អាម៉េរិក​ចោទប្រកាន់​ចិន តែ​ចិន​ប្រាប់​អាម៉េរិក​អោយ​សម្របសម្រួល​និង​ជំរុញ​ទំនាក់ទំនង​

456
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា​បាន​អំពាវនាវ​អោយ​អាម៉េរិក​សម្របសម្រួល​ជាមួយ​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ទៅ​តាម​ផ្លូវ​ដ៏​​ត្រឹមត្រូវ​។​

​លោក​លី បាន​មានប្រសាសន៍​ដូច្នេះ​ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​លោក រ៉ូ​ប៊ឺត អូ​បៀ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ នៅក្រៅ​កិច្ចប្រជុំ​​កំពូល​អាស៊ាន​លើក​ទី​៣៥​និង​ជំនួប​ពាក់ព័ន្ធ​នៅ​ក្រុង​បាងកក​។​

​លី បាន​មានប្រសាសន៍ថា នៅពេល​ពិភពលោក​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​ស្មុគស្មាញ​និង​ជ្រាលជ្រៅ ប្រទេស​ទាំង​ពីរ​ត្រូវ​ការសម្របសម្រួល​គ្នា​ដើម្បី​ធ្វើអោយ​ទំនាក់ទំនង​របស់​គេ​វិវឌ្ឍ​ក្នុង​លក្ខ​​ណៈ​មាន​សុខភាព​និង​ថិ​ត​ថេរ ដែល​ក៏​បំពេញ​ទៅ​តាម​ការរំពឹងទុករ​បស់​សហគមន៍​អន្តរជាតិ​។​

នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ជួប​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក នៅក្រៅ​ជំនួប​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​៤​វិច្ឆិកា​

​ដោយ​កត់សម្គាល់ថា ឆ្នាំ​នេះ​ជា​ខួប​ទី​៤០​នៃ​ទំនាក់ទំនង​ការទូត​ចិន​-​អាម៉េរិក លោក​នាយករដ្ឋមន្ត្រី​ចិន​បាន​កត់សំគាល់ថា ការដោះដូរ​និង​កិច្ចសហការ​របស់​ប្រទេស​ទាំង​ពីរ​​បាន​នាំ​មក​ផលប្រយោជន៍​ធំធេង​សំរាប់​ភាគី​ទាំងពីរ និង​ក៏​ផ្តល់​ប្រយោជន៍​ដល់​ពិភពលោក​។​

​លោក​លី​បាន​អំពាវនាវ​អោយ​ចិន​និង​អាម៉េរិក​ដើរ​តាម​កុងសង់ស៊ីស​(​ការស្រុះស្រួល​មតិ​)​ដែល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​សំរេច​ឡើង និង​ជំរុញ​ទំនាក់ទំនង​របស់​គេ​ឈរ​លើ​កិច្ច​​សម្របសម្រួល សហការ​និង​ស្ថិរភាព​។​ប្រទេស​ទាំង​ពីរ​គួរតែ​គោរព​ផលប្រយោជន៍​គ្នា​និង​ការព្រួយបារម្ភ​ធំៗ ព្រមទាំង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​ឈរ​លើ​សមភាព​និង​ការគោរព​គ្នា​​ទៅវិញទៅមក ក្នុងពេល​ពង្រីក​កិច្ចសហការ​ផ្អែក​លើ​ផលប្រយោជន៍​ទាំង​សងខាង​និង​ឈ្មះ​ឈ្នះ​។​

​តែ​មុននេះ​ក្នុង​ថ្ងៃ​ដដែល​លោក រ៉ូ​ប៊ឺត អូ​បៀ​ន បាន​ចោទប្រកាន់​ចិន​ថា​ធ្វើ​ការបំភិតបំភ័យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ទទូច​អោយ​មាន​សេរីភាព​នាវាចរណ៍​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​តំបន់​កាលពី​ថ្ងៃ​ចន្ទ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​រូបនេះ បាន​និយាយថា​«​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ប្រើ​ការបំភិតបំភ័យ​ដើម្បី​ព្យាយាម​និង​បញ្ឈប់​ប្រជាជាតិ​​អាស៊ាន​មិន​អោយធ្វើ​អាជីវក​ប្រភពធនធាន​នៅ​ឯនាយ​ឆ្នេរ​របស់គេ​។​ប្រទេស​ធំ​មិនគួរ​បំភិតបំភ័យ​ប្រទេស​ផ្សេង​ទេ​»​។​

​នៅពេល​ជំនួប​កំពូល​បិទ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​អាម៉េរិ​ក​ក៏​បាន​បញ្ចេញរបាយ​ការណ៍មួយ​ស្តីពី​យុទ្ធសាស្ត្រ​អាស៊ី​-​ប៉ាស៊ីហ្វិក ជាមួយនឹង​ភាសា​ខ្លាំងៗ​មិន​ធម្មតា​​ដោយ​ថ្កោលទោស​ហេតុផល​របស់​ចិន​ក្នុង​ការអះអាង​កម្មសិទ្ធិ​ធំធេង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​

​របាយការណ៍​បាន​និយាយថា អាម៉េរិក​បង្កើន​ការចូលរួម​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សំខាន់ៗ​នៅ​អាស៊ី រួម​មាន​ឥណ្ឌា និង​សម្ពន្ធមិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង​ដើម្បី​«​រក្សា​តំបន់​ឥ​ណ្ឌូ​-​ប៉ា​​ស៊ី​ហ្វិក​សេរី​និង​បើកចំហ ដែល​ប្រទេស​ទាំងអស់ ទាំង​ធំ​ទាំង​តូច ធានាបាន​អធិបតេយ្យភាព​របស់​គេ ហើយ​អាច​បន្ត​ការធ្វើអោយ​ចំរើន​សេដ្ឋកិច្ច ស្របតាម​ច្បាប់​អន្តរជាតិ​និង​​គោល​ការ​នៃ​ការប្រកួតប្រជែង​យុត្តិធម៌​»​។​

​សូមបញ្ជាក់​ថា នៅ​ជំនួប​កំពូល​អាស៊ាន​ដោយ​ឆ្លើយ​ទៅនឹង​ការលើកឡើង​របស់​អាម៉េរិក​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង អនុ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​លី ជូ​ឆេង​បាន​ចោទប្រកាន់​​ប្រទេស​ខាងក្រៅៗ​ថា​«​ជ្រៀតជ្រែក​»​នៅក្នុង​តំបន់ ។​លោក​ថា​«​ប្រទេស​មិន​នៅក្នុង​តំបន់​នេះ​ខ្លះ​មិន​អាច​រស់នៅ​ជាមួយ​នឹង​ទឹក​ស្ងប់​រលក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ ហើយ​ខិតខំ​​គ្រប់​មធ្យោបា​ដើម្បី​បង្ករលក​»​។​

​ចំណែក​លោក​អូ​បៀ​ន ក្រោយមក​បាន​និយាយថា​«​យើង​មិនដឹង​ខ្លួន​ថា យើង​ជា​អ្នក​ជ្រៀតជ្រែក​អី​ទេ​។​យើង​តែងតែ​មក​នៅ​ពេល​ត្រូវបាន​អញ្ជើញ​មិន​ដូច​ប្រទេស​ដទៃ​​ទេ​»៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម