ប្រធាន​ធនាគារពិភពលោក​ប្រាប់​ចិន​ឱ្យធ្វើ​កំណែទម្រង់​

493
ចែករម្លែក

​ប្រធាន​ធនាគារពិភពលោក លោក ដេវីត ម៉ា​ល់​ផាស (David Malpass) កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២១ វិច្ឆិកា​) បាន​ជំរុញ​ឱ្យ​ចិន​បើកទូលាយ​សេដ្ឋកិច្ច​របស់ខ្លួន​បន្ថែ​ម​ទៀត​និង​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ ដោយនិយាយ​បន្ទរ​តាម​ការទាមទារ​សំខាន់ៗ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​អូសបន្លាយ​ពេល​។​

​លោក​ម៉ា​ល់​ផាស​បានធ្វើការ​កត់សម្គាល់​បែបនេះ​បន្ទាប់ពី​កិច្ចប្រជុំតុមូល​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក លី កេ​ឈាំ​ង និង​ប្រធាន​ស្ថាប័ន​ពិភពលោក​ផ្សេងទៀត​រួមទាំង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​លោក​បាន​និយាយថា “​ខ្ញុំ​លើកទឹកចិត្ត​ឱ្យមាន​កំណែទម្រង់​ថ្មី​និង​សេរីភាវូបនីយកម្ម​”​។​

​ប៉េកាំង​កំពុង​តស៊ូ​ជំរុញ​សេដ្ឋកិច្ច ដែល​បាន​ពង្រីក​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍ នៅក្នុង​ត្រីមាស​ទី ៣ ចំ​ពេលដែល​តម្រូវការ​សកល​សម្រាប់​ការនាំចេញ​របស់ខ្លួន​ធ្លាក់ចុះ និង វិបត្តិ​បំណុល​កំពុង​កើនឡើង​នៅក្នុង​ស្រុក​។​

​លោក​ម៉ា​ល់​ផាស​បាន​និយាយថា​ទីក្រុង​ប៉េកាំង​ត្រូវតែ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​។​

​លោក​បាន​និយាយថា “​ចិន​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​នីតិរដ្ឋ អនុញ្ញាតឱ្យ​ទីផ្សារ​ដើរតួនាទី​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​បែងចែក​ធនធាន​រួមទាំង​បំណុល​និង​ការវិនិយោគ កាត់បន្ថយ​ការឧបត្ថម្ភ​ធន​សម្រាប់​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​…​និង​លុបបំបាត់​ឧបសគ្គ​នានា​សម្រាប់​ការប្រកួតប្រជែង​”​។​

​លោក​ម៉ា​ល់​ផាស​និយាយថា “​វា​ពិបាក​ក្នុងការ​សម្រេចបាន ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការកាត់បន្ថយ​វិសមភាព​និង​ការកសាង​កម្រិតជីវភាព​ខ្ពស់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ធនាគារពិភពលោក​លោក ដេវីត ម៉ា​ល់​ផាស (​ឆ្វេង​) និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លី កេ​ឈាំ​ង នៅមុន​សន្និសីទកាសែត​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍