​ព្រមាន​ប្រើ​ធម៌​ក្តៅ​ដល់​គ្រូបង្វឹក និង​ម្ចាស់​ក្លិប​ប្រដាល់​គុន​ខ្មែរ ធ្វើ​ឲ្យ​ខួច​កេរ្តិ៍ឈ្មោះ​សហព័ន្ធ​

463
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
បន្ទាប់ពី​ស្ងប់ស្ងាត់ មួយរយៈ ពី​រឿង​ក្លិប​មួយចំនួន លួច​នាំ​អ្នក​ប្រដាល់​របស់ខ្លួន ទៅ​ប្រកួត នៅក្រៅ​ប្រទេស​នោះ ស្រាប់តែ​ពេលនេះ រឿង​ដដែល​នេះ បាន​កម្រើក​ឡើងវិញ ។ ការ​កក្រើក​ឡើងវិញ​នេះ បានធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ មានការ​ខឹងសម្បារ យ៉ាងខ្លាំង ។​

​លោក តែម ម៉ឺន បាន​បន្ទោស​ថា លួច​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស ដោយ​មិន​ឲ្យ​សហព័ន្ធ​ដឹង ហើយ​នោះ ពួកគេ​ថែមទាំង​ព្រហើន ហ៊ាន​បង្ហោះ​សារ តាម​បណ្តាញ​សង្គម facebook សុំ​ថវិកា ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ទៀត​។​

​លោក​បាន​បន្ទោស​ថា ការ​បង្ហោះ​សារ តាម​ប​ញ្ដា​ញ​ហ្វេ​ស​ប៊ុ​ក បែបនេះ មានន័យថា បន្ទាប់ពី​គេ ជិត​ដល់​ថ្ងៃ​ចេញទៅ​ប្រកួត ហើយ​តែ​គ្មាន​លុយ ធ្វើលិខិត​ឆ្លងដែន ទើប​បង្ហើរ​សារ ដើម្បី​ឲ្យ​ប្រធាន​សហព័ន្ធ​បានដឹង​។ ជាមួយគ្នានេះ គេ​ថែមទាំង​ត្អូញត្អែរថា បើ​បងប្អូន​ណា ស្រឡាញ់​ក្បាច់គុន​បូរាណ​ខ្មែរ ចង់​លើកស្ទួយ​ក្បាច់គុន បូរាណ​ខ្មែរ ជួយ​ឩ​ប​ត្ថ​ម្ភ​ខ្ញុំ ផង​ជាដើម ។​

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​

​លោក​បាន​ចាត់ទុកថា នេះ​ជា​ទង្វើ​ខុស​ទាំងស្រុង ទៅនឹង​លក្ខន្តិកៈ របស់​សហព័ន្ធ លើក​ក្រោយ​អ្នក ដែល​បង្ហោះ​សារ បើ​មាន​លើក​ក្រោយ លោក​ចាត់ការ តាម​បទបញ្ជា របស់​សហព័ន្ធ ហើយ​។ សកម្មភាព​បែបនេះ គឺជា​ឆបោក​ដល់​អ្នក ដែល​ស្រឡាញ់​គាំទ្រ កីឡាប្រដាល់​គុន​ខ្មែរ​ហើយ​។ សហព័ន្ធ ជា​អាណាព្យាបាល មិនមែន​បណ្ដោយ ឲ្យ​ធ្វើ​អ្វី​ស្រេច តែ​នឹង​ចិត្ត​នោះទេ​។ បើ​មានការ​ប្រកួត នៅក្រៅ​ប្រទេស ត្រូវតែ​ប្រាប់ មក​សហព័ន្ធ ប្រសិនបើ​ការប្រកួត​នោះ មានតម្លៃ អាច​ល្មម​ចូលរួមបាន សហព័ន្ធ មិន​ត្រឹមតែ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ បើ​គ្មាន​លិខិតឆ្លងដែន​សហព័ន្ធ ចេញ​លុយ​ធ្វើ​ឲ្យ​។​

​មានតែ​សហព័ន្ធ​កីឡា​ជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទេ ទើប​មាន​សិទ្ធិ​បញ្ជូន​កីឡាករ ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​។ សហព័ន្ធ​ជាតិ ប្រសិនបើ​មានការ​អញ្ជើញ ពី​សហព័ន្ធ​អន្តរជាតិ​ទ្វីប ឬ​តំបន់​ក៏ត្រូវ​តែ​សុំ​គោលការណ៍ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែរ ។​

​កុំ​របៀប​លួច​ចេញ ទៅ​ប្រកួត​ក្រៅប្រទេស ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ហ៊ាន​យក​ទង់ជាតិ របស់​កម្ពុជា ទៅ​គ្រវី​សំ​ញ៉ែង​ទៀត​នោះ ខុស​រឿង​ហើយ ។ សូម​បញ្ឈប់​ជាបន្ទាន់ នូវ​ទង្វើ​បែបនេះ តទៅទៀត ៕v