កង់​បី​ឥណ្ឌា​បើក​ឆ្លង​ផ្លូវបត់​ត្រឡប់ក្រោយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​បុក របួសធ្ងន់​ស្រាល​៣​នាក់​

535
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​២​នាក់​ជិះ​ម៉ូតូ QBix មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ចំ​ពីមុខ​ចំហៀង​ខាងស្ដាំ​កង់​បី​ឥណ្ឌា ដែល​បើក​ឆ្លង​ផ្លូវបត់​ត្រឡប់ក្រោយ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី​ធ្លាក់​បោក​នឹង​ថ្នល់ និង​ភាគី​ខាង​ម៉ូតូ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ហើយ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ភ្លាមៗ កាលពី​ម៉ោង​ជិត​០១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច លើ​កំណាត់​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ពណ៌​ស​ផ្លាកលេខ 1HS 3945 បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ចៅប្រុស​អាយុ​ជិត​១០​ឆ្នាំ​ម្នាក់ទៀត ធ្វើដំណើរ​តាមផ្លូវ​២៧១ ទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ត្រឡប់ក្រោយ បាន​ពាក់​កណ្ដាលផ្លូវ ស្រាប់​តែមាន​បុរស​២​នាក់​ជិះ​ម៉ូតូ QBix មួយគ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ 1GW 8512 ឌុប​គ្នា ធ្វើដំណើរ​តាមផ្លូវ​២៧១ ទិសដៅ​ពី​លិច​មក​កើត​វិញ ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចំ​ពីមុខ​កង់​បី​ឥណ្ឌា​ចំហៀង​ផ្នែក​ខាងស្ដាំ​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់ បែកក្បាល​ហូរឈាម ចំណែកឯ​ក្មេងប្រុស​ដែល​រួម​ដំណើរ​ពីក្រោយ មិនត្រូវ​របួស​នោះទេ​។ ហេ​ត​ការណ៍​នេះ បង្ក​កាថ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ភ្លាមៗ​។

​ក្រោយ​កើតហេតុ ភាគី​ខាង​ម៉ូតូ​ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន សុង​ការណ៍ មក​ដឹក​យកទៅ​សង្គ្រោះ ចំណែកឯ​ភាគី​ខាង​កង់​បី ត្រូវបាន​ក្រុមគ្រួសារ មក​នាំទៅ​មន្ទីរពេទ្យ​បន្សល់ទុក​តែ​កង់​បី​ឥណ្ឌា និង​ម៉ូតូ របស់​ភាគី​ទាំងសងខាង ឲ្យ​សមត្ថកិច្ច​ចុះមក​បាញ់​គំនូស រួច​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕ ល​