អធិការបតី​អាល្លឺម៉ង់​ជំរុញ​ឱ្យ​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ឥណ្ឌា​

413
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជេ​ឡា មឺ​គែល បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ២ វិច្ឆិកា ថា​មាន​តម្រូវការ​ចាំបាច់​សម្រាប់​ការប៉ុនប៉ង​ជាថ្មី​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ឡើងវិញ​ស្តីពី​ការសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ឥណ្ឌា​និង​សហភាព​អឺរ៉ុប​។​

​លោកស្រី​មឺ​គែល ដែល​កំពុងស្ថិត​ក្នុងប្រទេស​ឥណ្ឌា​រួមជាមួយ​សហសេវិក​គណៈ​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ធុរកិច្ច​ជាច្រើន​នាក់ បានចាប់ផ្តើម​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី ស្តីពី​ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ​ក្នុង​តំបន់ និង ការប្រែប្រួល​អាកាសធាតុ​។​

​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ជាមួយ​ឥណ្ឌា​គឺជា​កិច្ច​តម្រូវ​ចង់បាន​ជា​យូរ​មក​ហើយពី​អាល្លឺម៉ង់ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ឥណ្ឌា​នៅ​អឺរ៉ុប​។​

​ កិច្ចព្រមព្រៀង នេះ​បាន​ពិភាក្សា​ជាច្រើន​ឆ្នាំ​មកហើយ​។​

​លោកស្រី​មឺ​គែល​បាន​និយាយ​នៅ​ទីក្រុង​ញូវដែលី​ថា “​យើង​ត្រូវការ​ការប៉ុនប៉ង​ថ្មី​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប​និង​ឥណ្ឌា​។ យើង​ធ្លាប់​បានសម្រេច​កិច្ចព្រមព្រៀង​មួយ​ពីមុន​រួចទៅហើយ​” ដោយ​បន្ថែមថា លោកស្រី​បានរៀបចំ​ការពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​លោក​ម៉ូ​ឌី​។​

​លោកស្រី​និយាយថា “​ជាមួយ​គណៈកម្មការ​ថ្មី​របស់​សហភាព​អឺរ៉ុប នោះ​ច្បាស់​ជាមាន​ការប៉ុនប៉ង​ថ្មី​”​។​

​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ជាង ១.៧០០ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឥណ្ឌា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​អាចជួយ​កាត់បន្ថយ​ភាពមិនប្រាកដប្រជា ដែល​ធ្លាប់​ជួប​ដោយ​វិនិយោគិន​អាល្លឺម៉ង់ បន្ទាប់ពី​កិច្ចព្រមព្រៀង​ការពារ​កា​រ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​បានបញ្ចប់​ក្នុង​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​មឺ​គែល​និង​លោក​ម៉ូ​ឌី ជួបពិភាក្សា​អំពី​ការបន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ទីក្រុង​ញូ​វ​ដេលី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ