ហ្វី​ហ្វា​និង​អាស៊ាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ការ​សម្លឹងមើល​លទ្ធភាព​ធ្វើ​សហ​ម្ចាស់ផ្ទះ​វើ​ល​ខាប់ ២០៣៤

375
ចែករម្លែក

​មេដឹកនាំ​និង​ប្រតិភូ​មកពី​ប្រទេស​អាស៊ាន​ទាំង ១០ បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការសហការ​បាល់ទាត់​ជាមួយ​ស្ថាប័ន​បាល់ទាត់​ពិភពលោក ហ្វី​ហ្វា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៥ កាលពី​ថ្ងៃ​សៅរ៍ (២ វិច្ឆិកា​) នៅ​មណ្ឌល Impact Forum ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួង​ថង​ថា​នី​នៃ​ក្រុង​បាងកក​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រធាន​ហ្វី​ហ្វា​លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​នទី​ណូ និង​អគ្គលេខាធិការ​អាស៊ាន​លោក លីម ចុក​ហយ​។​

​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​គោលបំណង​លើកកម្ពស់​បាល់ទាត់​តំបន់​អាស៊ាន​នៅ​ថ្នាក់​តំបន់​និង​ថ្នាក់មូលដ្ឋាន​ក្នុង​ទិដ្ឋភាព​ចំនួន​បួន គឺ សុចរិត​ភាព​កីឡា កីឡា​សម្រាប់​ការអភិវឌ្ឍ កម្មវិធី​សាលា​បាល់ទាត់​របស់​ហ្វី​ហ្វា និង ការកសាង​សមត្ថភាព​អាជីព ក៏ដូចជា ម​ហិ​ច្ឆិ​តា​របស់​ប្រជាជាតិ​អាស៊ាន​ក្នុងការ​ស្នើសុំ​ធ្វើជា​សហ​ម្ចាស់​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣៤​។​

​បន្ទាប់ពី​ពិធី​នេះ ប្រធាន​ហ្វី​ហ្វា​បានប្រគល់​អាវ​កីឡា​ពណ៌​ខៀវ​ដល់​មេដឹកនាំ​អាស៊ាន​និង​ប្រតិភូ​ដែលមាន​លេខ​និង​ឈ្មោះ​របស់​ពួកគេ​នៅ​ខាងក្រោយ​។​

​មេដឹកនាំ ៧ រូប​រួមទាំង​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា ទទួលបាន​អាវ​លេខ ៩ ដែលជា​ធម្មតា​ជា​អាវ​សម្រាប់​ខ្សែប្រយុទ្ធ ដែល​ស្មើនឹង​តួនាទី​របស់​ពួកគេ​ជា​នាយករដ្ឋមន្ត្រី​។​

​ស្តេច​ស៊ុ​លត​ង់ ហា​សា​ណា​ល់ បូល​គី​អា នៃ​ប្រទេស​ប្រ៊ុយណេ​និង​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត ទទួលបាន​អាវ​លេខ ១០ ដែលជា​អាវ​សម្រាប់​ប្រធាន​ក្រុម ក៏ដូចជា​ដើម្បី​រក្សា​ឋានៈ​ពួកគាត់​ជា​ប្រមុខរដ្ឋ​។​

​ជាមួយគ្នានេះដែរ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូ​កូ វី​ដូ​ដូ​ទទួលបាន​អាវ​លេខ ២១ ព្រោះ​ឥណ្ឌូណេស៊ី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ ឆ្នាំ​នៅ​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​អាស៊ាន​ទទួលបាន​អាវ​កីឡា​ពណ៌​ខៀវ​ពី​ប្រធាន​ហ្វី​ហ្វា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ