ជើង​ខ្លាំង ៤ រូប ចុងក្រោយ ដែល​ត្រូវ​ប្រជែង​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

402
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​៩ វិច្ឆិកា គឺជា​ការប្រកួត​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដើម្បី​ប្រជែង​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ត្រូវ​ប្រជែង​គ្នា ឡើង​ផ្ដាច់ព្រ័ត្រ ។​

ស៊ន រ៉ា​គីម និង កូយ ឡាយ​

​អ្នក​ប្រដាល់ ៤ រូប ចុងក្រោយ ដែល​ត្រូវ​ប្រជែង​គ្នា ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ មិនដឹងថា នរណា ជា​អ្នកមាន​សមត្ថភាព នោះឡើយ​។ អ្នក​ប្រដាល់​ជើង​ថ្មី ស៊ន រ៉ា​គីម ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ សម្រាប់ ស៊ន រ៉ា​គីម កាល​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ អ្នក​ប្រដាល់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ហើយ​នៅ​ជុំ​ទី​២ គេ​ផ្ដួល ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។ រ៉ា​គីម បាន​និយាយ នៅ​ថ្ងៃ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ថា ទោះជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ក៏​គេ​ហ្វឹកហាត់ មិន​ហ៊ាន​សម្រាក​ដែរ ព្រោះ​គេ​ត្រូវការ​ឈ្នះ ។ ជុំ​ទី​៣​នេះ ជួប​ជាមួយ កូយ ឡាយ ពិតជា​មិន​ស្រួល​នោះទេ ។​

​ចំពោះ កូយ ឡាយ វិញ កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ គេ​ឈ្នះ​កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ដោយ​ពិន្ទុ ។ នៅ​ជុំ​ទី​២ គេ​ឈ្នះ រឿន ឈី ក្លិប​គុហារ​ព្រហ្ម​ជ័យ ដែល​អវត្តមាន តែ​ទោះជា​យ៉ាងណា ក៏​គេ​បានដាក់​ឲ្យ កូយ ឡាយ ប្រកួត​កំដៅ​សាច់ដុំ ជាមួយ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ហើយ​ក្នុង​ការប្រកួត​នោះ កូយ ឡាយ ជា​អ្នកឈ្នះ ។ កូយ ឡាយ និង ស៊ន រ៉ា​គីម នរណា ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?​។​

ឡុង ជិន និង ទូច ដេវីដ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ។ ឡុង ជិន មួយរយៈ​នេះ ហាក់ដូចជា​ស្រុតចុះ​ច្រើន ។ កាល​ប្រកួត នៅ​ជុំ​ទី​១ ឡុង ជិន ឈ្នះ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ ដោយ​ពិន្ទុ និង​នៅ​ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ​ដែរ​។​

​ចំពោះ ទូច ដេវីដ វិញ នៅ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ នៅ​ទឹក​ទី​១ និង​ជុំ​ទី​២ គេ​ឈ្នះ ទិ​ត្យ សុវណ្ណ​គី​រី សមាគម​ប្រដាល់ ក្រសួងកសិកម្ម ដែល​អវត្តមាន ។ ជុំ​ទី​៣ នេះ មិនដឹងថា ឡុង ជិន ឬ ទូច ដេវីដ ដែល​ប្រជែង​បាន​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​គូប្រកួត​ជា​លក្ខណៈ​អន្តរជាតិ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ៕v