រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ការប្រណាំង​ទូក​សាក​ល្បង​សម​កម្លាំង​មុននឹង​ឈានទៅ​ប្រកួត​ថ្នាក់ជាតិ​

454
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ទូក​អុំ និង​ទូក​ចែវ របស់​រាជធានី​ភ្នំពេញ​ចំនួន​៥៥​ទូក​បានមក​ជួបជុំគ្នា​នៅតាម​ដង​ទន្លេសាប មុខ​វត្ត​ឧណ្ណាឡោម នា​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ដំណើការ​អុំ​ប្រណាំង​សាកល្បង​សម​កម្លាំង​កំរិត​រាជធានី​ភ្នំពេញ មុននឹង​ឈានទៅ​ប្រកួត​ថ្នាក់​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១០ ទី​១១ និង​ថ្ងៃទី​១២ វិច្ឆិកា នៅមុខ​ព្រះ​បរម​រា​វាំង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជា​ប្រពៃណី​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បានរៀបចំ​ការប្រណាំង​ទូក​សាកល្បង​បែបនេះ​ជា​រៀងរាល់ឆ្នាំ​នៅមុន​ពិធីបុណ្យ​អុំទូក​មកដល់​ដើម្បី​ដកស្រង់​បទពិសោធ​ន៏ និង​ស្ទាប់ស្ទង់​កំលាំង​ចំណុះ​ទូក​ក្រោយពី​បានធ្វើការ​ហ្វឹកហាត់​ជាច្រើន​ថ្ងៃ​រួច មក​។​

​គួ​បញ្ជាក់ថា ទូក​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ចូលរួម​ប្រណាំង​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​៥៥​ទូក មកពី​តាម​បណ្តា​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ ទូក​អុំ​បុរស ៣៨​ទូក​, ទូក​ចែវ ៤​ទូក​, ទូក​ខ្នាត​អន្តរជាតិ ១៣​ទូក (​នារី ២​ទូក​) ។​

​លោក ឃួ​ង ស្រេង មានប្រសាសន៍​ក្រើនរំលឹក​ដល់​ចំណុះ​ទូក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទៅ​វិន័យ​នៃ​ការប្រកួត​, មាន​សាមគ្គី​គ្នា​ល្អ និង​ត្រូវខិតខំ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព និង​បទពិសោធន៍ ដើម្បី​ដណ្តើម​ជ័យជំនះ ជ័យលាភី និង​កិត្តិយស​ជូន​វត្ត ជូន​សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ​។ តែ​ទោះបីយ៉ាងណា តាំង​ចិត្តជា​កីឡាករ​ត្រូវ​ហ៊ាន​ទទួលយក​ការពិត ចាញ់ ឬ​ឈ្នះ​ជា​រឿង​ធម្មតា​សំរាប់​កីឡា​។ ការ​ប្រណាំងទូក​សាកល្បង​ពេលនេះ ក៏​ដើម្បី​ធ្វើការ​ជ្រើសរើស​ទូក​លឿន ទូក​មធ្យម ផងដែរ​។ ក្រៅពី​មាន​ទូក​ចូលរួម​ប្រណាំង រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏មាន​ប្រទីប​មួយគ្រឿង​ដើម្បី​បង្ហាញ​ទស្សនិកជន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ផងដែរ​។

​ក្នុង​ពិធី​អំ​ទូក​ថ្នាក់​រាជធានី នា​រសៀល​នេះដែរ សង្កេតឃើញ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​របស់​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​ចេញពី​បេះដូង បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាព​សុខដ​មរ​មនា ក្នុងសង្គម​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​, ការរីកចំរើន​លើ​វិស័យ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម