កោះអណ្តែត​បង្កើត​ពី​កាកសំណល់​ប្លា​ស្ទិ​ក​ទាក់ទាញ​ភ្ញៀវទេសចរ​១០០​នាក់​ក្នុង​មួយ​សប្តាហ៍​នៅ​កូត​ឌី​វ័រ​

565
ចែករម្លែក

​សំរាម​របស់​អ្នក​ជួនកាល​ជា​ទ្រព្យសម្បតិ្ត​របស់​អ្នកដទៃ ប៉ុន្តែ​សម្រាប់​សហគ្រិន​កុំ​ព្យូ​រ​ទ័​របា​រាំង​ឈ្មោះ អេ​រិ​ក បេ​ក​ឃើ សំរាម​គឺជា​កោះ​កំណប់​មួយ​សម្រាប់​គាត់ ដែលមាន​សណ្ឋាគារ​មួយ អាង​ហែល​ទឹក​២ និង​បារ​ខារ៉ាអូខេ​មួយ​។​

​កោះ “L’île Flottante” ឬ “​កោះអណ្តែត​” របស់លោក​បេ​ក​ឃើ​ស្ថិតនៅ​បឹង​ទឹកប្រៃ​ក្នុង​ទីក្រុង​អា​ប៊ី​ចាន​ក្នុងប្រទេស​កូត​ឌី​វ័រ គឺ​សង់​នៅលើ​វេទិកា​មួយ​ផលិត​ពី​ដប​ប្លា​ស្ទិ​ក​និង​កម្ទេចកម្ទី​ប្រមាណ ៧០០.០០០​។​

​កោះ​នេះ​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ជំរុញ​ទេសចរណ៍​បៃតង​និង​ទេសចរណ៍​ចល័ត​កាន់តែច្រើន ដែល​បង្ក​គ្រោះថ្នាក់​ដល់​ឆ្នេរ​និង​សមុទ្រ​តិចជាង​សំណង់​រមណីយដ្ឋាន​បែប​ប្រពៃណី​រឹងមាំ​ជាប់​នឹង​កន្លែង ដោយ​សង្ឃឹមថានឹង​ជំរុញ​គម្រោង​ស្រដៀង​គ្នា​នេះ​នៅ​កន្លែង​ផ្សេងទៀត​។​

​កោះអណ្តែត​នេះ​មានផ្ទះ​បង់​ហ្គា​ឡូ​ពីរ ភោជនីយដ្ឋាន​មួយ អាង​ហែល​ទឹកតូចៗ​ពីរ ដើមឈើ និង រុក្ខជាតិ ព្រមទាំង​ផ្លូវ​ដើរ​ចេញពី​កណ្តាល​នៃ​កោះអណ្តែត ដែលមាន​ទំហំ ១.០០០ ម៉ែត​ការ៉េ​នេះ​។​

​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​គឺ​ត្រូវ​ដឹក​តាម​ទូក​។ កោះ​នេះ​គិតថ្លៃ​ពី​អ្នកទេសចរ​ចំនួន ១៥.០០០ CFA Franc (២៥ ដុល្លារ​) ក្នុង​មួយថ្ងៃ ដែល​រួមបញ្ចូល​ទាំង​អាហារ​និង​ដំណើរ​កម្សាន្ត​តាម​សា​ឡង់ ឬ ៦០.០០០ CFA Franc (១០០ ដុល្លារ​) សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​។​

​បច្ចុប្បន្ន​កោះ​នេះ​ទាក់ទាញ​អតិថិជន​ប្រហែល ១០០ នាក់​ក្នុង​មួយ​សប្តាហ៍​ដោយ​រាប់បញ្ចូល​ទាំង​អ្នកស្រុក​និង​ភ្ញៀវ​អេកូ​ទេសចរ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម