កងកម្លាំង​រុស្ស៊ី​ចូល​កាន់កាប់​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​នៅ​ស៊ី​រី

738
ចែករម្លែក

​រុស្ស៊ី​បានដាក់​ឧទ្ធម្ភាគចក្រ​និង​ទាហាន​នៅ​មូលដ្ឋាន​ទ័ពអាកាស​ដ៏​ធំ​មួយ​នៅ​ស៊ី​រី​ខាងជើង បន្ទាប់​ពី​វា​ត្រូវ​កងកម្លាំង​អាម៉េរិក​ទុកចោល នេះ​បើ​តាម​ទូរទស្សន៍​យោធា​រុស្ស៊ី​បាននិ​​យាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​វិច្ឆិកា​។​

​តម្រួតយោធា​រុស្ស៊ី ត្រូវបាន​គេ​ឃើញ​ធ្វើ​ដំណើរ​ចូល​ក្នុង​មូលដ្ឋាន​ស៊ី​រី​នេះ​នៅក្នុង​ខេត្ត​អាឡេប​ប៉ូជិ​ត​ព្រំដែនតួក​គី និង​បាន​ដាក់ពង្រាយ​កម្លាំង​ដើម្បី​ធានា​សន្តិសុខ​នៅ​តំបន់​នោះ​។​

​ចំណាត់ការ​របស់​រុស្ស៊ី​នេះ​កើតឡើង​ក្រោយ​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ចេញ​បញ្ជា​អោយ​ដក​ទាហាន​អាម៉េរិក​ភ្លាមៗ​ចេញពី​ស៊ី​រី​កាលពី​ខែ​មុខ​។​

​រុស្ស៊ី បញ្ជូន​ឧទ្ធម្ភាគចក្រ​និង​ទាហាន​ចូល​មូលដ្ឋាន​ទ័ពអាកាស​នៅ​ស៊ី​រី​ខាងជើង ក្រោយ​កងកម្លាំង​អាម៉េរិក​ដកចេញ​

​ទីតាំង​នេះ​នឹង​ត្រូវ​ប្រើ​ជា​មជ្ឈមណ្ឌល​បែងចែក​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​មូលដ្ឋាន ហើយ​វាល​យន្តហោះ​យោធា​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​​ជា​សម្ពន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទូរទស្សន៍​យោធា​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​បង្កើត​មូលដ្ឋាន​ឧទ្ធម្ភាគចក្រ​មួយ​នៅ​ទីក្រុង​កា​មី​ស្លី របស់​ស៊ី​រី​ភាគ​ឦសាន ដើម្បី​បង្កើន​ការគ្រប់គ្រង​របស់​រុស្ស៊ី​ចំពោះ​​ហេតុការណ៍​នានា​នៅលើ​ដី​នៅ​ទីនោះ​។​

​រុស្ស៊ី​និង​តួ​ក​គី ក៏​ធ្វើការ​ល្បាត​រួមគ្នា​តាម​បណ្តោយ​ព្រំដែន​ស៊ី​រី ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​២៕​ដោយ​៖​វាសនា​