កម្ពុជា​-​ថៃ នឹង​ទទួលរង​នូវ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ឡាវ​ និង​វៀតណាម​

472
ចែករម្លែក

-​គ្រោះរាំងស្ងួត​បន្ត​វាយប្រហារ​លើ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​បណ្តាល​ឲ្យ​ផលិតផល​ដំណាំ​ប្រឈម​នឹង​ហានិភ័យ និង​កង្វះខាត​ទឹក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ ៖ គណៈកម្មការ​ទន្លេមេគង្គ (​ហៅ​កាត់​ថា MRC) បានប្រកាស​ថា បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម​នឹង​ទទួលរង​នូវ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង ចាប់​ពី​​ពេលនេះ រហូតដល់​ខែមករា ឆ្នាំ​២០២០​។ ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា នឹងរង​នូវ​ការវាយប្រហារ​នេះ​ខ្លាំង​ជាង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​។

ការវិភាគ​ទិន្នន័យបឋម​របស់ MRC បាន​បង្ហាញថា គ្រោះរាំងស្ងួត​បណ្តាលមកពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​ក្នុងកំឡុងពេល​រដូវវស្សា ដោយសារ​ការធ្លាក់​ភ្លៀង​មូសុង​យឺត និង​ការឈប់​ធ្លាក់ភ្លៀង​មូសុង​នេះ​មុនពេល​កំណត់ ព្រមទាំង​បាតុភាព​អែល នី​ណូ (El Nino) ដែល​បង្ក​ឲ្យ​មាន​កំដៅ និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី​។​

​ជាធម្មតា ភ្លៀង​មូសុង​តែងតែ​ចាប់ផ្តើម​ធ្លាក់​នៅ​ចុងខែ​ឧសភា និង​បញ្ចប់​នៅក្នុង​ខែតុលា​។ ប៉ុន្តែ​ក្នុងឆ្នាំនេះ វា​ចាប់ផ្ដើម​ធ្លាក់​យឺត ជិត​ពី​រស​ប្តា​ហ៏ និង​ឈប់​ធ្លាក់​ប្រហែល​បី​ស​ប្តា​ហ៏​មុនពេល​កំណត់​។​

ប្រធាន​មជ្ឈមណ្ឌល​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ប្រចាំ​តំបន់​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​​ទន្លេមេគង្គ​​លោក​បណ្ឌិត ​ឡាំ ហុង​សឺ​ន​ ដែល​ដឹកនាំ​ការវិភាគ​នេះ មានប្រសាសន៍​ថា​៖ “​អាកាសធាតុ​ស្ងួត​រយ​:​ពេល​យូរ​នៅ​ឆ្នាំនេះ អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ដំណាំ និង​ផលិតផល​កសិកម្ម​។ បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​អាច​នឹង​កើតមាន ប្រសិនបើ​គ្រោះរាំងស្ងួត​នៅតែ​បន្ត​។​”

ផ្អែកលើ​ទិន្នន័យ​រយ​:​ពេល​បី​ខែ ការវិភាគ​នេះ​បាន​ផ្តោតលើ​ប្រូ​បាប និង​កម្រិត​នៃ​ភាពរាំងស្ងួត រួមទាំង​ទឹក​ភ្លេង​ដោយ​ធៀប​ទៅនឹង​ទិន្នន័យ​ឆ្នាំ​ចាស់​ហៅថា​ស​ន្ទ​ស្សន៍​ស្តង់ដារ​ទឹកភ្លៀង (SPI) និង​កម្រិត​ស្ងួត​នៃ​ស្រទាប់​ខាងលើ​ដី ហៅ​ថាស​ន្ទ​ស្សន៍​គ្រោះរាំងស្ងួត​រួមគ្នា (CDI) នៅតាម​បណ្តាល​ប្រទេស​ជា​សមាជិក​របស់​MRC ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។​

​ការវិភាគ​បានបង្ហាញ​ថា​ដង​ទន្លេមេគង្គ​ក្រោម​នឹង​ប្រឈម​គ្រោះរាំងស្ងួត ទាំង​គ្រោះរាំងស្ងួត​កំណត់ដោយ​ឧតុនិយម – ស្ថានភាព​មួយ​ដែល​បាន​កើតឡើង​នៅពេល​លំនាំ​អាកាសធាតុ​ស្ងួត​បាន​គ្របដណ្តប់​លើ​តំបន់​មួយចំនួន ក្នុង​រយ​:​ពេល​មួយ – និង​គ្រោះរាំងស្ងួត​ដែល​ប៉ះពាល់​វិស័យ​កសិកម្ម – ស្ថានភាព​នេះ​កើតឡើង​នៅពេល​ផលដំណាំ​អាច​នឹងរង​ផលប៉ះពាល់​។​

​ក្នុង​កំឡុង​សប្តាហ៍​ទី​៣ និង​ទី​៤ ខែវិច្ឆិកា គេ​ព្យាករណ៍​ថា​តំបន់​មួយ​ភាគ​ធំ​នៃ​ដង​ទន្លេមេគង្គ​ក្រោម​នឹងរង​ផលប៉ះពាល់​ពី​ស្ថានភាព​នេះ​។ គ្រោះរាំងស្ងួត​នឹងមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ចាប់ពី​ខែធ្នូ រហូតដល់​ខែមករា ឆ្នាំ​២០២០ ដោយ​នៅតាម​តំបន់​ជាច្រើន​នៃ​ដង​ទន្លេ​មាន​ភ្លៀង​ធ្លាក់​តិចតួច ឬ​គ្មាន​ភ្លៀង​។ តំបន់​ភាគ​ខាងជើង និង​តំបន់​ឥសាន​នៃ​ប្រទេស​ថៃ រួមមាន​ខេត្ត​ឈៀង​ម៉ៃ ឡឺ​យ ណុង​បូ​ឡាំ​ភូ ឧ​ដន​ថា​នី ខន​កែន ឆា​យ៉ា​ភូមិ សា​កន​ណា​ខន ណា​ខន​រ៉ាត់​ឆា​សី​ម៉ា បុរី​រាំ មា​ហា​សារ​ខាំ សុ​រិ​ន និង ស៊ីសាកេត ក៏ដូចជា​តំបន់​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា រួមមាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តសៀមរៀប នឹងរង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នេះ​ខ្លាំង​បំផុត​។​

​តំបន់​ភាគ​កណ្តាល និង​ខាងជើង​នៃ​ប្រទេស​ឡាវ រួមមាន​ខេត្ត​វៀង​ចន្ទ សាយ​សូម​បុណ្យ សា​យ៉ា​បូរី និង​ខេត្ត​លួង​ប្រា​បាង ក៏​នឹងរង​ផលប៉ះពាល់​នេះ​ផងដែរ ប៉ុន្តែ​តិចតួច​ជាង​។ ទោះបី​មិនមាន​សញ្ញា​បង្ហាញ​ពី​គ្រោះរាំងស្ងួត​នៅ​ដែនដី​សណ្តរ​មេគង្គ​នៃ​ប្រទេស​វៀតណាម លំហូរ​នៃ​ទឹក​ប្រែ​អាច​នឹង​ក្លាយជា​បញ្ហា បង្ក​ជា​ហានិភ័យ​ខ្លះៗ​ដល់​ដំណាំ​កសិកម្ម​។​

ជាការ​ពិតណាស់​ដែល​គ្រោះរាំងស្ងួត​ឆ្នាំ​២០១៩​នេះ បាន​បណ្តាល​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​រយៈពេល​៦០​ឆ្នាំ​ចុងក្រោយ​។ តំបន់​ភាគច្រើន​នៃ​ដង​ទន្លេ​បាន​ជួបប្រទះ​នូវ​លំហូរ​ទឹក​ទាប​គួរ​ឲ្យ​កត់សម្គាល់ ចាប់ពី​ខែមិថុនា​មក​។​
​ទោះជា​យ៉ាងណាក៏ដោយ គេ​រំពឹងទុក​ថា​ស្ថានភាព​រាំងស្ងួត​នឹងមាន​ភាពប្រសើរ​ជាង​មុន បន្តិច​ម្តងៗ ចាប់ពី​សប្តាហ៍​ទី​២ ខែមករា ដោយសារតែ​អាកាសធាតុ​នឹង​ប្រែ​មក​មាន​សំណើម​បន្តិច​វិញ ។​

នៅ​សប្តាហ៍​ក្រោយ ក្រុមប្រឹក្សា MRC ដែលជា​ស្ថាប័ន​ថ្នាក់​រដ្ឋមន្ត្រី​ខ្ពស់បំផុត នឹង​ជួបពិភាក្សា​លើ​បញ្ហា​គ្រោះរាំងស្ងួត​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​។

គេ​រំពឹងទុក​ថា​ក្រុមប្រឹក្សា​នេះ​នឹង​អនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះរាំងស្ងួត ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត ដោយ​ផ្តោតលើ​វិធានការ​ចាំបាច់​សម្រាប់​ការកាត់បន្ថយ​គ្រោះ​ហានិភ័យ និង​ដើម្បី​ផ្លាស់ប្តូរ​ក៏ដូចជា​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​គ្រោះរាំងស្ងួត​។​
​ក្នុង​កំឡុង​សប្តាហ៍​ខាងមុខនេះ គណៈកម្មការ​ទន្លេមេគង្គ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក​ឡាន​ឆាង នឹង​ចាប់ផ្តើម​រៀបចំ​ដើម្បី​ធ្វើការ​សិក្សា​រួមគ្នា​មួយ​ស្តីពី​ស្ថានភាព​គ្រោះរាំងស្ងួត​នេះ តាម​ដែល​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​។

ការសិក្សា​នេះ​មាន​គោលបំណង​ផ្តល់នូវ​អនុសាសន៍​លើ​សកម្មភាព​នានា​ដែល​ជំរុញ​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​ទិន្នន័យ និង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរឡើង រួមទាំង​ប្រតិបត្តិការ​ប្រកបដោយ​ភាព​សម្របសម្រួល​តាម​អាង​ស្តុក​នានា​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម