ចិនប្រាប់ទៅអាមេរិកអោយ«កែកំហុស»អំពីតៃវ៉ាន់

1736
ចែករម្លែក

ចិនបានអំពាវនាវអោយអាមេរិក«កែកំហុសឆ្គងរបស់ខ្លួន»ក្រោយប្រធានាធិបតីដូណាល់ ត្រាំ អនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតអោយមន្រ្តីជាន់ខ្ពស់អាមេរិកធ្វើដំណើរទៅកោះតៃវ៉ាន់ដើម្បីជួបសមភាគីតៃវ៉ាន់។

ច្បាប់ធ្វើដំណើរតៃវ៉ាន់(Taiwan Travel Act)ដែលត្រាំបានចុះហត្ថលេខាកាលពីថ្ងៃសុក្រទី១៦មីនា លើកទឹកចិត្តអោយមានដំណើរទស្សនកិច្ចរវាងមន្រ្តីតៃវ៉ាន់និងអាមេរិកនៅ«គ្រប់កំរិត»។

សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅឆ្នាំ១៩៧៩ដើម្បីគាំទ្រគោលនយោបាយ«ចិនមួយ» តែខ្លួនៅរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយកោះមួយនេះហើយលក់អាវុធនិងធានាការពារសន្តិសុខដល់កោះប្រជាធិបតេយ្យមួយនេះ ជាហេតុនាំអោយអោយចិនខឹងជារហូតមក។

ចិនចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយនិងបានបញ្ជាក់យូរមកហើយថានឹងធ្វើការបង្រួបបង្រួមគ្នាឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លូ កាង បាននិយាយថា ខច្បាប់នេះ«រំលោភធ្ងន់ធ្ងរ»ដល់គោលការណ៍ចិននិងបញ្ជូន«សញ្ញាខុសឆ្គងណាស់ដល់កងកម្លាំងផ្តាច់ខ្លួននិងគាំទ្រឯករាជ្យភាព។ចិនប្រឆាំងជំទាស់ចំពោះច្បាប់នេះ»។

លោកបានបន្តថា«យើងទទូចអោយភាគីអាមេរិកកែតំរូវកំហុសរបស់ខ្លួន បញ្ឈប់ការធ្វើអោយមានទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ ឬធ្វើអោយប្រសើរឡើងទំនាក់ទំនងបច្ចុប្បន្នជាមួយតៃវ៉ាន់តាមវិធីណាមួយក៏ដោយ»៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម