បារាំង​អះអាង​អំពី​ការស្លាប់​មេដឹកនាំ​ក្រុម​ជី​ហាដ​កំពូល​នៅ​ប្រទេស​ម៉ាលី​

366
ចែករម្លែក

​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​បានប្រកាស​ការស្លាប់​រប​ស់មេ​ដឹកនាំ​ក្រុម​ជី​ហាដ​និយម​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាលី នៅពេល​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​ធានា​ដល់​ប្រជាជាតិ​​អាហ្វ្រិក​ខាងលិច​នេះ​អំពី​ការគាំទ្រ​របស់​អឺរ៉ុប​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ការវាយប្រហារ​ដ៏​បង្ហូរ​ឈាម​របស់​ពួក​សកម្មប្រយុទ្ធ​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង លោកស្រី​ផ្លួ​រ៉ង់ ស្ប៉ា​លី បាន​ប្រាប់​សារព័ត៌មាន​AFP នៅពេល​លោកស្រី​បាន​វិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​តំបន់​នោះ​ថា​​កងទ័ព​បារាំង​បាន​សម្លាប់​ម៉ូ​រ៉ូ​កាន់ អា​លី មេ​សូ មេដឹកនាំ​កំពូល​នៃ​ក្រុម​ជី​ហា​ដដែល​គាំ​ក្រុម​អ៊ីស្លាម​និយម​(GSIM) នៅ​ប្រទេស​ម៉ាលី កាលពី​ខែ​មុន​។​

​លោកស្រី​បាន​និយាយ​ថា​ម៉ូ​រ៉ូ​កាន់ អា​លី មេ​សូ គឺជា​ភេរ​វករ​ដែល​គេ​ចង់​ចាប់​ខ្លួន​បំផុត​ទី​២ នៅ​តំបន់​សា​ហែល​នោះ ដោយ​រួមទាំង​ការចង់​ចាប់ខ្លួន​ដោយ​អាម៉េរិក​ផងដែរ បន្ទាប់​​ពី​មេដឹកនាំ​កំពូល​នៃ​ក្រុម​អ៊ីស្លាម​និយម​GSIM​នេះ ឈ្មោះ​អ៊ី​យ៉ាត អាក ហ្កាលី ។​

​ដោយ​បង្កើត​ក្រុម​ជី​ហាដ​ជាច្រើន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់ កៃ​ដា នោះ ក្រុម​អ៊ីស្លាម​និយម​GSIM​នេះ បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ធំៗ​ជា​​ច្រើន​លើក​នៅ​តំបន់​សា​ហែល ចាប់​តាំងពី​ចាប់ផ្តើម​ធ្វើ​សកម្មភាព​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៧ ។​

​កងទ័ព​ម៉ាលី​កំពុង​តស៊ូ​ដើម្បី​ទប់ទល់​ការបះបោរ​ប្រឆាំង​របស់​ក្រុម​អ៊ីស្លាម​និយម​ទោះបី​មាន​ជំនួយ​ពី​បារាំង បណ្តា​ប្រទេសជិតខាង​អាហ្វ្រិក និង​អង្គការ​សហប្រជាជាតិ​ក៏​​ដោយ​៕​ដោយ​៖​សុខា​/sn

កងទ័ព​ម៉ាលី​កំពុង​តស៊ូ​ដើម្បី​ទប់ទល់​ការបះបោរ​ប្រឆាំង​របស់​ក្រុម​អ៊ីស្លាម​និយម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ