បង្កើត​យុទ្ធនាការ​«​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប​»​ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ

367
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​ឈានដល់​ខួប​ទី​៣០​ឆ្នាំ​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះហើយ​ដើម្បី​ប្រារព្ធ​ពិធី​ដ៏​មាន​សារ​:​សំខាន់​នេះ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​បានមក​ជួបជុំគ្នា​នៅក្នុង​ប្រព្រឹត្តិការណ៍​មួយ​ដ៏​ធំ​នៅ​TheFactoryPhnomPenh​ក្នុង​រាជធានី​ភ្នំពេញ ។​

ការ​ប្រារព្ធ​ពិធី​នេះ​គឺជា​ការចាប់ផ្តើម​នៃ​យុទ្ធនា​ការផ្តល់​សិទ្ធិ​កុមារ​ថ្នាក់ជាតិ​រយៈពេល​បី​ខែ​ដែល​រៀបចំ​រួមគ្នា​ដោយ​សហភាព​អឺរ៉ុប​,​យូ​នី​សេ​ហ្វ​,​អង្គការ​SavetheChildren,​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​និង​អង្គការ​ChildRightsNow​។​យុទ្ធនាការ​នេះ​មានបំណង​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​និង​ជំរុញ​ឱ្យ​អនុវត្ត​សកម្មភាព​ជាក់ស្តែង​សម្រាប់​កុមារ​កម្ពុជា​។​

​សូមជម្រាបថា​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​គឺជា​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​ក្នុងការ​លើកស្ទួយ​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក​។​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​គឺជា​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ដែល ទទួលបាន​សច្ចាប័ន​ច្រើនជាងគេ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ អនុសញ្ញា​នេះ​មាន​គោលបំណង​ធានាថា កុមារ​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព ការអប់រំ​លេង​កម្សាន្ត​ការការពារ​ការចូលរួម​ផ្នែក​សង្គម​និង​នយោបាយ​។​អនុសញ្ញា​នេះ​កំណត់​និយមន័យ​ថា​មនុស្ស​គ្រប់រូប​ក្រោម​អាយុ​១៨​ឆ្នាំ​ជា​ម្ចាស់​នៃ​សិទ្ធិមនុស្ស​ហើយ​ត្រូវ​ទទួលបាន​កិច្ចការពារ និង​ការផ្តល់អំណាច​ដើម្បីឱ្យ​សិទ្ធិ​ទាំងនេះ​ក្លាយជា​ការពិត​សម្រាប់​កុមារ​គ្រប់រូប​។​

​ប្រទេស​កម្ពុជា បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩២​។ ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​កម្ពុជា​បានសម្រេច​នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុងការ​ធ្វើ​ឲ្យ​ជីវិត​កុមារ​ប្រសើរ​ទ្បើង​។ កុមារា និង​កុមារី​ជាង ៩៧​ភាគរយ បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់បឋមសិក្សា ដែលជា​អត្រា​មិន​ធ្លាប់មាន​ពីមុនមក​។​

អត្រា​ស្លាប់​របស់​ទារក​និង​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​បាន​ធ្លាក់ចុះ​ជាង​៧០​ភាគរយ​ហើយ​លទ្ធភាព​ទទួលបាន​ប្រភពទឹក​ស្អាត​បាន​កើនឡើង​បី​ដង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។​
​ប៉ុន្តែ​មិនមែន​កុមារ​គ្រប់រូប​សុទ្ធតែ​ទទួលបាន​កុមារភាព​ល្អប្រសើរ​នោះទេ​។​នៅមាន​កុមារ​ច្រើនណាស់​ដែល​នៅតែ​ខ្វះខាត​។​នៅក្នុង​ប្រទេស​កម្ពុជា​អត្រា​ខ្វះ​អាហារូបត្ថម្ភ​ស្ថិតនៅក្នុង​ចំណោម​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​។​

កុមារ​មិន​ទទួលបាន​ស្តង់ដារ​គុណភាព​សិក្សា​ត្រឹមត្រូវ​តាម​វ័យ​របស់ខ្លួន​។​បញ្ហា​ទាក់ទង​នឹង​កិច្ចការពារ​កុមារ​នៅ​កើតមាន​ច្រើន​នៅ​ទ្បើ​យ ដោយមាន​កុមារ​ម្នាក់​ក្នុងចំណោម​បួន​នាក់ ធ្លាប់​រងគ្រោះ​ពី​អំពើហិង្សា​ក្នុង​មួយ​ទម្រង់​។​ដូច្នេះ​ខួប​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​គឺជា​ឱកាស​មួយ​ដ៏​ពិសេស​ដើម្បី​ជំរុញឱ្យមាន​ការផ្តល់​អាទិភាព​ដល់​សិទ្ធិ​កុមារ​នៅក្នុង​ផែនការ​ជាតិ​និង​ផែនការ​អភិឌ្ឍន៍​។​

​លោក​ហ្វ្រ​ង់​វី​យូ​អគ្គទីប្រឹក្សា​និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ឆ្នាំ​២០១៩​នេះ​គឺជា​ខួប​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ដែលជា​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ទទួលបាន​ស​ច្ចា​ប័ន​ច្រើនជាងគេ​បំផុត​។​ពិធី​គម្រប់​ខួប​នេះ​គឺជា​ឱកាស​ដ៏​ពិសេស​ដើម្បី​និយាយ​អំពី​សិទ្ធិ​កុមារ​ជា​ឯកច្ឆន្ទ​ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ថា​សិទ្ធិ​កុមារ​ជា​សិទ្ធិ​មិនអាច​មើលរំលង​ឡើយ​។

​សហភាព​អឺរ៉ុប​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អបអរសាទរ​អំពី​វឌ្ឍនភាព​ដ៏​ធំធេង​ដែល​សម្រេចបាន​លើ​សិទ្ធិ​កុមារ​ហើយក៏​សូមបញ្ជាក់​ឡើងវិញ​អំពី​ការ​បេ្ត​ជ្ញា​ចិត្ត​រួមគ្នា​ដើម្បីឱ្យ​កុមារ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​ពេញ​សក្តានុពល​របស់ខ្លួន​ដែលជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ ប្រកប ដោយ​ចីរភាព​និង​បរិ​យាប​ន្ន​”​។​

​លោកស្រី គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​យូ​នី​សេ​ហ្វ​មាន​មោទនភាព​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​វឌ្ឍនភាព​ឆ្ពោះទៅរក​ការបំពេញ​សិទ្ធិ​កុមារ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​។​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​និង​គោលដៅ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព​ត្រូវ​ដើរ​ទន្ទឹមគ្នា​។​

​សិទ្ធិ​កុមារ​មិនអាច​សម្រេច​បានឡើយ​ប្រសិនបើ​គ្មាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ហើយ​ដូចគ្នានេះដែរ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក៏​មិនអាច​សម្រេច​បានដែរ​ប្រសិនបើ​សិទ្ធិ​កុមារ​មិនអាច​សម្រេចបាន​នោះ​។​ហេតុនេះ​អនុសញ្ញា​នេះ​កាន់​តែមាន​សារៈសំខាន់​នាពេល​បច្ចុប្បន្ន​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ដែល​តែងតែ​មិន​ទទួលបាន​ការគាំទ្រ កុមារ​ត្រូវគេ​ផាត់​ចោល ឬ​មិន​យកចិត្តទុកដាក់​”​។​

​លោកស្រី អេ​លីហ្សា​ប៊ែ​ត ភៀស នាយិកា​ប្រចាំ​ប្រទេស​អង្គការ Save the Children បាន​លើកឡើងថា​៖“​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​គឺជា​ឱកាស​ដែល​យើង​អាច​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​សម្រេចបាន​ក្នុង​កិច្ចការពារ​សិទ្ធិ​កុមារ​ក្នុងប្រទេស​កម្ពុជា​និង​បង្កើត​អនាគត​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​រយៈពេល ៣០​ឆ្នាំ កន្លងទៅនេះ​”​។

លោកស្រី​បាន​បន្ថែមទៀតថា​៖“​នៅក្នុង​ពិធី​ខួប​ទី​៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្តីពី សិទ្ធិ​កុមារ​អង្គការ Save the Children សូមបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​យើង​ក្នុង​ការលើក ស្ទួយ​សិទ្ធិ កុមារ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រកបដោយ​ចីរភាព និង​ជួយ​ដល់​ការ អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​របស់​កុមារ​។ យើង​សូម​អបអរសាទរ​ដល់​កិច្ចសហការ​យ៉ាងរឹងមាំ​ពី​គ្រប់ ក្រសួង​របស់​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ ជួយ​ឱ្យ កុមារ​ទទួលបាន​នូវ​សិទ្ធិ​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក​ពុត​សា​មិត្ត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​៖​យុទ្ធនា​ការផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប​និង​ការអបអរ​ខួប​៣០​ឆ្នាំ​នៃ​សិទ្ធិ​កុមារ​នេះ​បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ជួយ​គាំទ្រ​និង​ជំរុញ​ទឹកចិត្ត​ទាំង​ស្មារតី​និង​ធនធាន​ចំពោះ​អនាគត​របស់​កុមារ​។​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ជាច្រើន​ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ​កុមារ​។​

​សូមជម្រាបថា​៖​ព្រឹត្តិការណ៍​#​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប​មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​សម្រាប់​កុមារ​និង​ក្រុមគ្រួសារ​រ​របស់​ពួកគេ​។​កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ម៉ោង​៦​ល្ងាច​។​អ្នកចូលរួម​អាច​ទស្សនា​ការប្រគុំ​តន្ត្រី​ផ្ទាល់ និង​ការសម្តែង​នានា​ដោយ DJ ណា​ណា MC សុខ សេរី អង្គការ TinyToones​អង្គ​ហ្វារ​ពន្លឺ​សិល្បៈ​និង​អង្គការ​ដៃ​ផ្សេងទៀត​។​នៅពេល​មកដល់​កម្មវិធី​នេះ កុមារ​នឹង​ទទួលបាន​សម្ភារ​កំសាន្ត​មួយចំនួន ដូចជា​ខ្លែង​ក្រដាស ដែល​តំណាងឱ្យ​សេចក្តីសង្ឃឹម អាច​លេង​កម្សាន្ត និង​បង្ហាញ​ពី​សមិទ្ធផល​។

​ក្នុង​កម្មវិធី​នេះ​កុមារ​អាច​កែច្នៃ​ខ្លែង​របស់ខ្លួន​ទៅតាម​ទំរង់​សិល្បៈ​និង​សិប្បកម្ម​របស់ខ្លួន​។​ក្នុងចំណោម​កិច្ចការ​ហត្ថកម្ម​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន កុមារ​ក៏​អាច​លេងល្បែង​កម្សាន្ត និង​ចូលរួម​សកម្មភាព នានា​ពេញ​មួយថ្ងៃ​ផងដែរ ដូច​ជាការ​គូររូប ផ្លុំ​ប៉ើ​ត​ប៉ោង​ជា​រូប​ផ្សេងៗ ល្បែង​ល្បងប្រាជ្ញា​ផ្សេងៗ តុក្កតា សិល្បៈ សិប្បកម្ម ការ​បង្ហោះ​ខ្លែង ការប្រកួត​រាំ ជំនាញ​លេង​សៀក​កម្សាន្ត​ជាមួយនឹង​ក្រុម​សៀក​ហ្វារ និង​ការប្រលង​រាំ​ជាមួយនឹង​អង្គការ​TinyToones​។​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៦​ល្ងាច​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចាំង​ភ្លើងពណ៌​ខៀវ​នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ​ដើម្បី​ជា​និមិត្តសញ្ញា​នៃ​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ទិវា​កុមារ​ពិភពលោក​៕S/

​ចំណងជើង​រូ​បថ​តៈ​បង្កើត​យុទ្ធនាការ​«​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប​»​ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​(​រូបៈ​សុផល​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ