ជន​ញៀន​ថ្នាំ​បង្ក​ហិង្សា​ក្នុង​គ្រួសារ ត្រូវ អ​.​ហ​. ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​

426
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ដោយសារ​សេព​គ្រឿងញៀន ក៏បង្ក​ហិង្សា​ក្នុង​គ្រួសារ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​បែ​ត បង្ក្រាបបាន​ម្នាក់ កាលពី​ទី​១៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ហឹ​ង្សា​ក្នុង​គ្រួសា​ដែល​មូលហេតុ​មកពី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​

​យោង​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ​ឈ្មោះ សឿន សែន ភេទ ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​/​សង្កាត់ កើតហេតុ​ខាងលើ បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សុខ មៀន ភេទ ប្រុស អាយុ ២៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់ខ្លួន តែងតែ​ប្រើប្រាស់​គ្រឿងញៀន និង​រករឿង​ក្នុងផ្ទះ និង​វាយតប់​មកលើ​ខ្លួន​ជា​ម្តាយ​ជាប្រចាំ ដោយ​ទ្រាំ​នឹង​សកម្មភាព​របស់​កូន​មិនបាន​ក៏​ប្តឹង​សមត្ថកិច្ច​តែម្តង​។

​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​កោះហៅ​ជនសង្ស័យ យកមក​សាកសួរ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ក្រុង ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

​ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឃើញ​មាន​ភាពស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​មែន​។ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ កម្លាំង​ជំនាញ​បទល្មើស​ជួញដូរ​មនុស្ស​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម