គ្រប់ការងារផ្តល់សេវាជូនពលរដ្ឋត្រូវផ្ទេរមកអង្គភាពច្រកចេញចូលតែ មួយ

344
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ គ្រប់មន្ទីរអង្គភាពដែលមានភារៈផ្តល់សេវាជូនប្រជាពលរដ្ឋចាំបាច់ត្រូវផ្ទេរមកកាន់ច្រកចេញចូលតែមួយស្របតាមគោលការណ៍ក្រសួងមហាផ្ទៃ។ នេះជាការក្រើនរំលឹករបស់ថ្នាក់ដឹកនាំខេត្តខណៈដែលមន្ទីរសាធារណការ និងដឹកជញ្ជូនហាក់មានភាពយឺតយ៉ាវ។

ក្នុងកិច្ចប្រជុំប្រចាំខែតុលារបស់គណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាផ្អែកតាមសេចក្តីណែនាំពីរាជរដ្ឋាភិបាល ពិសេសគោលការណ៍របស់ក្រសួងមហាផ្ទៃគឺរាល់ការផ្តល់សេវាទាំងអស់ត្រូវដំណើរការនៅច្រកចេញចូលតែមួយ។ វិធានការនេះមានបំណងរួមចំណែកក្នុងការកាត់បន្ថយក្តីលំបាកជូនប្រជាពលរដ្ឋទូទៅ។

ដូច្នេះ គ្រប់មន្ទីរដែលមានភារៈផ្តល់សេវាត្រូវផ្ទេរកិច្ចការមកកាន់អង្គភាពច្រកចេញចូលតែមួយជៀសវាងធ្វើផ្ទុយពីការណែនាំ គឺស្មើនឹងមិនអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល។ លោកអភិបាលខេត្តបានបន្តថាគ្រប់មន្ទីរអង្គភាពត្រូវបញ្ឈប់ការផ្តល់សេវាជូនអតិថិជននៅនឹងកន្លែងរបស់ខ្លួនព្រោះកិច្ចការនេះមិនមែនជារឿងថ្មីទេ ពោលគឺសុទ្ធតែធ្លាប់ទទួលសេចក្តីណែនាំរួចហើយ។

បច្ចុប្បន្នក្នុងខេត្តកំពតមានអង្គភាព និងការិយាល័យច្រកចេញចូលតែមួយចំនួនបី ហើយនឹងបើកបន្ថែមពីរទៀតនាពេលដ៏ខ្លីខាងមុខ។ និយាយរួម រដ្ឋបាលខេត្តនឹងបង្កើតឱ្យមានគ្រប់ទាំងប្រាំបីក្រុងស្រុកស្របតាមការ ណែនាំរបស់ក្រសួងមហាផ្ទៃ។ លោកជាវ តាយបានបញ្ជាក់ទៀតថាសេវាសាធារណៈជាផ្នែកសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសជួយសម្រាលការលំបាកទាំងពេលវេលា ទ្រព្យធនដែលពួកគាត់ត្រូវចំណាយ។ សម្តេចក្រឡាហោម សខេងធ្លាប់បានបញ្ចាក់ហើយថាការបង្កើតច្រកចេញចូលតែមួយក្នុងគោលដៅបង្កើនគុណភាព ព្រមទាំងបង្កជំនឿទុកចិត្ត និងផ្តល់ក្តីសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងប្រទេស។

សូមបញ្ជាក់ថាការដាស់តឿនក្រើនរំលឹកនោះកើតឡើងបន្ទាប់ពីលោកអភិបាលខេត្តបានទទួលរបាយការណ៍របស់អង្គភាពច្រកចេញចូលតែមួយដែលផ្តោតចំលើមន្ទីរសាធារណការ និងដឹកជញ្ជូនអំពីភាពយឺតយ៉ាងក្នុងការផ្ទេរកិច្ចការផ្តល់សេវាមកជូនអង្គភាពនេះ។

ឆ្លើយតបចំពោះករណីខាងលើ លោកជីង គួងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតបានបញ្ជាក់ថាកន្លងមកមន្ទីរបានផ្ទេរកិច្ចការមួយចំនួន ពិសេសសាលាបើកបរយានយន្តជូនច្រកចេញចូលតែមួយរួចហើយ។ នៅឆ្នាំ២០២០ខាងមុខ មន្ទីរនឹងប្រគល់កិច្ចការផ្តល់សេវាមកឱ្យទាំងអស់។ ភាពយឺតយ៉ាងទាំងនោះដោយសារអង្គភាពច្រកចេញចូលតែមួយនៅមិនទាន់មានសមត្ថភាព ចំណេះជំនាញ និងឧបករណ៍បច្ចេកទេសជាដើម៕B/

   

ទីតាំងផ្សាយពាណិជ្ជកម្ម