ក្រសួង​ចំនួន​៤​កំពុង​រៀបចំ​ច្របាច់​ក្រុមអធិការកិច្ច​បញ្ចូល​គ្នា​តែមួយ​សម្រាប់​សម្រួលការ​ងារ​

514
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ ​៖ ​ដើម្បី​សម្រួល​ដល់​ការងារ​លើ​វិស័យ​ឯកជន និង​ពិសេស​បង្កើន​ដល់​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នោះ​ក្រសួង​ចំនួន​៤​បាន កំពុង​រៀបចំ​ច្របាច់​ក្រុមអធិការកិច្ច​បញ្ចូល​គ្នា​តែមួយ។​ ការច្របាច់បញ្ចូល​ក្រុមអធិការកិច្ច​ការងារ​តាម​សហគ្រាស គ្រឹះស្ថាន ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​នេះ​គឺ សំដៅ​ជួយ​កាត់បន្ថយ​បន្ទុក​របស់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​ធានា​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ​។​

សម្រាប់​ក្រសួង​ចំនួន​៤​ដែល​នឹងត្រូវ​ច្របាច់​ក្រុមអធិការកិច្ច​បញ្ចូល​គ្នា​តែមួយ​នេះ​រួមមាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​ក្រសួងទេសចរណ៍ និង​ក្រសួងបរិស្ថាន​។​

ថ្លែង​បញ្ជាក់​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​ស្ដីពី ការច្របាច់បញ្ចូល​ក្រុមអធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​លើកដំបូង​នា​ទីស្ដីការក្រសួង​ការងារ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​យោងតាម​លទ្ធផល​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើក​ទី​១៨ រាជរដ្ឋាភិបាល​បាន​ចាត់តាំង​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលបន្ទុក​ការច្របាច់បញ្ចូល​ក្រុមអធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរក្រសួង​-​ស្ថាប័ន ក្នុងនោះ ចែកជា​២​ជំហាន ​៖ ជំហាន​ដំបូង​ គឺគ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ដែលមាន​អធិការកិច្ច​ទៅតាម​រោងចក្រ សហគ្រាស​លើសពី​មួយក្រុម ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ទាំងអស់​ឱ្យទៅជា​ក្រុម​តែមួយ និង​ចុះ​តែមួយ​លើក​ក្នុង​មួយឆ្នាំ​ចំពោះ​គោលដៅ​មួយ ដោយ​រៀបចំ​បញ្ជី​សកម្មភាព​អធិការកិច្ច និង​ការកំណត់​ពេលវេលា​ចុះ​ឱ្យបាន​ច្បាស់លាស់ លើកលែង​តែមាន​ករណី​ចាំបាច់ ឬ​ករណី​ជា​បទល្មើស​។ សម្រាប់​ជំហាន​បន្ទាប់​ទៀត​គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន មាន​ក្រុមអធិការកិច្ច​ការងារ​ទៅតាម​សហ​គ្រា សហគ្រាស ដើម្បី​ពិនិត្យ​ពី​សារសំខាន់​នៃ​ការចុះ​ធ្វើ​អធិការកិច្ច​នីមួយៗ កំណត់​ឱ្យបាន​នូវ​អធិការ​មួយណា​គួរ​ទុក និង​មួយណា​គួរ​ដកចេញ និង​រៀបចំ​ជា​បញ្ជី​ក្រុមអធិការកិច្ច មុខងារ និង​ពេលវេលា​ចុះ​អធិការកិច្ច​ឱ្យបាន​ច្បាស់លាស់​។

ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ ”ក្នុង​កិច្ចពិភាក្សា​ជាមួយ​អន្តរក្រសួង​នេះ យើង​បាន​ស្នើសុំ​បញ្ជី​អធិការកិច្ច​ការងារ​រ​បស់​ក្រសួង​នីមួយៗ​មក​ពិនិត្យ​រួមគ្នា «​ប្រសិនបើ​កម្មវត្ថុ​អធិការកិច្ច​ណាខ្លះ​ដូចគ្នា យើង​នឹង​សំយោគ​បញ្ចូល​គ្នា ហើយ​កម្មវត្ថុ​ណាខ្លះ​ស្រដៀង​គ្នា និង​វា​មាន​ស្តង់ដា​ផ្សេងគ្នា យើង​អាច​សំយោគ​ស្តង់ដា​នេះ​ឱ្យទៅជា​ស្តង់ដា​រួម​»។

​លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​ស្ដីពី ការច្របាច់បញ្ចូល​ក្រុមអធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​លើកដំបូង​នា​ទីស្ដីការក្រសួង​ការងារ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម