ងោក​មួយភាំង​រថយន្ត​ឡើង​ខឿន​ ក្រឡាប់ចាក់​កូកាកូឡា​ចោល​ពេញ​ផ្លូវ​

507
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ភេសជ្ជៈ​បើក​ឡើង​ខឿន​ក្រឡាប់ចាក់​កូកាកូឡា​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅលើ​ផ្លូវ​វិមាន​ឈ្នះៗ​(​ទំនប់​កប់​ស្រូវ​) ស្ថិតក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សំដី​អ្នកបើកបរ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រូបគេ​បើករថយន្ត​ដឹក​ភេសជ្ជៈ​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3E 4444 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះៗ​(​ទំនប់​កប់​ស្រូវ​) ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង ងោក​មួយភាំង បួង​ចង្កូត​មិនទាន់ ក៏​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​ច្រងាង​តែម្ដង ធ្វើ​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ និង​ភេសជ្ជៈ​មួយចំនួន​រាយប៉ាយ​ពេញ​ផ្លូ​វ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់ រងរបួស​ឡើយ​។ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​បុ​ស្តិ៍​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ រួច​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​មក​ធ្វើការ​វាស់វែង​យក រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម