វិធី​ការពារ​ជំងឺ​មាន់​

7099
ចែករម្លែក
  • 8
    Shares

​ប្រការ​សង្ខេប​សំខាន់​ដែល​អ្នក​ចិញ្ចឹម​មាន់​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ការពារ​ជំងឺ​មាន់ មាន​ដូចខាងក្រោម :
– ទឹក​ត្រូវ​សម្លាប់​មេរោគ​ជាមុនសិន​មុនពេល​យកមកប្រើ​
– ចំណី​ត្រូវ​គ្រប​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​
– ក្នុង​ទ្រុង​មិនត្រូវ​ឲ្យ​មាន​សត្វល្អិត​ចូល​បាន​ដោយ​រាប់ទាំង​ឆ្កែ ឆ្មា កណ្តុរ កន្លាត​
– មិនត្រូវ​ឲ្យ​មាន់​ស៊ី​ចំណី​ប្លែក​ខុសពី​ចំណី​ជា​ប្រក្រតី​របស់​វា​នោះឡើយ វា​អាចធ្វើ​ឲ្យ​មាន​រោគ ឬ​មាន​ជំងឺ​បាន​

– មនុស្ស​ដែល​មិនមាន​តួនាទី​ជា​អ្នក​មើលថែរ​ក្សមាន់​មិនត្រូវ​ឲ្យ​ចូលក្នុង​ទ្រុងមាន់​ដាច់ខាត​
– ពេល​កូន​មាន់នៅ​តូច​ត្រូវ​ផ្តល់​កំដៅ​ឲ្យ​វា​ត្រឹមត្រូវ គឺ ៣៧​ដឺ​ក្រេ រហូត​វា​មាន​អាយុ ២១​ថ្ងៃ (​ជាធម្មតា​ត្រឹម ១៤​ថ្ងៃ តែ​ប្រាំពីរ​ថ្ងៃ​ទៀត គឺ​តែ​នៅពេល​យប់ ព្រោះ​វា​មាន​ធាតុអាកាស​ត្រជាក់​ជាង​ពេល​ថ្ងៃ​)

– គ្រឿង​សម្ភារ​ប្រើប្រាស់​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​សម្លាប់​មេរោគ ឬ​អាច​ប្រើ​ទឹកអូសាវ៉ែល​លាយ ជាមួយ​ទឹក​ធម្មតា​ក៏​បានតែ​មិនគួរ​ប្រើ សាប៊ូ​ទេ លើកលែងតែ​ការសំអាត​នោះ​ត្រូវធ្វើ​ក្នុង​រូបភាព សំអាត​ទូទៅ​
– ស្បែកជើង​ត្រូវតែ​ប្តូរ​មុនពេល​ចូលក្នុង​ទ្រុងមាន់​
– ត្រូវធ្វើ​វាក់​សាំង​ឲ្យ​បាន​ទៀងទាត់​តាម​កាលកំណត់​
– ប្រើ​ចំណី​ដែល​មានគុណ​ភាពល្អ​ត្រឹមត្រូវ​សម្រាប់​អាយុកាល​របស់​មាន់​
– រៀបចំ​កន្លែង​សម្រាប់​ទុក​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​ត្រូវ​ទឹក ឬ​ទឹកភ្លៀង ។​


​បញ្ជាក់ : ជំងឺ​មួយចំនួន​កើតឡើង​ផ្ទាល់​នៅពេល​ពង​នោះ​ស្ថិតក្នុង​សំបុក​របស់​មេមាន់​នោះ​តែម្តង ឬ​នៅពេល​វា​ប្រឡាក់​ជាមួយ​លាមក​មាន់ ទីកន្លែង​ទុកដាក់​ពង​ត្រូវតែ​ស្អាត​ដោយ​រួមទាំង​សំបុក​របស់​មេមាន់​ដែល​យក​ទុក​ធ្វើ​ពូជ​នោះ​ផងដែរ បើ​ចាំបាច់​យើង​អាច​ប្តូរ​ទៅ​ដាក់​ជាមួយ​សំបុក​ថ្មី​ក៏បាន ។​
– ត្រូវ​បញ្ចៀស​មិន​ឲ្យ​មាន​ខ្យល់​បក់​ចូលក្នុង​ទ្រុងមាន់​ច្រើនពេក​នោះឡើយ​ព្រោះ​វា អាច​ឲ្យ​មាន់​ឈឺ ដោយសារ​មេរោគ​ដែល​រសាត់​មកជា​មួយ​ខ្យល់​នោះ​
– សត្វ​ស្លាប​ព្រៃ​មិនត្រូវ​ឲ្យ​មាន​វត្ត​មាននៅ​កន្លែង​ចិញ្ចឹម​មាន់ ឬ​នៅក្បែរ​កន្លែង​ចិញ្ចឹម​មាន់​នោះទេ ដោយ​រួមទាំង​សត្វ​ស្លាប​ស្រុក​ផងដែរ ព្រោះ​សត្វ​ទាំងនោះ​អាចមាន​មេរោគ​ជំងឺ​ណាមួយ នៅជាប់ ជាមួយ​ក្នុង​ខ្លួន របស់​វា​ដូច្នេះ​បើ​វា​ជុះ​មក​ដី​បាក់តេរី​របស់​មេរោគ​អាច​នឹង​ឆ្លង​រាលដាល ចូល មក​ក្នុង​ទីកន្លែង​យើង​ចិញ្ចឹម​មាន់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ។
​សូម​ប្រយ័ត្ន​ត្រង់​ប្រការនេះ​ឲ្យ​បាន​ច្រើន​

-​ទ្រុងមាន់​ដែលមាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មាន់បាន គឺ​ទ្រុងមាន់​ដែលមាន​រៀប​ឥដ្ឋ​កំពស់ ៥០​សង់ទីម៉ែត្រ​ព័ន្ធ​ជុំវិញ ត្រូវធ្វើ​ធ្នើ​សម្រាប់​ឲ្យ​មាន់​ផុតពី​ដី​កម្ពស់ ១​ម៉ែត្រ ដើម្បី​ឲ្យ​ងាយស្រួល​បោស​ប្រមូល​កើប​យក​អាចម៍មាន់​ចេញពី​ក្នុង​ទ្រុង​
– ប្រើប្រាស់​ថ្នាំ​សម្រាប់​សម្លាប់​មេរោគ​មានឈ្មោះ​បៃ​អូ​សូល (biosol) ១​ដប​ចំណុះ​មួយ​លីត្រ សម្រាប់​បាញ់​ជុំវិញ​ទ្រុងមាន់ និង​ទីកន្លែង​ក្បែរ​ខាង​ដែល យើង​យល់ថា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដល់​មាន់បាន​
– មិនត្រូវ​ឲ្យ​មាន​ជម្រក​ទឹក​ជ្រាំ​ភក់ នៅ​ជិត​កន្លែង​ចិញ្ចឹម​មាន់​នោះឡើយ​ត្រូវ​លុប ឬ​កាយ​បង្ហូរ​ចេញរួច​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ៕ ប្រភព: អ៊ាង សុផល្លែត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ