​ដើម្បី​សំញែង​សាច់ដុំ​របស់​ពួកគេ​។​

​នៅក្នុង​ធម្មទេសនា​ប្រចាំ​សប្តាហ៍ អាជ្ញាធរ​សាសនា​និកាយ​ស៊ី​អ៊ី​ត​កំពូល​គឺ​មហា​បុព្វ​ជិត អា​លី អាល់​ស៊ី​ស្តា​នី បាន​និយាយថា អ៊ីរ៉ាក់​មិនត្រូវ​ឱ្យគេ​អូស “​ធ្លាក់​ជ្រោះ​ជ្រៅ​” នោះឡើយ​។​

​លោក​បាន​និយាយថា “​គ្មាន​នរណា​មួយ​ឬ​ក្រុម​ណាមួយ គ្មាន​ភាគី​ណាមួយ​ជាមួយ​ទស្សនៈ​យល់ឃើញ​ផ្ទាល់ខ្លួន គ្មាន​តួអង្គ​ក្នុង​តំបន់​ឬ​អន្តរជាតិ​ណាមួយ អាច​ដណ្តើមយក​ឆន្ទៈ​របស់​ប្រជាជន​អ៊ីរ៉ាក់ និង ដាក់​ឆន្ទៈ​របស់ខ្លួន​មកលើ​ពួកគេ​បានឡើយ​”​។​

​សម្តី​របស់លោក​ស៊ី​ស្តា​នី ដែល​អាចមាន​ទម្ងន់​លើ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ការអត្ថាធិប្បាយ​របស់​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​លី ខា​មេ​នី​។​

​លោក​ខា​មេ​នី​បាន​និយាយ ដោយ​មិន​ពន្យល់ថា “​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ប្រាប់​អ្នក​ទាំងឡាយណា ដែល​យកចិត្តទុកដាក់​អំពី​អ៊ីរ៉ាក់​និង​លី​បង់​ក្នុងការ​ដោះស្រាយ​អសន្តិសុខ ដែលជា​អាទិភាព​របស់​ពួកគេ​”​។​

​អ៊ីរ៉ាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​តែ​ស្មុគស្មាញ​ជាមួយ​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក ដែល​តែងតែ​ជំទាស់​នឹង​ឥទ្ធិពល​របស់​របប​តេ​ហេ​រ៉ង់​នៅក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​ទទូច​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ឱ្យ “​ស្តាប់​ការទាមទារ​ស្របច្បាប់​ធ្វើឡើង​ដោយ​ប្រជាជន​អ៊ីរ៉ាក់​” ដោយ​និយាយថា ការស៊ើបអង្កេត​ផ្លូវការ​មួយ​កាលពី​ខែ​មុន​អំពី​ការបង្ក្រាប​លើ​ការតវ៉ា គឺ “​ខ្វះ​ភាពជឿជាក់​គ្រប់គ្រាន់​”៕ ដោយ៖ កញ្ញាដាលីស

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ឈានដល់​ខែ​ទី​ពីរ