រដ្ឋមន្ត្រី​មហា​អនុតំបន់​មេគង្គ​ត្រៀម​ឯកសារ​រួចរាល់​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​៧

303
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​អះអាងថា “ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត និងប្រជុំ​បើកទូលាយ ពេញ​មួយថ្ងៃ នា​ថ្ងៃទី ១៨ នេះ រដ្ឋមន្ត្រី នៃបណ្តា​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គទាំងអស់ បាន​ពិនិត្យ និង ពិភាក្សា​លើក​ឯកសារ​ចាស់ និង ថ្មី ជាច្រើន សម្រាប់​លើក​យកទៅដាក់​ជជែក​ដេញដោល និង អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី ៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ឆ្នាំ ២០២១ ដែល​កម្ពុជានឹង​ធ្វើជា​ម្ចាស់ផ្ទះ​“​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​អះអាងថា កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី នៃបណ្តា​ប្រទេស​ជា​សមាជិកមហា​អនុតំបន់​មេគង្គ ទាំងអស់ ដែល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​នៅ​នា​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នេះ បាន​ពិភាក្សា និង​ពិនិត្យឡើងវិញ​លើ​ឯកសារ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​រយៈពេល​វែង​រប​ស់មហា​អនុតំបន់​មេគង្គ​, គោលបំណង និង ខ្លឹមសារ នៃ កម្មវិធី​ស្រាវជ្រាវ​ទូលំទូលាយ​ថ្មី​មួយ ដែលមាន​គោលដៅ​គាំទ្រ​ដល់​ការអនុវត្ត​ន៍យុទ្ធសាស្ត្រ​ថ្មី នៃ មហា​អនុតំបន់​មេគង្គ​, ពិនិត្យ​លើ​វឌ្ឍនភាព​ដែល​សម្រេចបាន​ចាប់តាំងពី​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​មហា​អនុតំបន់​មេគង្គ​លើក​មុន ដែល​ផ្តោត​សំខាន់​លើ ការដឹកជញ្ជូន ថាមពល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និង កិច្ចសម្របសម្រួល​ការ​ដឹកជញ្ជូន បរិស្ថាន និងសុខភាព​។ កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ក្របខ័ណ្ឌ​វិនិយោគ​ក្នុង​មហា​អនុតំបន់​មេគង្គ ឆ្នាំ ២០២២ ដែលមាន ២៥៥ គម្រោង ស្មើនឹង​ទឹកប្រាក់ ៩២ កោដិ ដុល្លារ​អាម៉េរិក ផងដែរ​។​

​មហា​អនុតំបន់​មេគង្គ រួមមាន ៖ កម្ពុជា ឡាវ ថៃ វៀតណាម មី​យ៉ាន់​ម៉ា និង ចិន ហើយ​ដោយមាន​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB និង ការសាងសង់​ដែល​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ និង វប្បធម៌​រួមគ្នា កាលពី​ឆ្នាំ ១៩៩២ ប្រទេស​ទាំង ៦ បានចាប់ផ្តើម​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អនុតំបន់ ដែល​ហៅថា កម្មវិធី​មហា​អនុតំបន់​មេគង្គ គ្រប​ដណ្តប់​លើ​វិស័យ​អាទិភាព​ដូចជា ៖ កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍ​ធនធានមនុស្ស បច្ចេក​វិ​ជ្ចា​ព័ត៌មាន និង ទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន កិច្ចសម្របសម្រួល​ការ​ដឹកជញ្ជូន និង ពាណិជ្ជកម្ម ការអភិវឌ្ឍ​ទីក្រុង និង តំបន់​សេដ្ឋកិច្ច​តាម​ព្រំដែន​។​

​ជា​លទ្ធផល នៃកិច្ចសហប្រតិបត្តិការ របស់​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង ៦ ក៏បាន​នាំមក​នូវ​ផលប្រយោជន៍​រួមគ្នា និង ប្រយោជន៍​រៀងខ្លួន​ជាច្រើន មាន​ជាអាទិ៍ សាងសង់​កែលម្អ​ផ្លូវថ្នល់​បាន​ប្រមាណ​ជា ១១.០០០ គីឡូម៉ែត្រ , ផ្លូវដែក​ជាង ៥០០ គីឡូម៉ែត្រ ខ្សែបណ្តាញ​អគ្គិសនី និងដំឡើងសមត្ថភាព​ផលិត​អគ្គិសនី​បាន ១.៥៧០ គីឡូវ៉ាត់ , ជំនួយ​បច្ចេកទេស ដើម្បី លើកកម្ពស់​ផ្នែក​ទន់ ផ្នែក​រឹង កែលម្អ​វិស័យ​សុខាភិបាល ទប់ស្កាត់​ជំងឺឆ្លង និង ការត្រៀមខ្លួន​សម្រាប់​ទំ​ព័រ​សករាជ នៃ បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤ ជាដើម ដែល​ប្រការនេះ បានសេចក្តីថា កិច្ចសហប្រតិបត្តិការ នៃ ប្រទេស​ទាំង ៦ នឹង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​ថែមទៀត​។​

​នៅក្នុង​សន្និសីទ​ដ៏​មាន​សារសំខាន់​ខាងលើ​នេះដែរ លោក អា​ហ​ម៉េ​ដ សា​អ៊ីង អនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​អះអាងថា ADB នឹង​នៅតែ​បន្ត​ផ្តល់​កិច្ចសហការ​ទាំង​ផ្នែក​បច្ចេកទេស និង ហិរញ្ញប្បទាន ជាមួយ​បណ្តា​ប្រទេស​ទាំង ៦ នៃ​មហា​អនុតំបន់​មេគង្គ តទៅទៀត​៕ ល​/Ha