ឥណ្ឌា​មិន​ចូលរួម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ី​ដែល​គាំទ្រ​ដោយ​ចិន​ខណៈ​១៤​ប្រទេស​ទៀត​ជំរុញ​បង្កើត​

2747
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា​បាន​ចូលរួម​ជាមួយ​ប្រទេស​អាស៊ី​១៤​ផ្សេងទៀត​នៅ​ក្នុង​ការជំរុញ​បង្កើត​អ្វី​ដែល​អាច​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក តែ​ឥណ្ឌា​​បាន​ដកខ្លួន​ចេញ​នៅ​នាទី​ចុង​ក្រោយ​ដោយ​ហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ប៉ះពាល់​ដល់​កសិករ ធុរកិច្ច កម្មករ​និង​អ្នក​ប្រើប្រាស់​របស់​ខ្លួន ។​

​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​និង​កំណើន​នៃ​ការ​គាំពារ​និយម​បាន​ជំរុញ​ចលករ​ថ្មី​មួយ​ក្នុងការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ពិស្តារ (RCEP)​ដែល​នឹង​បញ្ចូល​អាស៊ាន​១០​ប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​នូវ៉ែល​សេ​ឡង់ មក​ក្នុង​ក្រុម​ពាណិជ្ជកម្ម​តែមួយ​។​

​ប្រទេស​ជា​សមាជិក​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ឆ្នាំក្រោយ​បន្ទាប់​ពី​ប្រទេស​ជា​សមាជិក​ទាំង​១៥ ដោយ​គ្មាន​ឥណ្ឌា បាន​ឈាន​ដល់​ការព្រមព្រៀង​​គ្នា​នៅ​ក្រុង​បាងកក​ស្តីពី​ខ្លឹមសារ​អត្ថប​ទនិង​បញ្ហា​ចូលក្នុង​ទីផ្សារ​។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​នដ្រា ម៉ូ​ឌី (​ឆ្វេង​)​និង​នាយករដ្ឋមន្ត្រី​ចិន ថត​រួមគ្នា​នៅ​ជំនួប​កំពូល​អាស៊ាន​នៅ​ថៃ​កាលពី​ថ្ងៃ​៤​វិច្ឆិកា​

​ប្រទេស​ទាំង​១៥​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ប្រឈម​នឹង​បរិយាកាស​ពិភពលោក​ផ្លាស់ប្តូរ​លឿន​មួយ ការពិភាក្សា​សំរេច​RCEP បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា​​របស់​យើង​ចំពោះ​ពាណិជ្ជកម្ម​បើក​ចំហ​និង​បរិយាកាស​វិនិយោគ​នៅ​ទូទាំង​តំបន់​»​។​

​ពួកគេ​ក៏​បើកទ្វារ​ចំហ​ដើម្បី​ឥណ្ឌា​ចូលរួម​នៅ​ពេល​ក្រោយ បើ​បញ្ហា​ដែល​ឥណ្ឌា​មាន​ជាមួយ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ដោះស្រាយ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​នដ្រា ម៉ូ​ឌី ដែល​ថា​លោក​គិត​ផលប្រយោជន៍​ប្រជាជន​ឥណ្ឌា​ជាធំ បាន​និយាយថា​«​នៅ​ពេល​ខ្ញុំ​ថ្លឹងថ្លែង​កិច្ចព្រមព្រៀង​RCEP​ទៅ​នឹង​ផលប្រយោជន៍​​របស់​ប្រជាជន​ឥណ្ឌា ខ្ញុំ​មិន​អាច​ផ្តល់​ចម្លើយ​វិជ្ជមាន​បានទេ​»​។​

​ឥណ្ឌា បារម្ភ​ខ្លាចក្រែង​កិច្ចព្រមព្រៀង​នេះ ដែល​តំរូវ​អោយ​កាត់ចោល​ការយក​ពន្ធគយ​ជា​បណ្តើរៗ នឹង​បើកចំហ​ទីផ្សារ​របស់​ខ្លួន សំរាប់​ការហូរ​ចូល​ទំនិញ​ថោកៗ​ពី​ចិន​និង​ក​សិ​​ផល​ពី​អូស្ត្រាលី​និង​នូវ៉ែល​សេ​ឡង់ ដែល​នឹង​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក​របស់​ខ្លួន​៕​ដោយ​៖​វាសនា​