ម៉ា​រ៉ា​ដូ​ណា​ប្រាប់​អ្នកគាំទ្រ​ថាបើ​គាត់​ស្លាប់​ទៅ នឹង​មិនឱ្យ​ទ្រព្យសម្បត្តិ​សូម្បី​មួយ​សេន​ដល់​កូនស្រី​នោះឡើយ ​ព្រោះ​នាង​បង្អើល​លើ​អ៊ី​ន​ធឺ​ណិ​ត​ថា​គាត់​ជិត​ស្លាប់​

416
ចែករម្លែក

​វីរបុរស​បាល់ទាត់ ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​បង្ខំចិត្ត​ចេញមុខ​បដិសេធថា​គាត់​មិនបាន​ស្លាប់​ទេ​ នៅក្នុង​វីដេអូ​មួយ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ បន្ទាប់ពី​កូនស្រី​គាត់​ឈ្មោះ ជី​យ៉ាន​នី​ណា បង្ហើប​ថា គាត់​ជិត​ស្លាប់​ដោយសារ​ថ្នាំ​ងងុយដេក​។

​អតីត​តារាបាល់ទាត់ Barcelona និង Napoli រូបនេះ​ក៏បាន​ប្រាប់​អ្នកគាំទ្រ​ផងដែរ​ថា ពេល​គាត់​ស្លាប់​ទៅ នឹង​មិនឱ្យ​ទ្រព្យសម្បត្តិ​របស់គាត់​សូម្បី​មួយ​សេន​ទៅ​កូនបង្កើត​របស់គាត់​នោះឡើយ ព្រោះ​វា​នឹងត្រូវ​បរិច្ចាគ​ទៅ​ផ្នែក​សប្បុរសធម៌​។

​ក្នុង​វីដេអូ​ថត​ពី​កន្លែង​មួយ​ទំនងជា​ផ្ទះ​របស់គាត់​នៅ​អា​ហ្ស​ង់​ទីន អ្នកចាត់ការ​ទូទៅ​អាយុ ៥៩ ឆ្នាំ​រូបនេះ ដែល​កំពុង​តស៊ូ​ជម្នះ​នឹង​ការ​ញៀន​ស្រា​និង​គ្រឿង​ញឿ​ន​ក៏ដូចជា​បញ្ហា​ឡើង​ទម្ងន់ បាន​និយាយថា “​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​មិន​កំពុង​ស្លាប់​នោះឡើយ​។ ការដែល​ខ្ញុំ​ដេកលក់​ស្រួល គឺ​ព្រោះតែ​ខ្ញុំ​ធ្វើ​ការងារ​”​។

​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​ថ្មីៗ​អំពី​សុខភាព​របស់គាត់ ដែល​នាង​ជី​យ៉ាន​នី​ណា​ បង្អើល​ឡើង​កាលពី​សប្តាហ៍​មុន​ដោយ​ចេញមុខ​សុំឱ្យ​អ្នកគាំទ្រ “​បន់ស្រន់​ដល់​គាត់​” និងអះអាងថា គាត់​កំពុង​បំបាត់​ការឈឺចាប់​ជាមួយ​ថ្នាំ​ងងុយដេក ប្រៀប​បីដូច “​តោ​ជាប់ទ្រុង​” លោក​ម៉ា​រ៉ា​ដូ​ណា​បាន​បន្ថែមថា “​ខ្ញុំ​មិនដឹងថា​នាង​ចង់​បានន័យថា​ម៉េច ឬនាង​ចង់​បកស្រាយ​ពីអ្វី​នោះទេ​។ អ្វីដែល​ខ្ញុំ​ដឹង​គឺថា នៅពេល​អ្នក​កាន់តែ​ចាស់​ទៅ មនុស្ស​បារម្ភ​ច្រើន​ពីអ្វី​ដែល​អ្នកនឹង​បន្សល់ទុក​ជាជាង​អ្វីដែល​អ្នក​កំពុង​ធ្វើ​។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា ខ្ញុំ​នឹងមិន​បន្សល់ទុក​អ្វី​ឱ្យ​នោះទេ ព្រោះ​ខ្ញុំ​នឹង​បរិច្ចាគ​វា​ទាំងអស់​។ ខ្ញុំ​នឹងមិន​ឱ្យ​អ្វីៗ​ដែល​ខ្ញុំ​រកបាន​ទៅ​នរណាម្នាក់​នោះឡើយ អំឡុងពេល​ខ្ញុំ​នៅមាន​ជីវិត​។ ខ្ញុំ​នឹង​បរិច្ចាគ​ឱ្យអស់​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ម៉ា​រ៉ា​ដូ​ណា​នឹង​បរិច្ចាគ​ទ្រព្យ​ទាំងអស់​ទៅ​ផ្នែក​សប្បុរសធម៌ ពេល​គាត់​ស្លាប់ទៅ