​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

537
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
ប្រធានាធិបតី​ហុង​គ្រី​លោក​យ៉ា​ណូ​ស អា​ឌ័​រ (Janos Ader)​និង​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០​ខែតុលា​។
​នៅពេល​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី នៃ​ប្រទេស​ហុង​គ្រី នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។ ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ផ្ដោត​សំខាន់​លើ​វិស័យ​អាទិភាព​ជាច្រើន ដែល​ភាគី​ទាំងពីរ អាចធ្វើ​ការរួម​គ្នា នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ក្តី​ព្រួយបារម្ភ​រួម​។​

​ជាមួយគ្នានេះ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា លោក យា​ណូ​ស អា​ឌ័​រ ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ជួប​សម្តែង​ការគួរសម​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ បើតាម​អ្នកនាំពាក្យ ក្នុងជំនួប​នេះ ប្រធានាធិបតី​ហុង​គ្រី បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​របស់​ម្ពុ​ជា ពិសេស​បាន​ថ្លែង​អំពី​កិត្តិនាម​ប្រាសាទអង្គរវត្ត ដែលមាន​ភាពល្បីល្បាញ​ខ្លាំង នៅ​ប្រទេស​ហុង​គ្រី​។​

​កាលពី​ថ្ងៃទី​២៩ ខែតុលា គឺជា​ខួប​ទី​១៥ ឆ្នាំ​នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស បាន​ក្រាប​ថ្វាយព្រះពរ​ជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​ដល់​ព្រះអង្គ សម្រាប់​ឱកាស​នៃ​ខួប ១៥ ឆ្នាំ នៃ​ការយាង​ឡើង​គ្រងរាជ្យ​សម្បត្ដិ​នេះ​។​

​កាលពី​ថ្ងៃទី​២៩ ខែតុលា ដែលជា​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ខាំ​ផាន់ ភុំ​ម៉ា​ថា​ត សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស​នៃ​ប្រទេស​ឡាវ​។ ជំនួប ដែល​ធ្វើឡើង នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ផ្តោតលើ​ការពិភាក្សា​ស៊ី​ជំរៅ​ជាច្រើន ពាក់ព័ន្ធ​នឹង​ការពង្រឹង​ទំនាក់ទំនង និង​ជំរុញ​ព​ន្លឿ​ន​ការងារ ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា កន្លងមក ឱ្យមាន​ដំណើរការ​ទៅមុខ និង​ទទួលបាន​ភាពជោគជ័យ ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្តេច​សង្ឃនាយក​រង​ទី​១​និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល ក្នុង​រាជធានី​ភ្នំពេញ បាន​យាង​ចូល​ទិវង្គត ពោលគឺ សុគត ដោយ​ព្រះ​ជរាពាធ ក្នុង​ព្រះជន្ម ១០៦​ព្រះវស្សា​។ ក្រោយ​ទទួលដំណឹង​ភ្លាមៗ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅដល់​វត្ត​សន្សំ​កុសល និង​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ តាម​ការគ្រោងទុក ព្រះ​សព​សម្តេច​សង្ឃ លាស់ ឡាយ នឹង​តម្កល់ទុក បូជា​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​កម្ពុជា​នៅតែ​បន្ត​បេ​ជ្ញា​ចិត្ត ជំរុញ​ការបង្កើន​ចំនួន​កងទ័ព​មួក​ខៀវ ជានា​រី ឱ្យចូល​រួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅក្រៅ​ប្រទេស​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ចូល​កម្លាំង​មួក​ខៀវ ជានា​រី បាន​ជាង ១៧​ភាគរយ លើសពី​ផែនការ​កំណត់​របស់​អង្គការសហប្រជាជាតិ​ក៏ដោយ​។

​ស្ត្រី​អ្នកទេសចរ​អង់គ្លេស​ម្នាក់ បាន​បាត់​ខ្លួន នៅ​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ទៀបភ្លឺ ថ្ងៃទី​២៤ ខែតុលា​។ អាជ្ញាធរ​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​នេះ ទាំង​នៅក្នុង​ព្រៃ នៅ​កោះរ៉ុង នៅក្នុង​ទឹកសមុទ្រ និង​នៅលើ​លំហរ​សមុទ្រ​។ កាលពី​ថ្ងៃទី​៣០​តុលា អាជ្ញាធរ​សមត្ថកិច្ច បាន​បន្ថែម​កម្លាំង ដោយមាន​ឆ្កែ ហិតក្លិន និង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ស្វែងរក​ផងដែរ​។ រហូត​រសៀល​ដល់​ថ្ងៃទី​៣១ ខែតុលា អាជ្ញាធរ​សមត្ថកិច្ច បាន​រកឃើញ​សព​របស់​ស្ត្រី​រងគ្រោះ អណ្តែត​នៅ​កណ្តាល​សមុទ្រ​ជិត​ព្រំដែន​កម្ពុជា​។​

​កាលពី​ថ្ងៃទី​៣០ ខែតុលា ក្រសួងការបរទេស បានប្រកាសថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក ផាន់ វ៉ាន់​យ៉ាង អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​សេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​។ កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា កម្ពុជា និង​វៀតណាម នឹងធ្វើ​សមយុទ្ធ​រួមគ្នា នៅ​ខែធ្នូ​ខាងមុខ​។ សម​យុ​ទ្ឋ​រួមគ្នា​នេះ ជា​ប្រភេទ​សមយុទ្ធ ដើម្បី​ត្រៀម​សង្គ្រោះ នៅពេល​មាន​គ្រោះមហន្តរាយ​នានា ដូចជា ភ្លើង​ឆេះ​ព្រៃ ឬ​ទឹកជំនន់ ជាដើម​។

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បានចេញ​លិខិត​ណែនាំ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ឲ្យ​ត្រៀម​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​០៩​វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​វិច្ឆិកា​។ ជាការ​កត់សម្គាល់​វិធានការ​ប្រាំបួន​ចំណុច​នេះ ក៏​ដើម្បី​ត្រៀម​ទប់ស្កាត់​ការប៉ុនប៉ង វិល​ចូល​ប្រទេស ដើម្បី​ដឹកនាំ​ចលនា​ផ្ដូ​ល​រំលំ​រាជរដ្ឋាភិបាល​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា​ផងដែរ​។​

​ថ្ងៃទី​១ ខែវិច្ឆិកា ជា​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩-​ឆ្នាំ​២០២០​។ នៅ​ថ្ងៃ​បើក​បវេសនកាល​ថ្មី​នេះ សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារលិខិត​អបអរសាទរ​និង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ដែល​ត្រូវ​គ្រប់​អាយុ ចូលរៀន​គ្រប់គ្នា​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អំពាវនាវ​ប្រាំបី​ចំណុច ដើម្បី​ធានា​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​នៅ​កម្ពុជា​ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ធ្វើឡើង ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា នាទី​ក្រុង​បាងកក ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ សម្រាប់​ចីរភាព​»​។​
​នៅ​ថ្ងៃទី​២​វិច្ឆិកា​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ (​ពេញអង្គ​) និង​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​អាស៊ាន និង​សហគមន៍​នៃ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA)​។

​ព្រឹត្តិការណ៍​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​បំផុត សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅថា អាស៊ាន​។ កិច្ចពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​របស់​អាស៊ាន ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​ជាច្រើន ត្រូវបាន​លើក​មក​ជជែក និង​ស្វែងរក​ដំណោះស្រាយ​ក្នុង​កិច្ចប្រជុំ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម